ក្នុងថ្ងៃក្រុងពាលីថតរឿងថ្មី លៀក លីដា ទម្លាយថាខ្លួនត្រៀមរឿង៣ ចេញទៅបរទេស ក្នុងនោះមានមួយចាយទុន ១លានដុល្លារ

  • 2023-08-21 07:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិល ឌី បានធ្វើពិធីក្រុងពាលីថតខ្សែភាពយន្ដថ្មីមួយទៀត ខ្នាតអន្ដរជាតិ ក្នុងចំណោមខ្សែភាពយន្ដចំនួន ៣ដែលត្រៀមនាំចេញទៅទីផ្សារអន្ដរជាតិនាចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។ ក្នុងនោះមានរឿង “Rent Boy” រឿង “បណ្ដាសានាងរាត្រី” និងរឿងមួយទៀតនឹងចេញថតក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

ខ្សែភាពយន្ដរឿង “Rent Boy” ទើបតែថតចប់ថ្មីៗ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ផលិតកម្ម អិល ឌី បានធ្វើពិធីក្រុងពាលីថតរឿង “បណ្ដាសានាងរាត្រី”មួយទៀត។ រឿងដែលត្រូវចំណាយពេលថតជាង ៣០ថ្ងៃនេះ មានតួប្រុសល្បីមកពីប្រទេសភូមា គឺ Paing Takhon សម្ដែងជាតួឯកជាមួយតារាស្រីលំដាប់ប្រទេស ស៊ីន យូប៊ីន ព្រមទាំងតារាវ័យក្មេងជាច្រើនដួងទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុនពេលពិធីក្រុងពាលីចាប់ផ្ដើមនៅព្រឹកនេះ ចាងហ្វាងផលិតកម្ម អិល ឌី លៀក លីដា ថា ស្នាដៃចំនួន ៣ចុងក្រោយនេះ គឺសុទ្ធតែប្រភេទកុនលំដាប់អន្ដរជាតិ ហើយលោកជឿថានឹងមានការគាំទ្រខ្លាំងពីទស្សនិកជននៅក្នុងស្រុក មុននាំចេញទៅចាក់បញ្ចាំង ឬប្រកួតប្រជែងទីផ្សារក្រៅប្រទេស។

លោក លៀក លីដា៖ “នៅក្នុងស្រុក…យើងមាន Teamwork ផលិតរឿងជាប្រចាំ ហើយនៅក្រៅស្រុកវិញយើងក៏មានការសហការគ្នាពីបរទេសដែរ។ នៅខែ១១ ឆាប់ៗនេះ យើងនឹងផលិតរឿងទី៣ ដែលជាមួយធំជាងរឿងណាៗទាំងអស់ ព្រោះយើងគ្រោងចាយទុន ១លានដុល្លារ ហើយក្នុងរឿងហ្នឹងមាន ផលិតករ តួបរទេសល្បីៗ និងអ្នកមានមុខមាត់ខ្មែរក៏បានចាប់អារម្មណ៍ចូលរួមដែរ”។

សម្រាប់ខ្សែភាពយន្ដរឿង “បណ្ដាសានាងរាត្រី” នេះវិញ ក៏ចាយទុនកអស់មិនតិចដែរ ព្រោះវាធ្វើឡើងសម្រាប់ឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផង។ តាមរយៈស្នាដៃទាំងបី ដែលត្រូវចេញទៅប្រកួតប្រជែងលើទីផ្សារអន្ដរជាតិនេះ ត្រូវបានម្ចាស់ផលិតកម្មរំពឹងថានឹងធ្វើឲ្យបរទេសស្គាល់ពីច្បាស់ពីជំនឿ វប្បធម៌ អរិយធម៌ខ្មែរកាន់តែច្បាស់។

សូមបញ្ជាក់ថា ខ្សែភាពយន្ដរឿង “បណ្ដាសានាងរាត្រី” ត្រូវបានធ្វើពិធីក្រុងពាលីចេញថតតូចល្មមមួយ នៅការិយាល័យផលិតកម្ម អិល ឌី ផ្ទាល់ ស្ថិតនៅក្នុងបុរី លឹម ឈាងហាក់ ចំការដូង រាជធានីភ្នំពេញ។ ក្នុងពិធីនេះ គេឃើញវត្ដមានតារាសម្ដែងល្បីៗដូចជា៖ Paing Takhon ស៊ីន យូប៊ីន និងព្រះនាងតូច ជេនណា ព្រមទាំងតារាវ័យក្មេងជាច្រើនដួងទៀត៕

ជិន សុភ័ក្ដ្រ