កន្លែង​ផ្ទុក​ទិន្នន័យ​ផ្ទាល់ខ្លួនរបស់កម្ពុជា បើកការសាងសង់ហើយ ដែល​ជួយ​រក្សា​អធិបតេយ្យភាព សន្សំសំចៃ និង​សុវត្ថិភាព

  • 2023-07-19 06:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​បញ្ចុះបឋមសិលា​បើកការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២៣។ មជ្ឈមណ្ឌលនេះ តម្លៃជិត៣០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៥។

ថ្លែងក្នុង​ពិធី​នេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើង​ថា ការកសាង​មជ្ឈមណ្ឌល​ទិន្នន័យជាតិ​នេះ គឺជាដំណាក់កាល​ដ៏សំខាន់មួយ​សម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។

មជ្ឈមណ្ឌល​ទិន្នន័យនេះ នឹងក្លាយជា​កន្លែងប្រមូលផ្តុំ និងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យ​ក្រុមហ៊ុន​មកពីវិស័យ​សំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ នៅពីក្រោយអគារទីស្តីការ ក.ប.ទ. បច្ចុប្បន្ន ដែលមានអាសយដ្ឋាន អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

អត្ថបទថ្មី