ចាស់គេ! តែថ្មីសម្រាប់កូរ៉េខាងជើងដែលទើបសម្ពោធនាវាមុជទឹកបំពាក់នុយក្លេអ៊ែរ
- 2023-09-08 07:31:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាស់គេ! តែថ្មីសម្រាប់កូរ៉េខាងជើងដែលទើបសម្ពោធនាវាមុជទឹកបំពាក់នុយក្លេអ៊ែរ
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមដំណើរការនាវាមុជទឹកដែលបំពាក់នុយក្លេអ៊ែរទីមួយរបស់ប្រទេសផ្តាច់ការមួយនេះ។ នាវានេះ នឹងត្រូវដាក់ឱ្យបំពេញភារកិច្ចល្បាតដែនទឹកនៅចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន។
នាវាមុជទឹកនេះ មានលេខសម្គាល់ 841 ឈ្មោះ Hero Kim Kun Ok ដែលនឹងក្លាយជាអ្នកវាយប្រហារនុយក្លេអ៊ែរក្រោមផ្ទៃទឹករបស់កងទ័ពជើងទឹកកូរ៉េខាងជើង។
តែទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគបានអះអាងថា នាវានេះគឺជាស៊េរីចាស់តាំងពីជំនាន់សហភាពសូវៀតមកម្ល៉េះ ដែលកូរ៉េខាងជើង បានទិញពីចិនក្នុងអំឡុងទសវត្សរ៍ទី៧០ និងបានយកមកកែកុនបន្ថែម។ ការឌីហ្សាញនាវានេះ គឺមកជាមួយទីបចំនួន១០ ដែលទំនងជាសម្រាប់ផ្ទុកមីស៊ីលបាលីស្ទីក និងមីស៊ីលល្បឿនលឿន។
បើតាមលោក Vann Van Diepen អតីតអ្នកជំនាញអាវុធរបស់រដ្ឋាភិបាលអាមេរិក បានលើកឡើងថា នាវាមុជទឹកនេះមិនបានជួយអ្វីបន្ថែមដល់កងទ័ពនុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើយ ព្រោះតែអាយុកាលរបស់វា ភាពដំណើរការយឺតយ៉ាវ និងចម្ងាយមានដែនកំណត់ ពោលគឺវាមិនធន់ឡើយក្នុងការប្រើប្រាស់នៅសមរភូមិដែលមានរយៈពេលវែង។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា នាវាមុជទឹកដែលបំពាក់អាវុធនុយក្លេអ៊ែរនេះ គឺជាភារកិច្ចបន្ទាន់មួយ ហើយលោកសន្យាថា នឹងបំពាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តបន្ថែមទៀតទាំងនាវាមុជទឹក និងនាវាលើផ្ទៃទឹក សម្រាប់កងទ័ពជើងទឹក។
លោកបន្ថែមថា កូរ៉េខាងជើងគ្រោងកែប្រែនាវាមុជទឹកដែលមានស្រាប់ ទៅជានាវាដែលបំពាក់នុយក្លេអ៊ែរ ហើយមិនតែប៉ុណ្ណោះ លោកក៏បង្ហាញមហិច្ឆតាសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថែមទៀតផង។
គួរដឹងថា មកដល់ពេលនេះ កូរ៉េខាងជើងមាននាវាមុជទឹក ប្រហែល ២០គ្រឿង សុទ្ធតែបន្សល់មកពីអតីតសហភាពសូវៀត ដែលដំណើរការដោយម៉ាស៊ីន ម៉ាស៊ូត-អគ្គិសនី៕