សម្ដី​ម៉ាត់ៗ​របស់​ឯកឧត្ដម​ ណយ​ ផាណា៖​ រាប់​សិប​ឆ្នាំ​ហើយ​យើង​មិន​ដែល​ឈ្នះ​មាស​ទេ ​ប៉ុន្តែ​ឥលូវ​កូន​ខ្មែរ​ធ្វើ​បាន​

  • 2023-09-19 07:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្ដម​ ណយ​ ផាណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ បញ្ជាក់​ថា​ចំពោះ​កីឡា​នេះ​ហើយ​គឺ​រាប់​សិប​ឆ្នាំ​ហើយ​មិន​ដែល​ឈ្នះ​មេដាយ​មាស​កម្រិត​អន្តរជាតិ​ធំៗ​បែប​នេះ​ទេ​ ប៉ុន្តែ​ឥលូវ​កូន​ខ្មែរ​ធ្វើ​បាន​ហើយ​ដោយ​ការ​ខំប្រឹង​ប្រែង​ស្ទើរ​គ្មាន​ពេល​ឈប់។​

រូបភាពផេក Cambodia 2023

ថ្លែង​ក្នុង​ពេល​មក​ដល់​កម្ពុជា​យប់មិញ​នេះ​ឯកឧត្ដម​ ណយ​ ផាណា​ បាន​ឲ្យ​ដឹង​ថា​ មេដាយ​ដែល​ឈ្នះ​នេះ​មិន​ថា​ មាស​ ប្រាក់​ ឬ​សំរឹទ្ធ​ក៏​ដោយ​គឺ​សុទ្ធតែ​ជា​ការ​ខំ​ប្រឹងប្រែង​ពិត​ប្រាកដ​មិនមែន​ជា​ការ​ឈ្នះ​ចៃដន្យ​នោះ​ឡើយ។​ ប្រទេស​កូរ៉េ​ និង​វៀតណាម​ ជាប់​ចំណាត់ថ្នាក់​លេខ២ និង​លេខ៣​ ក៏​គេ​មិន​ងាយ​ឲ្យ​កម្ពុជា​ឈ្នះ​ស្រួលៗ​នោះ​ដែរ​ ពោល​បើ​មើល​ពី​ពិន្ទុ​វិញ​ប្រកៀកប្រកិត​គ្នា​តែ​ម្ដង។​

រូបភាពផេក Cambodia 2023

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​ឯកឧត្ដម​ចង់​ឃើញ​នោះ​អ្វី​ៗ​ ឬ​សមិទ្ធផល​ផ្សេងៗ​គឺ​កើត​ចេញ​ពី​កូន​ខ្មែរ​ពិត​ប្រាកដ​ ឥលូវ​នេះ​គឺ​បាន​សម្រេច​ហើយ​។ កូន​ខ្មែរ​អាច​ធ្វើ​បាន​លទ្ធផល​មេដាយ​មាស​ជើងឯក​អាស៊ី​ នេះ​គឺ​បង្ហាត់​ដោយ​គ្រូ​ខ្មែរ​សុទ្ធសាធ​ កែច្នៃ​ បង្ហាត់​ប្រៀន​ និង​ផែនការ​រៀបចំ​ ការ​ដាក់គោលដៅ​ មិន​មាន​បរទេស​ណានោះ​ទេ។​ មេដាយ​មាស​នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ដ៏ធំ​មួយ​ និង​មោទកភាព​ ព្រោះ​រាប់​សិប​ឆ្នាំ​ហើយ​កីឡា​កាយសម្ព័ន្ធ​ ប្រភេទ​អូឡាំពិក​ហ្គេម​នេះ​កម្ពុជា​មិន​ធ្លាប់​ឈ្នះ​នោះ​ឡើយ។​

រូបភាពផេក Cambodia 2023

រំលឹក​ដែរ​ថា​ កីឡាករ​ កីឡា​ការិនី​កាយសម្ព័ន្ធ​ផ្នែក​អេរ៉ូប៉ិច​កម្ពុជា​បាន​វិល​ដល់​មាតុភូមិ​វិញ​ហើយ​បន្ទាប់​ចូលរួម​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ លើក​ទី៨​ នៅ​ប្រទេស​ម៉ុងហ្គោលី​រួច​មក។​ កម្ពុជា​ឈ្នះ​មេដាយ​ ២គ្រឿង​ពី​ព្រឹត្តិការណ៍​មួយ​នេះ​គឺ​ទី១​ ឈ្នះ​មេដាយ​មាស១ និង​ទី២ មេដាយសំរឹទ្ធ១៕​

រូបភាពផេក Cambodia 2023

អត្ថបទ៖ នួន ស៊ីណា​