ឥណ្ឌា​កំពុង​គិតគូរ​ប្ដូរ​ឈ្មោះ​ប្រទេស​របស់​ខ្លួន

  • 2023-09-07 11:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា ដែល​ដឹកនាំ​ដោយ​លោក នរិន្ទ្រ ម៉ូឌី (Narendra Modi) ត្រៀម​រៀបចំ​ស្នើ​សុំ​សភា​ឥណ្ឌា ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរឈ្មោះប្រទេស​អាស៊ីទក្សិណ​នេះ​ពី «ឥណ្ឌា» ទៅ​កាន់​ឈ្មោះ «បារាទ»។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាននានារបស់​ឥណ្ឌា។

ថ្នាក់ដឹកនាំ​គណបក្ស​កាន់​អំណាច ដែល​មាន​ទំនោរ​ហិណ្ឌូ​និយម បារាទ្យាច័ន្ទា (Bharatya Janata Party - BJP) បាន​សាទរ​នឹង​សេចក្ដីសម្រេច​ចិត្ត​នេះ។ ការ​ផ្លាស់ប្ដូរ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​មូលហេតុ​ថា ពាក្យ​ «ឥណ្ឌា» ជា​កម្អែល​នៃ «ទាសភាព​អាណានិគម»។

ឥណ្ឌា​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេសរាប់​រយ​ឆ្នាំ។ មុន​នឹង​ក្លាយ​ជា​ប្រទេស​ឥណ្ឌា​តែ​មួយ ឧបទ្វីប​នេះ​ធ្លាប់​ជា​នគរ និង​បុរី​ក្សត្រ​រាប់​រយ​ឯណោះ។ ចំណែក​ឯ​ពាក្យ «បារាទ» វិញ តាម​ពិត​ទៅ​ជា​ឈ្មោះ​ក្រៅ​ផ្លូវការ​របស់​ប្រទេស​ឥណ្ឌា ដែល​ចែង​ក្នុង​មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា។

ទោះ​ជា​យ៉ាង​ណា​ក្ដី មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​សម្ដែង​ក្ដី​ពេញ​ចិត្ត​នឹង​សំណើ​នេះ​ឡើយ។ សម្ព័ន្ធគណបក្ស​ប្រឆាំង​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ថា ការ​ផ្លាស់ប្ដូរ​ឈ្មោះ​នេះ​ជា​និមិត្តរូប​នៃ​ការ​លើក​តម្កើង​ដល់​ក្រុម​មនុស្ស​សាសនា​ហិណ្ឌូ​ជា​ធំ ខណៈ​ឥណ្ឌា​ជា​ប្រទេស​ចម្រុះ​ពូជសាសន៍​មួយ៕

ប្រភព៖ Indiatimes   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី