ក្រុមការ៉ាតេកម្ពុជា៖ កីឡាអាស៊ីនៅចិននេះទោះគេខ្លាំងៗប៉ុណ្ណា យើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព
- 2023-10-04 04:54:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមការ៉ាតេកម្ពុជា៖ កីឡាអាស៊ីនៅចិននេះទោះគេខ្លាំងៗប៉ុណ្ណា យើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព
ចន្លោះមិនឃើញ
ក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជា បានប្ដេជ្ញាចិត្តថានឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពបើទោះជាកម្រិតកីឡាអាស៊ីនេះមានពោរពេញដោយកីឡាករ កីឡាការិនីខ្លាំងៗយ៉ាងណាក្ដី។
លោក ហេង ផេង គ្រូបង្វឹកជម្រើសជាតិកីឡាការ៉ាតេកម្ពុជាបានឲ្យដឹងថា សម្រាប់ការ៉ាតេនេះជាលើកទី៣ហើយដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ហើយក៏ជាពេលដែលមានកីឡាករ កីឡាការិនីប្រកួតចំនួនច្រើន។
គ្រូបង្វឹកខាងប្រាប់ទៀតថា កីឡាអាស៊ីនេះគឺជាការប្រកួតកម្រិតខ្ពស់ ឬកម្រិតអូឡាំពិកទៅហើយ ដូច្នេះវាជាការប្រកួតដ៏លំបាក និងតានតឹងមួយ។ យ៉ាងណាតាមរយៈជ័យជម្នះនៅស៊ីហ្គេមកម្ពុជាថ្មីៗនេះ រួមនិងការហ្វឹកហាត់ បទពិសោធចូលរួមកម្មវិធីផ្សេងៗកន្លងមកគឺបានជំរុញលើកទឹកចិត្តអត្តពលិកការ៉ាតេឲ្យមានចិត្តក្លាហានផងដែរ។ បន្ថែមពីនេះក្រុមកម្ពុជាបានដាក់ចិត្ត និងបានប្ដេជ្ញារួចហើយថាប៉ះគេខ្លាំងៗយ៉ាងណាក៏ដោយគឺត្រូវប្រឹងឲ្យអស់លទ្ធភាពរបស់ខ្លួន។
បញ្ជាក់ដែរថា កម្ពុជាបានបញ្ជូនកីឡាចំនួន ១៧ប្រភេទចូលរួមប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅហាន់ចូវ ប្រទេសចិន។ ប្រភេទកីឡាមួយចំនួនក៏បានប្រកួតចប់ និងវិលមកកម្ពុជាហើយ។ ដោយឡែកសម្រាប់កីឡាការ៉ាតេនេះបើតាមកម្មវិធីប្រកួតគឺចាប់ផ្ដើមពីថ្ងៃទី៥ ដល់ទី៨ ខែតុលា ២០២៣។ មកដល់ពេលនេះកម្ពុជាមិនទាន់ឈ្នះមេដាយកម្រិតណាមួយពីការប្រកួតលើកទី១៩ ប្រទេសចិននេះទេ៕