ABA ជាអ្នកឧបត្ថម្ភធំ នៃកម្មវិធីតាំងពិព័រណ៍ 1Khmer B2B និង B2C

  • 2023-09-27 08:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានធ្វើជាអ្នកឧបត្ថម្ភធំនៃកម្មវិធីពិព័រណ៍ 1Khmer B2B B2C។ កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី 22-24 ខែកញ្ញា ឆ្នាំ 2023 ដោយចូលរួមគាំទ្រពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងផ្សារមូលបត្រកម្ពុជា (ផមក) ។

កម្មវិធីនេះ មានការចូលរួមពីស្ថាប័នរដ្ឋ សហគ្រាសអាជីវកម្ម និងសមាគមធុរកិច្ចនៅកម្ពុជា ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននីមួយៗ។ អ្នកចូលរួមមានឱកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយដៃគូអាជីវកម្ម និងស្វែងរកឱកាសថ្មីៗ សម្រាប់អាជីវកម្មរបស់ខ្លួន នៅតាមស្តង់តាំងពិព័រណ៍សរុបចំនួន 80 ស្តង់។

កម្មវិធីតាំងពិព័រណ៍នេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

នៅបញ្ជរ ABA ក្នុងពិព័រណ៍នោះ ក្រុមការងាររបស់យើងបានទទួលស្វាគមន៍ និងផ្តល់ព័ត៌មាន ជូនដល់អ្នកចូលរួម អំពីផលិតផល និងសេវាកម្មផ្សេងៗរបស់ធនាគារ, ជួយបើកគណនីរហ័សជូនអតិថិជន ដែលសម្រេចប្រើប្រាស់សេវាធនាគារ ABA និងមានកម្មវិធីលេងហ្គេមយករង្វាន់ជាច្រើនទៀត សម្រាប់អ្នកចូលមកស្ដង់ ABA ផងដែរ។

ការឧបត្ថម្ភគាំទ្ររបស់ ABA ក្នុងកម្មវិធីពិព័រណ៍ 1Khmer B2B B2C បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការគាំទ្រដល់កំណើន និងការអភិវឌ្ឍអេកូស៊ីស្ទឹមនៃធុរកិច្ចកម្ពុជា។ តាមរយៈការឧបត្ថម្ភនេះ ធនាគារ ABA មានគោលបំណងបង្កើនទំនាក់ទំនងប្រកបដោយអត្ថន័យ រវាងបណ្ដាអាជីវកម្មនានា ព្រមទាំងបង្កើតឱកាសសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចបន្ថែមទៀត។

“កម្មវិធីតាំងពិព័រណ៍ 1Khmer B2B B2C ជាវេទិកាកសាងបណ្តាញ សម្រាប់សហគមន៍ធុរកិច្ចក្នុងស្រុក និងអន្តរជាតិ។ ការឧបត្ថម្ភរបស់ ABA បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ព័ត៌មានស្តីពីសេវាគាំទ្រហិរញ្ញវត្ថុ ដែលមានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗក្នុងប្រទេសជាច្រើន។”

លោក Eric Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន Engage Cambodia ដែលជាអ្នករៀបចំកម្មវិធីពិព័រណ៍ មានប្រសាសន៍ថា “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះធនាគារ ABA សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់កម្មវិធីតាំងពិព័រណ៍នេះ ក៏ដូចជាបរិយាកាសធុរកិច្ចក្នុងប្រទេស។”

ធនាគារតែងតែយកចិត្តទុកដាក់លើការគាំទ្រសហគមន៍មូលដ្ឋាន និងលើកកម្ពស់ដល់កំណើនអាជីវកម្មក្នុងស្រុក។ ABA បន្តជំរុញអាជីវកម្មឲ្យកាន់តែរីកចម្រើននៅក្នុងសេដ្ឋកិច្ច ប្រកបដោយប្រពលភាពរបស់កម្ពុជា តាមរយៈដំណោះស្រាយសេវាធនាគារដ៏ទូលំទូលាយរបស់ខ្លួន ដូចជា កម្ចីអាជីវកម្ម គណនីសម្រាប់អាជីវកម្ម និងសេវាធនាគារឌីជីថល៕

អត្ថបទថ្មី