ខេត្តកំពង់ធំ មាន​រមណីយដ្ឋាន៣កន្លែង​ដែលមនុស្ស​ទៅលេងច្រើនខ្លាំង ពេលមានបុណ្យទានម្តងៗ

  • 2023-10-11 08:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពង់ធំ មិនត្រឹមតែជាច្រកឆ្លងកាត់​ដ៏សំខាន់​ទៅកាន់តែសៀមរាប និងព្រះវិហារ​តែប៉ុណ្ណោះទេ ប៉ុន្តែ​ខេត្ត​នេះ ក៏សម្បូរ​ទៅដោយ​តំបន់ទេសចរណ៍​ល្បីៗជាច្រើនផងដែរ។ ក្នុងនោះ​មាន​រមណីយដ្ឋាន​ ៣កន្លែង​ដែលល្បី​បំផុត​ប្រចាំខេត្តកំពង់ធំតែម្តង គឺ​ប្រាសាទសំបូរព្រៃគុក ភ្នំសន្ទុក និង​ស្ទឹងជីនិត ឬទំនប់១មករា។

ប្រាសាទ​សំបូរព្រៃគុក

យើង​ធ្វើ​ដំណើរ​​​ចេញ​ពី​ទី​រួម​ខេត្ត​ឆ្លង​ស្ពាន​ស្ទឹង​សែន​ឆ្ពោះ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៦​ ដល់​ផ្លូវ​បំបែប​ទៅ​សៀមរាប​ និង ​ព្រះវិហារ​ រួច​ជិះ​ទៅ​ត្រង់​តាម​ផ្លូវ​ជាតិ​លេខ ​៦៤ ​កំពង់ធំ​ព្រះវិហារ​ប្រមាណ​ជា​ជាង​ ៤០​ នាទី​ យើង​នឹង​ ទៅ​ដល់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជា​មិន​ខាន​។​  ប្រាសាទ​នេះ​ទទួលបានការទាក់ទាញខ្លាំង ក្រោយត្រូវបាន​ដាក់បញ្ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​។​

ប្រាសាទ​នេះ​សង់​ពី​ថ្ម​បាយ​ក្រៀម​ ឥដ្ឋ​តាន់​ និង ​ថ្ម​ភក់​ ក្នុង​រ​ជ្ជកាល​ព្រះបាទ​ឥ្ឍសានវរ័្មន​ ក្នុង​គ.ស​ ឆ្នាំ ​៦១៦​-​៦៣៥​ នា​សម័យ​ចេនឡា​ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះសិវៈ​ក្នុង​លទ្ធិ​ព្រហ្មញ្ញ​សាសនា​។   ក្នុង​បរិវេណ​ រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្រ្ត​ និង ​ធម្មជាតិ​នេះ​ តាម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ មាន​ ប្រាសាទ​ប្រហែល​ជាង​ ១២០​ ប្រាសាទ​ស្ថិត​នៅ​ជា​ក្រុម​ៗ​ ខណៈ​ដែល​ឥឡូវ​ប្រាសាទ​ប្រមាណ​ជា ​៤០​ ទៅ​ ៥០​ ដែល​មាន​រូប ​ឃើញ​តួ​ប្រាសាទ​។​ ប្រាសាទ​ដែល​មាន​សភា​ព​ល្អ​ជាង​គេ​នោះ​ មាន​ ប្រាសាទ​តោ​ និង ​ប្រាសាទ​យាយ​ព័ន្ធ​។​ នៅ​ទី​នោះ​ក៏​មាន​ម្ហូប​អាហារ​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ដែល​អញ្ចើញ​មក​ទស្សនា​ ម្ហូប​ពិសេស​ហើយ​ល្បី​នៅ​ទីនោះ​គឺ​មាន់​ដុត​។​

ភ្នំ​សន្ទុក​

និយាយ​ពី​ភ្នំ​សន្ទុក​សឹង​ស្រក់​ទឹក​មាត់​ភ្លាម​តែ​ម្ដង​នឹក​ឃើញ​មាន់​ដុត​ ​ក្តៅ​ៗ​ ដែល​ល្បី​ស្ទើរ​ពេញ​ទាំង​ ខេត្ត​ មាន់​ដុត​នៅ​ទីនោះ​ឆ្ងាញ់​ផ្អែម​ជាប់​មាត់​តែ​ម្តង​។​ ភ្នំ​សន្ទុក​ ស្ថិត​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦​ ​ក្នុង​ភូមិ​កកោះ​ ឃុំ​កកោះ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ចំងាយ ​១៧​គី ឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។​

មធ្យោបាយ​ធ្វើ​ដំណើរ​ឡើង​រមណីយដ្ឋាន​បែប​ធម្មជាតិ​ និង ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ អាច​ឡើង​តាម​ម៉ូតូ រថយន្ត​តាម​ផ្លូវ​ក្រាល​បេតុង​ក៏​បាន​ ឬ​តាម​ថ្មើរ​ជើង​ក៏​បាន​ ដែល​មាន​កាំ​ជណ្តើរ​ប្រមាណ​ ៨០៩​ កាំ​ពី​ជើង​ភ្នំ​។​ ពេល​ឡើង​ភ្នំ​យើង​នឹង​ឃើញ​ព្រះវិហារ​នៅ​ជាប់​នឹង​​កាំ​ជណ្តើរ​ឡើង​ កន្លែង​ទម្លាក់​កាក់​ អាស្រម​អ្នក​តា​ ថ្ម​អណ្តែត​ រូប​ព្រះបាទ​ជាន់​ទុក​ និង មើល​ឃើញ​ទេសភាព​ខៀវ​ស្រងាត់​ខ្យល់​អាកាស​បរិសុទ្ធ​ជុំវិញ​បឹង​ទន្លេសាប​។​ ចំពោះ​អ្នក​ទៅ​លេង​នៅ​ទី​នោះ​ ភាគ​ច្រើន​ទៅ​លេង​នៅ​ពេល​ថ្ងៃ​ឈប់​សំរាក​ចុង​សប្តាហ៍​ និង ​មាន​ពិធី​បុណ្យ​ផ្សេងៗ​លក្ខណៈ​ ជា​ក្រុម​គ្រួសារ​ ឬ​មិត្ត​ភក្ដិ​។

ស្ទឹងជីនិត ឬទំនប់ ១មករា

ទំនប់​បង្ហៀរ​ទឹក​១​មករា​ស្ថិត​នៅ​ក្នុង​ភូមិ​តាភោក​ ឃុំ​បល្ល័ង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​។​ គេ​កសាង​ ឡើង​ក្នុង​គោល​បំណង​ផ្តោត​ទៅ​លើ​ប្រព័ន្ធ​ស្រោច​ស្រប​ដំណាំ​កសិកម្ម​នៅ​ក្នុង​ស្រុក​សន្ទុក​ និង ​ស្រុក​បារាយណ៍​ដែល​មាន​កន្លែង​ទំនប់​បង្ហៀរ​ទឹក​ប្រវែង ​៧៥០​ ម៉ែត្រ​។ រមណីយដ្ឋាន​ដ៏​គួរ​ឲ្យ​គយ​គន់​នេះ​ ស្ថិត​នៅ​ពី​ផ្លូវ​បំបែក​កំពង់ថ្ម​ប្រមាណ​ ៤​ គីឡូម៉ែត្រ​។​​ គ្រាន់​តែ​កន្លែង​ទំនប់​បង្ហៀរ​ទេ ​តែ​ឥឡូវ​កំពុង​តែ​ជា​កន្លែង​ពេញ​និយម​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ជា​ពិសេស​យុវវ័យ​មក​ងូត​ទឹក​លេង​ និង ​មក​​ញុំ​អាហារ​បែប​ស្រុក​ស្រែ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ទៀត​ផង​។