កុំខកខាន! ពិព័រណ៌​ ម្ហូបអាហារ ភេសជ្ជៈ និងសុខភាព សម្រស់ បើកជាផ្លូវការហើយចាប់ពីថ្ងៃនេះ ដល់ថ្ងៃ២០សីហា

  • 2023-08-18 08:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៌​ ម្ហូបអាហារ ភេសជ្ជៈ និងសុខភាព សម្រស់ (Cambodia FoodPlus Expo និង Cambodia Health & Beauty Expo 2023) ដែលជាព្រឹត្តិការណ៍ដ៏ធំ ត្រូវបាន​ធ្វើពិធីបើកសម្ពោធជាផ្លូវការហើយ ដោយមានរយៈ​ពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៨ ដល់ ២០ ខែសីហា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៌កោះពេជ្រ។

ក្រុមហ៊ុន Index Creative Village Plc. (ICV) ដែល​ជាអ្នកជំនាញ​រៀបចំ​ពិព័រណ៌​ពាណិជ្ជកម្មបង្កើត​វេទិកាធុរកិច្ច​សម្រាប់​អ្នកផ្គត់ផ្គង់​អន្តរជាតិ ដើម្បី​ជួបជាមួយ​ដៃគូពាណិជ្ជកម្ម​នៅអាស៊ី​អាគ្នេយ៍ បាន​ចាប់ដៃ​ជាមួយ​អ្នកពាក់ព័ន្ធ​ក្នុងតំបន់​សំខាន់ៗ រៀបចំ​ពិព័រណ៌​ពាណិជ្ជកម្មអន្តរជាតិ​លើកទី២ Cambodia FoodPlus Expo និង Cambodia Health & Beauty Expo 2023។ ពិព័រណ៌ផលិតផលនេះ ត្រូវបាន​រំពឹងថា នឹង​មានអ្នកចូលរួម​ដល់ ៦ពាន់នាក់។

ព្រឹត្តិការណ៍​ពិព័រណ៌ពាណិជ្ជកម្ម​ទាំង២​ត្រូវបានធ្វើឡើង​រួមគ្នា ដោយ Cambodia FoodPlus Expo ផ្តោត​លើអ្នកជំនាញ ក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកលក់រាយ និងផ្សេងទៀត​ដែលពាក់ព័ន្ធ​នឹង​ផ្នែក​អាហារ និងភេសជ្ជៈ។ ចំណែក Cambodia Health & Beauty Expo ផ្តោតលើ​វិស័យ​សុខភាព សុខុមាលភាព និង​សម្រស់ ព្រមទាំង​មានក្បួន​ដង្ហែរ​នៃផលិតផល អ្នកផ្តល់​សេវា អ្នកជំនាញ​ អ្នកផ្គត់ផ្គង់ និង​ផ្នែក​ផ្សេងៗទៀតទាក់ទង​នឹង​អ្នកជំនាញ​ផ្នែក​សុខភាព និងសម្រស់។

ឯកឧត្តម​ឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ពិធី​បើកសម្ពោធព្រឹត្តិការណ៍​នេះគឺ​ដើម្បីឱ្យ​ប្រជាជន​កម្ពុជា និងថៃ បាន​ស្វែងយល់គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។ ថ្ងៃបើកសម្ពោធនេះ ក៏ជាថ្ងៃទាក់ទាញ​អ្នកវិនិយោគថៃ ឱ្យមកវិនិយោគទុន​នៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ ថៃជាប្រទេស​មួយ​ដែលមានសក្តានុពលលើផ្នែក​សុខភាព និងសម្រស់ ហើយ​ឯកឧត្តម​បាន​ជំរុញ​ឱ្យអ្នកវិនិយោគថៃ មក​បណ្តាក់ទុនលើវិស័យសុខាភិបាល​នៅកម្ពុជា ឱ្យបានច្រើន ជាពិសេស​ការកសាងមន្ទីរពេទ្យ និង​ផលិតឱសថ។

លោក Kriengkrai Kanjanapokin ដែល​ជាស្ថាបនិក និង​ជានាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន Index Creative Village Plc. បាន​បង្ហាញ​ការជឿជាក់​ថា ពិព័រណ៌ពាណិជ្ជកម្ម​នេះ នឹង​ឈាន​ទៅកិច្ច​សហប្រតិបត្តិការ​អាជីវកម្ម ការធ្វើបណ្តាញ​ និងការគាំទ្រ​ដ៏រឹងមាំ​ដល់​កំណើន​សេដ្ឋកិច្ច​បន្ថែម​ទៀត។ មានក្រុមហ៊ុនសរុប​ចំនួន ១៥០ មកពី​ប្រទេសថៃ កម្ពុជា កូរ៉េ វៀតណាម និង​ប្រទេស​ផ្សេងទៀតចូលរួម​ព្រឹត្តិការណ៍​ទាំងពីរ។ ជាងនេះ ទៅទៀត ពិព័រណ៌ឆ្នាំនេះកាន់តែមានភាព​រំភើប​ជាមួយ​នឹង​សកម្មភាព​ជាច្រើន និង​ការផ្តល់​ជូន​ពិសេស​នៅក្នុងព្រឹត្តិការណ៍នានា។

អត្ថបទ៖ សំភី

អត្ថបទថ្មី