ចង់ទៅលេងទឹកជ្រោះ ឬទឹកធ្លាក់! ត្រឹម​ខេត្តកំពង់ស្ពឺ ឬហួស​ហ្នឹងបន្តិច គឺមិនខ្វះទេ

  • 2023-10-04 09:15:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពង់ស្ពឺ​ មិនត្រឹមតែ​ជាច្រកឆ្លង​កាត់ដ៏សំខាន់របស់​ខេត្តកោះកុង ព្រះសីហនុ និងកំពតនោះទេ ប៉ុន្តែខេត្ត​នេះ គឺ​សម្បូរ​ទៅដោយរមណីយដ្ឋានទេសចរណ៍​ធម្មជាតិជាច្រើន ជាពិសេស​គឺ​រមណីយដ្ឋានទឹកជ្រោះ ឬទឹកធ្លាក់ ដែល​សុទ្ធតែល្បីៗ។ ដូច្នេះ​ យើងសូម​បង្ហាញ​រមណីយដ្ឋាន​ប្រភេទនេះដូចខាងក្រោម៖

គិរីរម្យ: ស្ថិតក្នុងឃុំគិរីរម្យ ស្រុកភ្នំស្រួច។ រមណីយដ្ឋាន​នេះ ទទួលភ្ញៀវទេសចរ​មិនចេះដាច់​ ដោយ​សារតែទីតាំង​មិនឆ្ងាយប៉ុន្មានឡើយ ពីរាជធានីភ្នំពេញ រួមជាមួយ​ទេសភាព​ដ៏ស្រស់ត្រកាល ជាពិសេសដើមស្រល់។ លើសពីនេះ មិនត្រឹមតែមាន​ទឹកអាចងូតកម្សាន្តឡើយ ប៉ុន្តែ​រមណីយដ្ឋាន​នេះ ក៏​មាន​កន្លែងទាក់ទាញ​មួយចំនួនទៀតដែរ ដូចជា ព្រះរាជដំណាក់ ថ្មលយ និងមានកន្លែងបោះតង់​ផងដែរ។

ចំបក់ៈ ស្ថិតនៅ​ផ្លូវទៅជាមួយ​គិរីម្យដូចគ្នា ដោយគ្រាន់តែដល់ផ្លូវបំបែក គឺបត់ឆ្វេងឡើងទៅគិរីរម្យ និងទៅត្រង់​គឺសំដៅទៅទឹកជ្រោះចំបក់។ នៅទីនោះ គឺមានសហគមន៍ចំបក់ ដែល​អ្នកអាចផ្ញើ​ចតយានជំនិះ រួចបន្តដំណើរ​ដោយថ្មើរជើងឡើងភ្ន​ប្រហែលគីឡូម៉ែត្រ នឹង​ទៅដល់ទឹកជ្រោះចំបក់ ដែលអាច​ងូតទឹកលេងកម្សាន្តយ៉ាងត្រជាក់ចិត្ត។

ទឹកធ្លាក់អូតាសេក: ស្ថិតនៅលើភ្នំគិរីរម្យដែលទីនេះមានទឹកធ្លាក់យ៉ាងគំហុកបន្លឺសម្លេងយ៉ាងឮ។ ភ្ញៀវ​អាចលេងទឹកដែលហូរមកពីខាងលើភ្នំដ៏ត្រជាក់ និងរីករាយជាមួយទេសភាពដែលព័ទ្ធជុំវិញទៅដោយធម្មជាតិ រុក្ខជាតិតូចធំ ប៉ុន្តែតំបន់នេះមិនសូវជាមានអ្នកទេសចរដឹងច្រើននៅឡើយទេ។

ទឹកជ្រោះ​ជ្រាវ: ស្ថិតនៅ​ឃុំអមលាំង ស្រុកថ្ពង។ សម្រាប់​ផ្លូវធ្វើដំណើរទៅ​រមណីដ្ឋាន​នេះ គឺ​មានភាព​ងាយស្រួលណាស់ ក៏មិនឆ្ងាយ​ពីភ្នំពេញដែរ។ អ្នកទេសចរ​ អាច​ងូតលេងកម្សាន្តបានយ៉ាងសប្បាយ។ មិនតែប៉ុណ្ណោះ ទឹកជ្រោះក៏មានច្រើនដំណាក់ដែរ តាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

ទឹកធ្លាក់អូរគគី: ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ ហើយ​អាចឃើញ​ទឹកធ្លាក់​នេះតែម្តង ដោយគ្រាន់តែធ្វើដំណើរ​ចុះពីកន្លែងបន់ស្រន់​លោកយាយម៉ៅបន្តិចតែប៉ុណ្ណោះ។ ភ្ញៀវ​នឹង​ទទួលអារម្មណ៍សប្បាយរីករាយ​ក្រៃលែង​ជាមួយទឹកដ៏ត្រជាក់ ដែលធ្លាក់ពីលើភ្នំដ៏ខ្ពស់។

ក្រៅពីនេះ ក៏មានរមណីយដ្ឋាន​២ទៀត ដោយគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិលេខ៤ ហួសខេត្តកំពង់ស្ពឺ​បន្តិច គឺ​ ថ្មរូង ដែលស្ថិតក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និង​ ទឹកជ្រោះ៩ជាន់ ដែលបត់​ចូលតាមក្លោងទ្វារ តំបន់តេជោអភិវឌ្ឍន៍ ត្រង់ចំណុចគីឡូម៉ែត្រ ៩៩ និង ១០០៕