កុមារីម្នាក់នៅខេត្តកំពង់ធំ អវិជ្ជមានជំងឺគ្រុនឈាម តែ​លទ្ធផលចេញមកគឺ​វិជ្ជមាន​វីរុស​ហ្សីកា​ ជាលើកដំបូង​ឆ្នាំ២០២៣នេះ

  • 2023-09-25 03:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២៣​ បាន​ឱ្យដឹងថា កម្ពុជាមានករណីឆ្លងវីរុសហ្ស៊ីកា​ជាលើកដំបូង​ក្នុងឆ្នាំ​២០២៣ ដែល​កើតលើ​កុមារីម្នាក់​អាយុ ៧ឆ្នាំ​ រស់នៅ​ភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ​ខេត្តកំពង់ធំ។

កុមារី​ម្នាក់នេះ បាន​ចូល​សម្រាក​នៅមន្ទីរពេទ្យ​បង្អែក​ស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៣ វេលាម៉ោង ១៨:២៥នាទី នៅផ្នែក​សង្គ្រោះ​បន្ទាន់កុមារ ដោយ​មានរោគសញ្ញាក្តៅខ្លួន​ខ្លាំង មានក្អួត និងរាគ បន្ទាប់ពី​គ្រូពេទ្យ​បានព្យាបាល​ធូរស្បើយ​លែងមាន​ក្អួតទៀត ហើយ​គ្រូពេទ្យបាន​ធ្វើតេស្តរហ័ស​រកជំងឺ​គ្រុនឈាម តែលទ្ធផល​អវិជ្ជមាន។

នៅថ្ងៃទៅ១៩ ខែកញ្ញា គ្រូពេទ្យ​បាន​បន្តយកវត្ថុ​វិភាគ និងបានផ្ញើរទៅវិទ្យាស្ថាន​ប៉ាស្ទ័រ​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់មកលទ្ធផលបង្ហាញ​នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២៣ គឺវិជ្ជមាន​វីរុសហ្ស៊ីកា។

បើតាម​ការបញ្ជាក់​របស់​ក្រសួង​សុខាភិបាល ​វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស​តាមរយៈ​មូសខ្លា​ដែលមានផ្ទុកវីរុស​ហ្ស៊ីកាខាំ។ ប្រភេទ​មូសខ្លានេះ គឺ​ដូចគ្នា​នឹងមូសខ្លា​ដែលផ្ទុក​វីរុស​ជំងឺគ្រុនឈាម និង​គ្រុនឈីក។

ជំងឺ​ហ្ស៊ីកា អាចឆ្លង​តាម​ការរួមភេទ​ជាមួយ​អ្នកផ្ទុក​វីរុស​ហ្ស៊ីកា ពីព្រោះ​វីរុស​នេះ​មាន​នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំង​សារធាតុ​រាវ​រាង្គកាយ នៅក្នុងខួរក្បាល​ និងខួរឆ្អឹងខ្នង ហើយក៏អាច​ឆ្លងពីម្តាយទៅកូនក្នុងអំឡុង​មានផ្ទៃពោះ និងនៅពេលសម្រាលផងដែរ៕

អត្ថបទ៖ សំភី