បុគ្គល​លេចធ្លោរ ៣​រូប ក្នុង​រង្វង់​សិល្បៈ​និយាយ​ពី​ករណី គប់​ទឹកកក​លើ G-devith

  • 2023-08-02 09:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​គប់​ទឹកកក​លើ​តារា​ចម្រៀង​រ៉េប ជី ដេវីត កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០២៣ មិន​ទាន់​បាត់​ការ​ជជែក​គ្នា​នៅ​ឡើយ​ទេ ជាពិសេស​សម្រាប់​សិល្បករ-សិល្បការនី​មួយ​ចំនួន​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ករណី​ដែល​បាន​កើត​ឡើង​នេះ។

បុគ្គល​ឈ្មោះ ឃី ឆៃឡេង ដែល​ត្រូវ​បាន​ស្រាវជ្រាវ និង​បង្ហាញ​ច្បាស់ៗ​ពី​កាមេរ៉ា​សុវត្ថិភាព​នូវ​ទង្វើ​អសីល​ធម៌​របស់​ខ្លួន​ទៅ​លើ​តារា​ចម្រៀង ជី ដេវីត បាន​សារភាព និង​ទទួល​កំហុស​របស់​ខ្លួន​ត្រឹម​ពាក្យ​សុំ​ទោស។ បើ​ទោះ​បី​ជា​លោក ជី ដេវីត មិន​ចង់​ប្រកាន់ទោស​អូសដំណើរ​បុគ្គល​នេះ​ក្ដី ប៉ុន្ដែ​សម្រាប់​អ្នក​គាំទ្រ​នៅ​តែ​ជំរុញ​ឲ្យIdol របស់​ខ្លួន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ជនល្មើស​រូប​នេះ។

ដោយ​មិន​និយាយ​ផ្លូវ​ច្បាប់ មាន​សិល្បករ-សិល្បការិនី​មួយ​ចំនួន​វិញ​ក៏​នាំ​គ្នា​និយាយ​ពី​ហានិភ័យ និង​តម្លៃ​សិល្បៈ​ខ្មែរ​កាន់​តែ​មិន​សូវ​ឲ្យ​តម្លៃ​ពី​មហាជន ដោយ​កើត​ចេញ​ពី​ទង្វើ ឬ​ការ​រិះគន់​ដោយ​គ្មាន​ហេតុផល​ពី​បុគ្គល​មួយ​ចំនួន។ ជាក់ស្ដែង​បុគ្គល​មាន​ឥទ្ធិពល ៣​នាក់ នៅ​ក្នុង​រង្វង់​សិល្បៈ​បាន​ចេញ​មុខ​និយាយ​រឿង​នេះ​ច្បាស់ៗ។

១/ ប្រធាន​សមាគម​សិល្បៈ​ស្ម័គចិត្ដ​ជួយ​សង្គម​លោក ហេង ឡុង បាន​ស្នើ​ឲ្យ​ម្ចាស់​ផាប់​នៅ​ខេត្ដ​ព្រះសីហនុ​ដែល​ជា​ទីកន្លែង​កើតហេតុ​ជួយ​សហការ និង​ផ្ដល់​វីដេអូ​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព ដើម្បី​វែក​រក​មុខ​ជន​ល្មើស។ បន្ដិច​ក្រោយ​មក​ខាង​ម្ចាស់​ផាប់ ក៏​បាន​ផ្ដល់​វីដេអូ​កាមេរា​នោះ ព្រម​ទាំង​បង្ហាញ​មុខ​ជន​ល្មើស​ទៀត​ផង ទើប​លោក​ហេង ឡុង បាន​អរគុណ​ដល់​ម្ចាស់​ផាប់​ដែល​បាន​សហការ​ក្នុង​រឿង​នេះ។

២/ តារា​ពហុជំនាញ ខាត់ សុឃីម។ ក្រោយ​កើត​ហេតុ​បាន​មួយ​ថ្ងៃ អ្នកនាង​និយាយ​ក្នុង​នាម​ជា​រៀមច្បង​សិល្បៈ​ថា៖ "បងចូល​សិល្បៈ​មុន បងដឹង​ប្អូន​អើយ គេ​មិន​សូវ​គិត​ថា​អ្នក​សិល្បៈសំខាន់​ទេ បង​យល់​ហើយ ស៊ូៗ"។

ចំណែក​តារា​សម្ដែង នី មុន្នី​នាថ វិញ និយាយ​ថា មនុស្សគ្រប់រូបមានតម្លៃមនុស្សជាតិដែលគេត្រូវផ្តល់តម្លៃ និងផ្តល់ការគោរពដូចៗគ្នា។ ចំណែកសិល្បករ សិល្បការនី ដែល​ជា​បុគ្គលសាធារណៈក៏មានតម្លៃមនុស្សជាតិដូចគ្នាដែរ។ ដូច្នេះ​អ្នកនាង មិន​គាំទ្ររាល់ទង្វើ អសីលធម៌ មាក់ងាយ និងមិនផ្តល់តម្លៃដល់សិល្បករ-សិល្បការនី​ដូច​ករណី​ដែល​បាន​កើត​ឡើង​លើ​តារា​ចម្រៀង​រ៉េប ជី ដេវីត នោះ​ទេ៕

អត្ថបទ៖ Chin Sopheak