អ្នក​ចាំ​ទី Man Utd នឹង​ផ្ទេរ​ទៅ​ចូល​រួម​ជាមួយ Crystal Palace

  • 2023-08-30 11:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្លឹប Manchester United កីឡាករ Dean Henderson នឹង​ផ្ទេរ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Crystal Palace។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano។

ក្លឹប​អង់គ្លេស Palace នឹង​ធ្វើ​ការ​ផ្ទេរ​អ្នក​ចាំ​ទី Henderson ក្នុង​តម្លៃ​ប្រមាណ​ ២០ លាន​ផោន។ ទាំង​ភាគី​ក្លឹប​ទាំង​ពីរ និង​ភាគី​កីឡាករ​សុទ្ធ​តែ​មាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា ហើយ​ព្រមព្រៀង​គ្នា។ ការ​ចរចា​នៅ​តែ​បន្ត សម្រាប់​បញ្ហា​លម្អិត​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ Crystal Palace នឹង​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ផ្ទេរ​មួយ​នេះ​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នក​ចាំ​ទី​អង់គ្លេស​វ័យ ២៦ ឆ្នាំ Dean Henderson គឺ​ជា​កីឡាករ​ចេញ​ពី​ថ្នាល​យុវជន និង​ជា​អ្នក​ចាំ​ទី​បម្រុង​របស់​បិសាច​ក្រហម ហើយ​បាន​ចូល​រួម​ឈុត​ធំ​តាំង​ពី ២០១៥ មក។ នៅ​ពេល​ដែល​អ្នក​ចាំ​ទី​បង្គោល​របស់​ក្លឹប​មាន​បញ្ហា​របួស Henderson ត្រូវ​បាន​សង្កេត​ឃើញ​ថា បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​ពេល​ចាំ​ទី​ជំនួស។

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើក​ឡើង​ថា Henderson អាច​ត្រូវ​បាន​តម្លើង​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​​បិសាច​ក្រហម ក្រោយ​ក្លឹប​បាន​ចែក​ផ្លូវ​ជាមួយ David De Gea។ ទោះ​ជា​យ៉ាង​ណា ការ​ផ្ទេរ​ចូល​អ្នក​ចាំ​ទី Andre Onana ក្នុង​តម្លៃ​ប្រមាណ ៦០​លាន​ផោន កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​បិទ​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​នេះ ហើយ​មាន​ន័យ​ថា Henderson ត្រូវ​ចាក​ចេញ​ពី​ក្លឹប​បើ​ចង់​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី