ចិន ហ្វីលីពីន និង ឥណ្ឌូនេស៊ី ប្រជែងគ្នាទិញអង្ករ វៀតណាម ខណៈតម្លៃអង្ករនៅលើពិភពលោកឡើងថ្លៃ!

  • 2023-08-09 04:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានចេញសេចក្តីណែនាំស្តីពីការធានាសន្តិសុខស្បៀង ស្របពេលដែលចាប់យកឱកាសដើម្បីបង្កើនការនាំចេញអង្ករចំពេលតម្លៃអង្ករនៅលើពិភពលោកឡើងខ្ពស់នាពេលបច្ចុប្បន្ន។

តម្លៃអង្ករនៅលើពិភពលោក បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីប្រទេសឥណ្ឌា រុស្ស៊ី និងអារ៉ាប់រួមបានហាមឃាត់ការនាំចេញអង្ករ។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានណែនាំឲ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួង និងអាជ្ញាធរមូលដ្ឋាន ពិនិត្យស្ថានភាពឡើងវិញ និងធានាឱ្យបាននូវគោលដៅសម្រេចបានអង្ករចំនួន ២០ លានតោនក្នុងឆ្នាំ២០២៣នេះ។ ពួកគេក៏ត្រូវបានផ្តល់ភារកិច្ចក្នុងការតាមដានការអភិវឌ្ឍយ៉ាងដិតដល់ក្នុងទីផ្សារអង្ករក្នុងតំបន់ និងពិភពលោក ដើម្បីធានាថាមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុក និងការនាំចេញ។ ការណែនាំរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinhបានបញ្ជាក់ថា “វាចាំបាច់ដើម្បីធានាសន្តិសុខស្បៀងជាតិក្នុងគ្រប់កាលៈទេសៈទាំងអស់”។

យោងតាមក្រសួងកសិកម្មវៀតណាម ស្រូវចំនួន ៤៣ លានតោន ដែលនឹងផលិតជាអង្ករបាន ២០ លានតោននឹងត្រូវដាំដុះលើផ្ទៃដីចំនួន ៧,១លានហិកតា។ គិតត្រឹមដើមខែសីហា ឆ្នាំ២០២៣នេះ វៀតណាមប្រមូលផល ស្រូវបានជាង ២៤លានតោន នៅទូទាំងប្រទេស។ បើតាមក្រសួងរបស់ប្រទេសនេះ បានឲ្យដឹងថា ប្រសិនបើមិនមានការប្រែប្រួលខុសប្រក្រតីនៃអាកាសធាតុទេ ទិន្នផលនឹងមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុក និងការនាំចេញ។ ការនាំចេញដែលបានប៉ាន់ប្រមាណ គឺចន្លោះពី ៧ ទៅ ៧,៥ លានតោន។

សេចក្តីណែនាំនេះ តម្រូវឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម ឆាប់បញ្ចប់វិសោធនកម្មអនុក្រឹត្យលេខ ១០៧ ស្តីពីការជួញដូរ និងការនាំចេញអង្ករ។ បន្ទាប់ពីឥណ្ឌា រុស្សី និង អារ៉ាប់រួម បានប្រកាសហាមឃាត់ការនាំចេញអង្កររបស់ខ្លួន តម្លៃអង្ករ របស់វៀតណាមបានកើនឡើងជាលំដាប់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ឈានដល់ជិត ៦៦០ដុល្លារអាមេរិកក្នុងមួយតោន ដែលជាតម្លៃមួយខ្ពស់បំផុតមិនធ្លាប់មាន។

ប្រទេសជាច្រើនដូចជាចិន ហ្វីលីពីន និងឥណ្ឌូណេស៊ីកំពុងប្រកួតប្រជែងគ្នាដើម្បីទិញអង្ករវៀតណាម ហើយតម្រូវការរបស់ពួកគេមានការកើនឡើងជាលំដាប់។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាមបានឱ្យថា ប្រទេសខ្លួនបាននាំចេញអង្ករចំនួន ៤,៨៣ លានតោនក្នុងឆ្នាំ២០២៣នេះ ក្នុងតម្លៃ ២,៦ ពាន់លានដុល្លារ៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី