ភ្ញៀវទេសចរ​ខ្មែរ ស្ថិតក្នុង Top10 ដែល​ទៅលេង​វៀតណាម​ច្រើនជាងគេ

  • 2023-07-20 03:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វៀតណាម បាន​មើល​ឃើញពី​សក្តានុពល​របស់​ភ្ញៀវទេសចរ​កម្ពុជា ដែល​មានការចាយវាយខ្ពស់​ ដែល​វេបសាយ​ VNExpress ហៅ​ថា​ជាអ្នកមាន ហើយក្នុងនោះ​ភ្ញៀវ​កម្ពុជា គឺ​ស្ថិតក្នុង Top10 ដែល​ទៅលេង​ក្នុងប្រទេស​នេះ​ច្រើនជាងគេ។

យោងតាមទិន្នន័យទេសចរណ៍វៀតណាមបានបង្ហាញថា គិត​ពីខែមករា ដល់មិថុនា ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​កម្ពុជា ស្ថិតនៅលេខរៀងទី៨ ដែល​ទៅលេង​វៀតណាមច្រើនជាងគេ ជាមួយចំនួន ១៩ម៉ឺន ៨ពាន់នាក់។ ចំនួននេះ​ គឺកើនឡើង​យ៉ាងខ្ពស់​ឆាប់រហ័ស​ដល់ ៣៣៨% ឯណោះ។

លោកស្រី Phan Huynh Phuong Hoang អនុប្រធាន​ក្រុមហ៊ុន Vietravel ដែល​ជាប្រតិបត្តិករទេសចរណ៍​នាំមុខគេមួយ​ បាន​និយាយថា ភ្ញៀវកម្ពុជា​ដែល​ទៅវៀតណាម​ កាលពីពេលមុន​គឺ​ក្នុង​គោលបំណង​​ស្វែងរកសេវាព្យាបាល​សុខភាព​តែប៉ុណ្ណោះ។ ប៉ុន្តែក្រោយ​ពីវិបត្តិកូវីដ១៩ ឃើញថា ភ្ញៀវទេសចរកម្ពុជា​ ដែលមានទ្រព្យធន​ បាន​សម្រុក​ចូល​លេងតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បី​សម្រាកលំហែ​នៅ​តាម​រីសត​នាចុងសប្តាហ៍។

បើតាម​លោកស្រីបានឱ្យដឹងថា ភ្ញៀវកម្ពុជាម្នាក់​ បានចាយលុយប្រហែល ៨០០ ទៅ ៩០០ដុល្លារ ក្នុងពេល​ទៅលេង​នៅក្រុងហាណូយ និង ហាឡុង ពោលគឺ​ប្រហាក់​ប្រហែល​នឹង​ការចំណាយ​នៅកូរ៉េខាងត្បូងដែរ។

វេបសាយ​វៀតណាម​ដដែល​នេះ បាន​ចុះផ្សាយ​ថា វៀតណាម​មាន​សក្តានុពល​ធំ​ដើម្បី​ជំរុញ​ប្រាក់ចំណូល​ទេសចរណ៍ ពីក្រុមទេសចរ​កម្ពុជា​ដែលមានការចំណាយខ្ពស់។ តែយ៉ាងណាក៏ដោយ កង្វះខាត​ផលិតផលទេសចរណ៍ និង​សេវា​ហោះហើរ​ផ្ទាល់ ដោយ​ភ្ជាប់​ក្រុងសំខាន់ៗរវាង​វៀតណាម និង​កម្ពុជា គឺ​ជាឧបសគ្គ​មួយ​នៃកំណើន​ទេសចរនេះ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សំភី