ប្រវត្តិសង្គ្រាមឆ្នាំ១៩៦៧៖ អ៊ីស្រាអែល ប្រើពេលតែ៦ថ្ងៃ វាយ​ឈ្នះកងទ័ពអារ៉ាប់៣ប្រទេស និងដណ្តើមកាន់កាប់ដី

  • 2023-09-13 04:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្គ្រាមរវាង​អ៊ីស្រាអែល និង​ប្រទេសអារ៉ាប់ចំនួន៣ គឺ អេហ្ស៊ីប ហ្សកដានី និងស៊ីរី ក្នុងឆ្នាំ​១៩៦៧ ឬហៅថា សង្គ្រាម​អារ៉ាប់-អ៊ីស្រាអែលលើកទី៣ ​មានរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី ៥ ដល់ ១០ ខែមិថុនា។

មុនផ្ទុះ​សង្គ្រាម​នេះ ក្រុមឧទ្ទាម​ប៉ាឡេស្ទីន ដែលមានការគាំទ្រពីស៊ីរី លីបង់ និងហ្សកដានី បាន​ផ្លោងគ្រាប់បែក​ចូលភូមិជនជាតិ​អ៊ីស្រាអែល ហើយក៏មាន​ការសងសឹកវិញពីទាហានអ៊ីស្រាអែលដែរ។ មកដល់ខែ​មេសា ឆ្នាំ១៩៦៧ កងទ័ព​អាកាសអ៊ីស្រាអែល បាន​បាញ់ទម្លាក់​យន្តហោះចម្បាំង MiG ៦គ្រឿង​របស់ស៊ីរី។

ក្រោយ​ហេតុការណ៍នេះ អេហ្ស៊ីប បានបង្ហាញការគាំទ្រស៊ីរី ដោយ​ចល័តទ័ព​ទៅឧបទ្វីបស៊ីណៃ ដែលនៅ​ជាប់ព្រំដែន​អ៊ីស្រាអែល នៅខែ​ឧសភា ឆ្នាំ​១៩៦៧ ហើយក៏បានបណ្តេញ​ទ័ពរក្សាសន្តិភាពរបស់ UN ចេញពីទីនោះផងដែរ។ លើសពីនេះទៀត អេហ្ស៊ីប បាន​ហាម​ឃាត់​ការដឹកជញ្ជូន​របស់​អ៊ីស្រាអែល ចេញពី​ច្រកសមុទ្រ Tiran ដែលជាផ្លូវ​សមុទ្រភ្ជាប់គ្នារវាងសមុទ្រក្រហម និង ឈូងសមុទ្រ Aqaba។ ក្រោយមកទៀត អេហ្ស៊ីប ក៏បានចុះកតិកាសញ្ញាយោធាជាមួយហ្សកដានី។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​១៩៦៧ អ៊ីស្រាអែល បាន​បើកការ​វាយប្រហារ​តាមផ្លូវអាកាស​ទាំងព្រឹក ដែលមាន​យន្តហោះប្រមាណ ២០០គ្រឿង ដោយបានកម្ទេចកងទ័ព​អាកាសអេហ្ស៊ីបប្រមាណ ៩០% ទៅ​ហើយ។ ៣ថ្ងៃ​បន្ទាប់មកទៀត កងទ័ព​អេហ្ស៊ីប ដែលនៅឧបទ្វីបស៊ីណៃ ដោយសារតែ​អត់មានកងទ័ព​អាកាសជួយ​ការពារ ក៏ទទួល​រងការ​វាយប្រហារ​ដ៏ខ្លាំងក្លាពីកងទ័ព​អ៊ីស្រាអែល​ទៀត។ ក្នុងសង្គ្រាម​នេះ អ៊ីស្រាអែល បាន​ទទួល​ជ័យជម្នះ ហើយបាន​កាន់កាប់​តំបន់​ហ្គាសា និងឧបទ្វីប​ស៊ីណៃ ដែលស្ថិតនៅ​ផ្នែកខាងកើត​ព្រែក​ជីក​ស៊ុយអេ។

ការពិត​នៅថ្ងៃទី៥មិថុនា​នោះ កងទ័ព​ហ្សកដានី ក៏បាន​ផ្លោងគ្រាប់បែក​ចូលទៅ​ភាគ​ខាងលិចក្រុង​យេរ៉ូសាឡឹមផងដែរ និង​មិនខ្វល់ពីការព្រមាន​តបតវិញ​របស់អ៊ីស្រាអែល​ឡើយ។ មក​ដល់ថ្ងៃទី៧ មិថុនា កងទ័ព​អ៊ីស្រាអែល បាន​វាយបណ្តេញ​ទ័ពហ្សកដានី​ចេញពី​ភាគខាងកើតក្រុងយេរ៉ូសាឡឹម និង​ភាគច្រើន​នៃ​តំបន់​វេសប៊េង។ ភ្លាមៗនោះ ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានបទឈប់បាញ់មួយ ហើយភាគីទាំង២ ក៏យល់ព្រមទទួល។ នៅថ្ងៃទី៨មិថុនា អេហ្ស៊ីប ក៏យល់ព្រមទទួល​ផងដែរ។

យ៉ាងណាមិញ នៅថ្ងៃទី​៩ ខែមិថុនា អ៊ីស្រាអែល បាន​បន្តបើក​ការវាយប្រហារ​ទៅលើ​តំបន់ Golan Heights ដែលជាផ្នែកមួយ​របស់​ស៊ីរី ដែល​ធ្វើឱ្យ​មានការប្រយុទ្ធបង្ហូរឈាមគ្នា​យ៉ាងខ្លាំង។ អ៊ីស្រាអែល​ បានវាយឈ្នះ​កាន់កាប់តំបន់នេះ​បានពីក​ងទ័ពស៊ីរី ហើយនៅថ្ងៃទី១០ ខែមិថុនា ស៊ីរី យល់ព្រមទទួលយកបទឈប់បាញ់ ហើយសង្គ្រាម​ក៏​ត្រូវបាន​បញ្ចប់ទាំងស្រុង៕

ប្រភព៖ britannica   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី