មកស្គាល់​រថយន្ត​ដែល​ដឹក​សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ដែល​ចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន​នៅ​ឥណ្ឌូណេស៊ី

  • 2023-09-05 03:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង​គណៈប្រតិភូ បាន​ធ្វើដំណើរ​ទៅដល់​ក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។ អ្វីដែលគួរឱ្យ​កត់សម្គាល់​នោះ រថយន្ត​ដែល​ដឹក​សម្តេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូ គឺ​សុទ្ធតែ​ជារថយន្តប្រណីត​ស៊េរីថ្មី ជាពិសេសគឺ​ជាប្រភេទ​រថយន្ត​អគ្គិសនី​តែម្តង។

រថយន្ត​ដែល​បាន​ដឹក​សម្តេចធិបតី និង​លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី គឺ​ជារថយន្តអគ្គិសនី BMW i7 xDrive60 Gran Lusso។ បើយោងតាម​វេបសាយ​ VOI Indonesia បានឱ្យដឹងថា ក្រុមហ៊ុន BMW ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រគល់​រថយន្ត​នេះ ចំនួន ៣៦គ្រឿង​ ជូន​រដ្ឋាភិបាល​ ដើម្បី​បម្រើសេវា​ដឹក​បណ្តាមេដឹកនាំ​ប្រទេស​នានា​ដែល​មកចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន​នេះ។

រថយន្តអគ្គិសនីនេះ បំពាក់​បច្ចេកវិទ្យា​ BMW eDrive ជំនាន់ទី៥ ដែល​ជំរុញ​ដល់​ការសាកភ្លើង​យ៉ាងលឿនពី ១០ ទៅ ៨០% ប្រើ​ពេល​ត្រឹមតែ ៣៤នាទីប៉ុណ្ណោះ។ វាបំពាក់​ម៉ូទ័រអគ្គិសនីពីរ​ទាំងនៅខាងមុខ និងខាងក្រោយ ផលិតបាន​កម្លាំងសរុប ៥៤៤សេះ និងកម្លាំងរមួល ៧៤៥ញូតុនម៉ែត្រ ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេល ៤,៧វិនាទី។ ជាមួយគ្នានេះ អាគុយរបស់វា​មានទំហំ ១០១,៧គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានដល់ជាង ៦០០គីឡូម៉ែត្រ ពេលសាកពេញម្តង។

សូមជម្រាប​ថា ក្រៅពី​រថយន្ត​អគ្គិសនី​របស់ BMW ក៏មាន​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន៣ផ្សេងទៀតដែរ ដែល​ត្រូវបាន​ដាក់សម្រាប់​បម្រើ​សេវាដឹកគណៈប្រតិភូ រួមមាន Toyota BZ4X, Hyundai Ioniq 5 និង Ioniq 6 និង​ Wuling AirEVដែល​សម្រាប់​ប្រើប្រាស់​ប្រតិបត្តិការទូទៅ៕

ប្រភព៖ VOI

អត្ថបទ៖ សំភី

អត្ថបទថ្មី