ឃើញឥណ្ឌាជោគជ័យ! ជប៉ុនក៏បាញ់យានទៅចុះចតភពព្រះចន្ទដែរហើយ ដើម្បីបង្កើនអនុភាពមហាអំណាចអវកាសរបស់ខ្លួន
- 2023-09-07 08:53:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញឥណ្ឌាជោគជ័យ! ជប៉ុនក៏បាញ់យានទៅចុះចតភពព្រះចន្ទដែរហើយ ដើម្បីបង្កើនអនុភាពមហាអំណាចអវកាសរបស់ខ្លួន
ចន្លោះមិនឃើញ
នៅថ្ងៃទី៧ ខែកញ្ញានេះ ជប៉ុនបានបាញ់បង្ហោះយានអវកាស ដើម្បីទៅចុះចតនៅលើផ្ទៃដីភពព្រះចន្ទ ក្នុងគោលបំណងក្លាយជាប្រទេសទី៥ ដែលអាចចុះចតយានលើភពនេះ បន្ទាប់ពីឥណ្ឌាសម្រេចបានជោគជ័យកាលពីពេលថ្មីៗនេះ។
ភ្នាក់ងារអវកាសជប៉ុន JAXA បានឱ្យដឹងថា គ្រាប់រ៉ុក្កែតដែលផលិតក្នុងស្រុក H-IIA ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ភាគខាងត្បូងប្រទេសជប៉ុន ដោយបានដឹកយាន SLIM (Smart Lander for Investigating Moon) ឬហៅថា «Moon Sniper» និងបានបញ្ចេញវាដោយជោគជ័យក្នុងទីអវកាស។
ក្នុងបេសកម្មដែលចំណាយ ១០០លានដុល្លារនេះ ភ្នាក់ងារអវកាសជប៉ុនមានគោលបំណងធំមួយគឺធ្វើយ៉ាងណាឱ្យការចុះចតស្ថិតក្នុងភាពត្រឹមត្រូវកម្រិតខ្ពស់ ពោលគឺមិនឱ្យយានចុះចតនៅឆ្ងាយលើសពីចម្ងាយ១០០ម៉ែត្រ ពីទីតាំងដែលបានកំណត់នោះទេ។ មានន័យថា «ចង់ចុះចតកន្លែងណាក៏បាន ឱ្យតែខ្លួនចង់»។
យាន SLIM ត្រូវបានរំពឹងថា នឹងអាចចុះចតលើផ្ទៃដីភពព្រះចន្ទត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ដោយគ្រោងចុះនៅជិតតំបន់មួយហៅថា Mare Nectaris។ បន្ទាប់ពីចុះចត យាននេះនឹងធ្វើការវិភាគសមាសភាគថ្មភពព្រះចន្ទនៅទីតាំងនោះ ដើម្បីស្វែងយល់ពីប្រភពនៃការកកើតឡើងរបស់ភពព្រះចន្ទ។
គួរបន្ថែមថា ក្រៅពីយាន SLIM គ្រាប់រ៉ុកកែត H-IIA នេះក៏បានដឹកទៅជាមួយនូវផ្កាយរណប XRISM (X-Ray Imaging and Spectroscopy Mission) ផងដែរ ដែលជាគម្រោងរួមគ្នារបស់ JAXA, NASA និងភ្នាក់ងារអវកាសអឺរ៉ុប។ ផ្កាយរណបនេះ មានបេសកកម្មអង្កេតខ្យល់ផ្លាស្មា ដែលឆ្លងកាត់ចក្រវាល ដែលអ្នកវិទ្យាសាស្រ្តយល់ឃើញថា ជាគន្លឹះមួយក្នុងការស្វែងយល់ពីការវិវត្តរបស់ផ្កាយ និងហ្គាឡាក់ស៊ី៕