ប៊ី សុធារី អន់ចិត្ដនឹង ជិន សំណាង ជុំវិញការលើកឡើងថា បវរកញ្ញាកម្ពុជាលើឆាកអន្ដរជាតិ ដូចអមឆាកឲ្យគេ

  • 2023-09-11 08:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត Miss Universe Cambodia 2017 ប៊ី សុធារី អន់ចិត្ដនឹងលោក ជិន សំណាង ដែលគ្រប់គ្នាស្គាល់ថា ជាថៅកែហាងពេជ្រ ហើយធ្លាប់លើកទឹកចិត្ដ និងគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ក្រោយពីថៅកែរូបនេះ និយាយថា ការប្រកួតវិស័យបវរកញ្ញានៅលើឆាកអន្ដរជាតិ បេក្ខនារីកម្ពុជាមិនដែលឡើងដល់Top 5។

ការលើកឡើងបែបនេះ ត្រូវបានកញ្ញា ប៊ី សុធារី ដែលបច្ចុប្បន្នជាតារាសម្ដែងស្រីលេចធ្លោមួយរូប រួមទាំងអ្នកសិល្បៈមួយចំនួនទៀតផង បានចាត់ទុកលោក ជិន សំណាង ថាមានចេតនាបណ្ដុះបង្អាប់ ឬមិនឲ្យតម្លៃបវរកញ្ញាកម្ពុជា ដែលខិតខំប្រឹងប្រែងពាំនាំសិល្បៈ វប្បធម៌ខ្មែរតាំងពីថ្នាក់ជាតិ រហូតដល់អន្ដរជាតិ ដើម្បីឲ្យមហាជនបានស្គាល់ បែរជាត្រូវស្ដីបន្ទោសទៅវិញ។ សុធារី ថា គ្រប់គ្នាបានប្រែងប្រឹងហើយ តែធ្វើម៉េចមិនបានឡើងដល់Top។

តាមរយៈបណ្ដាញសង្គម និងសារព័ត៌មាននានា គេមិនទាន់ឃើញលោក ជិន សំណាង ឆ្លើយតបនឹងការស្ដីបន្ដោសរបស់កញ្ញា ប៊ី សុធារី និងមិត្ដសិល្បៈមួយចំនួនទៀតទេ។ ប៉ុន្ដែនៅក្នុងវីដេអូបង្ហាញពីចំណាប់អារម្មណ៍ខ្លីមួយនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាកម្ពុជាមួយកាលពីពេលថ្មីៗ ហើយត្រូវបានគេយកទៅចែកចាយតាមបណ្ដាញសង្គម បង្ហាញថា កាលពីឆ្នាំ២០១៧ ពោលគឺជំនាន់កញ្ញា ប៊ី សុធារី ចេញទៅប្រឡងលើឆាកអន្ដរជាតិ គឺដូចតែជាគ្រាន់តែអមឆាកឲ្យគេ៕

ជិន សុភ័ក្ដ្រ