ឆឹម សក្កដា និងពេជ្រ សោភា កំពុងប្រទាំងប្រទើសគ្នាខ្លាំង ស្រាប់តែមានអ្នកទៅសង្កត់ខាងប្រុសឲ្យខំអត់!
- 2023-07-31 03:33:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆឹម សក្កដា និងពេជ្រ សោភា កំពុងប្រទាំងប្រទើសគ្នាខ្លាំង ស្រាប់តែមានអ្នកទៅសង្កត់ខាងប្រុសឲ្យខំអត់!
ចន្លោះមិនឃើញ
ទំនាក់ទំនងម្ដងផ្អែមល្ហែម ម្ដងក្រោធគ្រាតរវាងតារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា អស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យមិត្ដសិល្បៈ និងអ្នកគាំទ្រមួយចំនួនតាមលែងទាន់ជុំវិញទំនាក់ទំនងស្នេហារបស់តារាវ័យជ្រេមួយគូនេះ។
នៅប៉ុន្មានថ្ងៃមុន គេឃើញ ពេជ្រ សោភា ផ្ដិតមេដៃជាមួយ ឆឹម សក្កដា ដោយនាងបង្ហើបថា នេះជាការផ្ដិតមេដៃនៅចំពោះមុខមេធាវី ដើម្បីផ្ដាច់ទំនាក់ទំនងគ្នាតាមផ្លូវច្បាប់ ប៉ុន្ដែនៅរក្សាការរាប់អានគ្នាដូចតម្មតាក្នុងនាមជាមិត្ដភក្ដិ។
ប៉ុន្ដែសកម្មភាព និងពាក្យសម្ដីរបស់លោក ឆឹម សក្កដា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយអ្នកខ្លះពោលថា វិលមុខតាមមិនទាន់ទេ ខណៈដែល ពេជ្រ សោភា បញ្ជាក់ទៅកាន់អ្នកគាំទ្រម្នាក់ថាតាមបណ្ដាញសង្គមថា៖ "រវាងនាង និងលោក សក្កដា មិនអាចរៀបការនឹងគ្នាទេ ព្រោះឥឡូវនេះបានក្លាយជាមិត្ដភក្ដិទៅហើយ"។
សម្រាប់លោក ឆឹម សក្កដា ដែលខំយកចិត្ដ និងតាមស្រឡាញ់តារាចម្រៀង ពេជ្រ សោភា យូរមកហើយនោះ បានបញ្ជាក់ចិត្ដស្មោះរបស់ខ្លួនតាមរយៈរូបថតស្និទ្ធស្នាលនៅក្នុងហាងពេជ្រ ទ្រីដាណា កាលពីថ្ងៃម្សិលមិញថា៖ "មើលខ្សែក គេផង មកថាគេជាអ្នកដទៃ...មិត្ដភក្ដិបង្កើតស្មោះ"។ បន្ទាប់ពីទិញ ខ្សែក ពាក់ជូន ពេជ្រ សោភា ភ្លាម លោកក៏បានបង្ហោះរូបថតដើរលេងជាមួយគ្នាជាច្រើនសន្លឹកទៀត អមដោយសារខ្លីមួយថា "ដើរលេងតិច ប្រឹងរកលុយច្រើន"។
មាត់និយាយថា លែងមានទំនាក់ទំនងគ្នាក្នុងនាមជាគូជីវិត ហើយសុខចិត្ដជំនួសមកវិញជាការរាប់អានបែបមិត្ដភក្ដិ ព្រោះតែពុំមានវេលាសម្រាប់ផ្ដល់សេចក្ដីសុខ ឬការចងចាំឲ្យគ្នានៅពេលនេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនជឿទាល់តែសោះ ព្រោះកន្លងទៅអ្នកទាំងពីរធ្លាប់ប្រកាសចែកផ្លូវគ្នា ប៉ុន្ដែដល់ចុងក្រោយក៏ជួបគ្នាវិញ ហើយឈានដល់ការបំពាក់ចិញ្ចៀនភ្ជាប់ពាក្យទៀតផង គ្រាន់តែមិនទាន់កំណត់ថ្ងៃចូលរោងការប៉ុណ្ណោះ។
សម្រាប់រឿងរ៉ាវស្នេហាមួយគូនេះ គេឃើញភាគីខាងស្រីជាអ្នកបញ្ចេញអារម្មណ៍កើតទុក្ខច្រើនជាងខាងប្រុស រហូតដល់ពេលខ្លះ ពេជ្រ សោភា ថា នាងមិនមែនជាសិលា ឬថ្មទេ បើមិនអាចទៅមុខរួច គួរបែកគ្នាទៅ កុំចងគ្នាទាំងដែលយើងពុំមានពេលវេលាចងចាំឲ្យគ្នាបែប។ ការនិយាយបែបនេះ គឺពុំមានពាក្យតបតអ្វីពីលោក ឆឹម សក្កដា នោះឡើយ។
ទោះជាយ៉ាងណាសកម្មភាព និងពាក្យសម្ដីម្ដងផ្អែម ម្ដងគ្រោធគ្រាតដាក់គ្នាទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រ បង្ហាញក្ដីបារម្ភថា នៅថ្ងៃណាមួយអាចនឹងបែកបាក់គ្នាមែនទែន រហូតលែងទុកមុខរាប់គ្នាទៀតផង។ ទន្ទឹមគ្នានេះ ក៏មានអ្នកគាំទ្រម្នាក់បានព្យាយាមសង្កត់ភាគីខាងប្រុស ដោយប្រាប់ថា៖ "ពូដាហាមធ្វើឲ្យចែភាខឹងទៀត ដឹងអត់ហ្វេនៗភ័យ"៕