៣ថ្ងៃទៀត ដល់ថ្ងៃបុណ្យទក្ខិណានុប្បទានជូនម្ដាយ អម្ពរ ទេវី បង្ហាញទុក្ខកាន់តែក្រៀមក្រំ
- 2023-08-07 04:40:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ថ្ងៃទៀត ដល់ថ្ងៃបុណ្យទក្ខិណានុប្បទានជូនម្ដាយ អម្ពរ ទេវី បង្ហាញទុក្ខកាន់តែក្រៀមក្រំ
ចន្លោះមិនឃើញ
ពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសបុណ្យកុសល្យជូនចំពោះវិញ្ញាណក្ខន្ធអ្នកម្ដាយរបស់អតីតតារាសម្ដែងដ៏ល្បីនាទស្សវត្ស៩០ គឺអ្នកនាង អម្ពរ ទេវី នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅគេហដ្ឋានរបស់អ្នកផ្ទាល់នៅសហរដ្ឋអាមេរិក។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អម្ពរ ទេវី បានបង្ហោះរូបថតជាមួយម្ដាយ អមដោយសារយ៉ាងក្រៀមក្រំនៅថ្ងៃទី៧ ខែសីហា នេះ ថា៖ “អ្នកម្ដាយនៅតែស្ថិតក្នុងដួងចិត្ដកូនជានិច្ច…នឹកអ្នកម្ដាយខ្លាំងណាស់! សូមដួងវិញ្ញាណក្ខន្ធរបស់អ្នកម្ដាយបានទៅកាន់ឋានបរមសុខ”។
ការបង្ហាញទឹកចិត្ដអាឡោះអាល័យចំពោះម្ដាយបែបនេះ ខណៈដែលពិធីបុណ្យទក្ខិណានុប្បទានជូនចំពោះម្ដាយបង្កើតឈ្មោះ ហោ សុក្ខា កាន់តែខិតជិតចូលមកដល់។ ឧបាសក ហោ សុក្ខា បានទទួលមរណៈភាពកាលពីម៉ោង ៦ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយរោគាពាធ នៅលើទឹកដីសហរដ្ឋអាមេរិក។
ដំណឹងមរណៈទុក្ខនេះ ត្រូវបានមហាជន ជាពិសេសមិត្ដសិល្បៈដែលនៅគោរពស្រឡាញ់អ្នកនាង អម្ពរ ទេវី បង្ហាញការអាណិតអាសូរចំពោះតារាស្រីរូបនេះ ហើយក៏បានជូនពរអ្នកម្ដាយរបស់នាងឲ្យបានទៅដល់ទីឋានបរមសុខគ្រប់គ្នា។
ទន្ទឹមគ្នានេះ អម្ពរ ទេវី បានគោរពអញ្ជើញភ្ញៀវបន្ថែមលើលិខិតអញ្ជើញដែលបានបោះ និងចែកជូននៅថ្ងៃបុណ្យនោះថា សូមពុកម៉ែ បងប្អូន យាយតា ចូលរួមពិធីបុណ្យទក្ខិណានុប្បទាននេះឲ្យបានច្រើន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕