យើងរួមគ្នា ហ៊ាននិយាយ ដើម្បីសង្គ្រោះជីវិត ពីគ្រោះថ្នាក់ចរាចរណ៍!

  • 2023-09-04 06:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅឆ្នាំ២០២២ យើងបានចាប់ផ្តើមយុទ្ធនាការមួយហៅថា យុទ្ធនាការហ៊ាននិយាយ (Speak Up Campaign) នៅតាមបណ្តារោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួន ៤៣ ដែលមានកម្មករនិយោជិតធ្វើការជាសរុបប្រមាណជិត ១៥០,០០០ នាក់។ គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីផ្តល់នូវវេទិកាមួយដែលផ្តល់សិទ្ធិអំណាចដល់កម្មករនិយោជិតរោងចក្រ លើកឡើងនូវបញ្ហាសុវត្ថិភាពទាំងឡាយដែលខ្លួនប្រឈមមុខជារៀងរាល់ថ្ងៃ ទៅកាន់ថ្នាក់គ្រប់គ្រងរបស់ខ្លួន ក៏ដូចជាភាគីពាក់ព័ន្ធនានា។ តាមរយៈយុទ្ធនាការនេះ យើងក៏បានជ្រើសរើសជនបង្គោលសុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការទាក់ទាញមតិគាំទ្រក្នុងនាមកម្មករនិយោជិត និងប្រារព្ធឱ្យមានសិក្ខាសាលាយ៉ាងទូលំទូលាយ សំដៅស្វែងរកមធ្យោបាយកែលម្អឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលអនាគត។

ហ៊ាននិយាយ រួមគ្នា ដើម្បីសង្គ្រោះជីវិត/ ផ្លូវថ្នល់មានសុវត្ថិភាព សង្គ្រោះជីវិត។ រួមគ្នា ធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមាន ដោយ គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំប្រទេសកម្ពុជា

ប្រសិនបើអ្នករស់នៅប្រទេសកម្ពុជា អ្នកប្រហែលជាធ្លាប់ឃើញកម្មករនិយោជិតរោងចក្រជិះនៅលើ រថយន្តយ៉ាងច្រើនណែនតាន់តាប់ ខណៈដែលពួកគេធ្វើដំណើរទៅមកបំពេញការងារ។ ប្រាកដណាស់ វាហាក់ដូចជាមិនមានសុវត្ថិភាពទាល់តែសោះ។ ជាការពិត ការធ្វើដំណើរទៅមកបំពេញការងារជារៀងរាល់ថ្ងៃរបស់ពួកគាត់គឺជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ដល់ជីវិត។ នៅកម្ពុជា វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និង ផលិតស្បែកជើងផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជិត ១លាននាក់ ដែលភាគច្រើនជាស្ត្រីវ័យ ក្មេង។ ទោះជាយ៉ាងណា ឱកាសទាំងនោះគឺមានការលះបង់តម្លៃតបស្នងវិញ ដោយសារកម្មករនិយោជិតតែងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតនៅពេលធ្វើដំណើរទៅមកបំពេញការងារជារៀងរាល់ថ្ងៃ។

ចាប់តាំងពីឆ្នាំ២០១៧មក អង្គការមូលនិធិបង្ការរបួសអាស៊ី ដែលជាអង្កការមិនរកប្រាក់ចំណេញ បាន ផ្តោតលើកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ជាពិសេសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។ កិច្ចការនេះសម្រេចទៅបានអាស្រ័យដោយមានការជួយជ្រោមជ្រែងពីសំណាក់ដៃគូរបស់យើង ដូចជាពីស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា រោងចក្រ និងសហជីព អង្គការមិនស្វែងរកប្រាក់ចំណេញផ្សេងទៀត រួមទាំងម្ចាស់ជំនួយឯកជន នៅក្នុងការអនុវត្តសកម្មភាពជាបន្តបន្ទាប់ និងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីរួបរួមគ្នាលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិត។

យោងតាមទិន្នន័យរបស់បេឡាជាតិសន្តិសុខសង្គម* បានបង្ហាញថា មានរថយន្តប្រមាណ ២,៩៨៩គ្រឿងបានដឹកជញ្ជូនកម្មករនិយោជិតជាង ២៧ម៉ឺននាក់ក្នុងមួយថ្ងៃៗទៅមកបំពេញការងារ។ ភាគច្រើននៃ រថយន្តទាំងនេះ គឺជាប្រភេទរថយន្តដឹកទំនិញដែលកម្មករនិយោជិតត្រូវឈរនៅពេលធ្វើដំណើរ ដែលមិនមានបំពាក់នូវមុខងារសុវត្ថិភាពណាមួយឡើយ ជាហេតុធ្វើឱ្យកម្មករនិយោជិតងាយប្រឈមមុខនឹងការរងគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអាចដល់ស្លាប់បាត់បង់អាយុជីវិតនៅលើដងផ្លូវផងដែរ។ ការស្លាប់ទាំងនេះអាចបង្ការបាន ដោយការជំរុញឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាសិទ្ធិក្នុងការដើរហើរប្រកបដោយសុវត្ថិភាព នៅពេលធ្វើដំណើរទៅមកបំពេញការងារ។

លើសពីនេះ យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី បានបង្ហាញថាមានតែ ៣៨%ប៉ុណ្ណោះនៃរថយន្តដែលត្រូវបានសម្ភាសន៍ ដែលមានសុវត្ថិភាពក្នុងការដឹកជញ្ជូនអ្នកដំណើរ ប្រហែល ៣០% មិនបានចុះបញ្ជី ហើយមានតែ ៧% ប៉ុណ្ណោះដែលមានការធានារ៉ាប់រង។ បើនិយាយអំពីសុវត្ថិភាពរថយន្តទាំងនេះ រថយន្តជាច្រើនមិនប្រកាន់ខ្ជាប់នូវលក្ខខណ្ឌសមស្របសម្រាប់ធ្វើដំណើរនៅលើដងផ្លូវនោះទេ ហើយជារឿយៗមិនមានសុវត្ថិភាពក្នុងការដឹកជញ្ជូនមនុស្សនៅលើដងផ្លូវឡើយ។

សម្រាប់ជាទស្សនវិស័យចំពោះស្ថានការណ៍នេះ យោងតាមតួលេខពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)* បានបង្ហាញថា ក្នុងឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣,២៧៥ករណី កើតឡើងក្នុងចំណោមកម្មករនិយោជិតរោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅពេលធ្វើដំណើរទៅមកបំពេញការងារ ដោយក្នុងនោះមានជនរងគ្រោះចំនួន ៤,០៥៦នាក់ នៅទូទាំងប្រទេស។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៣នាក់ របួសធ្ងន់ចំនួន៨៥៤នាក់ និងរបួសស្រាលចំនួន ៣,១៣៩នាក់។ អ្នករបួសជាច្រើនត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកពីការងាររាប់ខែ មានន័យថាពួកគេមិនអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានទេ។ អ្នកខ្លះទៀតត្រូវរស់នៅជាមួយនឹងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ ហើយមិនអាច ត្រឡប់ទៅធ្វើការវិញបានទេ។ តាមរយៈការប្រើមធ្យោបាយដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ភាគច្រើននៃស្ថានការណ៍ទាំងនេះ គឺអាចបញ្ចៀសបាន។

ជាផ្នែកមួយនៃកម្មវិធីរបស់យើងនៅក្នុងប្រទេសកម្ពុជា យើងបានធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធនានា រួមទាំងសហជីព រោងចក្រ និងស្ថាប័នរាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗ សំដៅជំរុញលើកទឹកចិត្តដល់ការធ្វើដំណើរទៅមកបំពេញការងារប្រកបដោយសុវត្ថិភាព និងបង្កើនការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ រួមទាំងការបណ្តុះបណ្តាល។ សកម្មភាពទាំងនេះផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទីពីរឆ្នាំ ២០២១-២០៣០ ដែលមានគោលដៅកាត់បន្ថយការរងរបួស និងការស្លាប់នៅលើដងផ្លូវឱ្យបាន ៥០% នៅត្រឹមឆ្នាំ២០៣០។ ក្រោមប្រធានបទនេះ ក្នុងនាមជានាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅប្រទេសកម្ពុជា ខ្ញុំមានមោទនភាពដែលបានចែករំលែកផែនការសកល (ដែលដាក់ចេញនូវវិធីជាក់លាក់នានា ដើម្បីដោះស្រាយវិបត្តិសុវត្ថិភាពចរាចរណ៍សកល) ជាមួយនឹង ប.ស.ស និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) កាលពីអំឡុងខែតុលា ឆ្នាំ២០២១។ ជាមួយគ្នានេះ ប.ស.ស និងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានឯកភាពធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងភាគីពាក់ព័ន្ធផ្សេងទៀត សំដៅបង្កើនសកម្មភាពរួមគ្នាដើម្បីជំរុញការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញទៅជា រថយន្តដែលមានសុវត្ថិភាពប្រសើរជាងសម្រាប់ផ្តល់សេវាដឹកកម្មករនិយោជិត។

ភាគីពាក់ព័ន្ធនានា ដូចជារោងចក្រ សហជីព និងតំណាងកម្មករនិយោជិត រួមទាំងអ្នកបើកបរ ក៏ទទួលបានការបណ្តុះបណ្តាល និងការផ្សព្វផ្សាយព័ត៌មានផងដែរ។ គំនិតផ្តួចផ្តើមមួយផ្សេងទៀតបានកំណត់លើអ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅរោងចក្រគោលដៅ ដើម្បីលើកទឹកចិត្តពួកគេឱ្យផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញទៅជា រថយន្តដឹកអ្នកដំណើរដែលមានសុវត្ថិភាពប្រសើរជាង។ យើងក៏បានរៀបចំសិក្ខាសាលាជាច្រើនជាមួយភាគីពាក់ព័ន្ធសំខាន់ៗផងដែរ សំដៅជំរុញឱ្យមានការកែប្រែគោលនយោបាយ លើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម រួមទាំងការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យ ប្រកបដោយសុវត្ថិភាពសម្រាប់កម្មករនិយោជិត។ កាលពីឆ្នាំ២០២២ យើងបានបណ្តុះបណ្តាលបុគ្គលិករោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងសរុបចំនួន ៦១,៥០៦ នាក់ និងជួយសម្រួលដល់លក្ខខណ្ឌក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់កម្មករនិយោជិតកម្ពុជាយ៉ាងតិចណាស់ ២៥,៧៤៨ នាក់ ។

ទោះបីជាកម្ពុជាមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក៏ដោយ ក៏វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅតែប្រឈមមុខនឹងបញ្ហាទាក់ទងនឹងសុវត្ថិភាពកម្មករនិយោជិត និងសិទ្ធិការងារផងដែរ។ ដោយឡែក វិស័យឧស្សាហកម្មនេះនៅតែរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ ប្រមាណជិត ៥០% នៃការនាំចេញសរុបរបស់ប្រទេស*3។ កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកែលម្អធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត បានទទួលជោគជ័យក្នុងការកែលម្អលក្ខខណ្ឌនៃការធ្វើដំណើរ។ ទោះជាយ៉ាងណា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ សមិទ្ធិផលសំខាន់ៗដែលសម្រេចបានរហូតមកដល់ពេលនេះ មិនអាចធ្វើទៅបានទេប្រសិនបើគ្មានការជួយជ្រោមជ្រែង និងការចូលរួមពីសំណាក់ដៃគូ សហគមន៍ សហគ្រាសអាជីវកម្ម ភាគីពាក់ព័ន្ធផ្សេងៗ និងក្រុមម៉ាកសញ្ញា និងអ្នកបញ្ជាទិញដែលមានឥទ្ធិពលបំផុតមកលើការសម្រេចចិត្តនៅតាមរោងចក្រ។ ទាំងនេះគឺជាកិច្ចសហការដ៏រឹងមាំដែលអង្គការមូលនិធិបង្ការរបួសអាស៊ី សង្ឃឹមថានឹងពង្រឹងពង្រីកបន្ថែមទៀតដើម្បីបន្តជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាលទ្ធផលចុងក្រោយ នឹងជួយសង្គ្រោះដល់ជីវិត និងជីវភាពរស់នៅរបស់កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅក្នុងប្រទេស ខណៈដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

យើងរួមគ្នា ហ៊ាននិយាយ ដើម្បីសង្គ្រោះជីវិត ពីគ្រោះថ្នាក់ចរាចរណ៍!

អត្ថបទថ្មី