ប្រឡូកក្នុងអាជីពនិពន្ធជាង ៣០ឆ្នាំ ទើបធ្លាយរឿង ពាន់ ភួងបុប្ផា ជាអ្នកកាសែតឆ្នើមតាំងពីសម័យអ៊ុនតាក់

  • 2023-08-30 09:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ និងដឹកនាំសម្ដែងជើងចាស់ ពាន់ ភួងបុប្ផា បានបង្កើនប្រជាប្រិយភាពរបស់ខ្លួនកាន់តែខ្លាំង តាមរយៈខ្សែភាពយន្ដភាគជាច្រើន និងត្រូវចិត្ដទស្សនិកជនស្ទើរគ្រប់ស្រទាប់វណ្ណៈ ដើម្បីចាក់បញ្ចាំងនៅតាមស្ថានីយ៍ទូរទស្សន៍ល្បីៗក្នុងស្រុក។ គិតត្រឹមម៉ោងនេះ មានមនុស្សតិចតួចណាស់ដែលដឹង ថាអ្នកស្រី ពាន់ ភួងបុប្ផា ធ្លាប់ឆ្លងកាត់អាជីពសារព័ត៌មាន ព្រោះស្ទើរគ្រប់គ្នាបានស្គាល់ឈ្មោះ និងមុខមាត់ក្រោយអ្នកស្រីក្លាយជាផលិតករភាពយន្ដទៅហើយ។

ក្នុងឱកាសសម្ពោធខ្សែភាពយន្ដ រឿង”ស្នេហាcover” ដែលជាស្នាដៃរបស់អ្នកស្រីផ្ទាល់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ អ្នកស្រី ពាន់ ភួងបុប្ផា បានធ្លោយមាត់ថា នៅចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ រូបគាត់ជាអ្នកសារព័ត៌មានជួរមុខម្នាក់នៅកាសែតរស្មីកម្ពុជា ដោយកាលណោះអ្នកស្រីផ្ដោតលើការសរសេរព័ត៌មានសិល្បៈ វប្បធម៌ និងកីឡា។ ប៉ុន្ដែចាប់ពីក្រោយឆ្នាំ១៩៩៨ រូបគាត់បានផ្លាស់ពីការសរសេរព័ត៌មានដាក់កាសែត មកផលិតរឿងអប់រំនៅវិទ្យុមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា រហូតក្លាយជាអ្នកនិពន្ធ និងដឹកនាំសម្ដែងរហូតមកដល់បច្ចុប្បន្ន។

អ្នកស្រី ពាន់ ភួងបុប្ផា៖ “ធម្មតាបុគ្គលិកលក្ខណៈរបស់តួ ម្នាក់ៗ ស៊ូ ឬមិនស៊ូ…យើងដឹង! បើមើលឃើញថាស៊ូ អាចធ្វើបាន យើងនឹងដាក់គាត់។ ដូចគ្នាដែរ…អ្នកសារព័ត៌មានណាពូកែ សរសេរបានល្អ គេឲ្យទៅយកcase(ករណី)អីមួយធំ គេច្បាស់ជារុញទៅហើយ ព្រោះខ្ញុំជាអ្នកសារព័ត៌មានដែរ ខ្ញុំដឹង”។

សូមរំលឹកថា នៅឆ្នាំ១៩៩៣ គឺជាសម័យអន្ដរកាល នៃរដ្ឋាភិបាលកម្ពុជា ដោយកាលណោះអង្គការសហប្រជាជាតិ ឬUNTAC បានរៀបចំការបោះឆ្នោតជាតិជាលើកដំបូង ដើម្បីឈានទៅចាប់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ គ្រានោះកម្ពុជា បានប្រើស្លាបប៉ាកា និងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ជំនួសឲ្យការប្រើចុងកាណុងកាំភ្លើង ដើម្បីដោះស្រាយបញ្ហា។

ក្នុងនោះកាសែតរស្មីកម្ពុជា ដែលជាអង្គភាពសារព័ត៌មានលេចធ្លោរក្នុងចំណោមស្ថាប័នតែពីរ ឬបីប៉ុណ្ណោះ នាសម័យនោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដោយមានបុគ្គលិកឆ្នើមៗបម្រើការងារឲ្យ ក្នុងនោះក៏មានអ្នកស្រី ពាន់ ភួងបុប្ផា ម្នាក់ដែរ៕

ជិន សុភ័ក្ដ្រ