ប្រើមុខងារ​ Cruise Control មានប្រយោជន៍​ណាស់​សម្រាប់អ្នកបើកបរ

  • 2023-10-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នៅស្រុកយើង អ្នកបើកបរ​ភាគច្រើន​តែងបារម្ភ​ពីការបើកបរ​លើសល្បឿន​ពិសេស​នៅតាមផ្លូវជាតិ ឧទាហរណ៍​ដូចជានៅផ្លូវជាតិលេខ៣ជាដើម ហើយ​កត្តា​ប្រេង​សាំង​ឡើង​ថ្លៃ ក៏ធ្វើឱ្យ​ព្រួយចិត្តដែរ។ ការពិត​ទៅ ក្នុងរថយន្តគឺមាន​មុខងារមួយ​ហៅថា Cruise Control ងាយស្រួលប្រើបំផុត ដែល​មានទីតាំង​ស្ថិតនៅ​ម្តុំដៃចង្កូត គ្រាន់តែខុសរូបរាង​គ្នា​ទៅតាម​ប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និង​ខ្លះជាប៊ូតុងចុច។

មុខងារ​នេះ​វាបាន​ផ្តល់​ប្រយោជន៍​យ៉ាងច្រើនជាជំនួយ​ដល់​ការបើកបរ​របស់លោកអ្នក រួមមាន​ដូចជា៖

១. សន្សំសំចៃ​នៃការ​ប្រើប្រាស់​សាំង៖ ពេល​បើក​មុខងារ Cruise Control អ្នកមិនចាំបាច់​ត្រូវជាន់ហ្គែរបន្ថែមល្បឿន​នោះទេ ដោយ​មុខងារ​នេះគឺ​វាជួយមិនឱ្យរថយន្ត​ថយល្បឿនវិញឡើយ។ ដូច្នេះ​វាក៏​មិនស៊ីសាំង​ដូចការជាន់ហ្គែរនោះដែរ។

២. មិនចុកជើង និង​កាត់​បន្ថយភាព​ភ័យខ្លាច​បុកប៉ះ​ជាមួយគេ៖ រាល់ពេល​ដែល​អ្នកបើកបរ​ជាន់ហ្គែរបង្កើនល្បឿន គឺប្រាកដ​ជាមានការ​បារម្ភខ្លាចជាន់ជ្រុល ហើយ​ជាន់ហ្វ្រាំង​មិនទាន់បុកប៉ះជាមួយយានយន្តដទៃ ឬឧបសគ្គអ្វីមួយនៅខាងមុខ។ អ៊ីចឹង​ អ្នក​បើកបរ​គ្រាន់តែប្រើមុខងារCruise Control ហើយដាក់​ជើង​គងលើឈ្នាន់​ហ្វ្រាំង​ត្រៀម​តែជាន់ប៉ុណ្ណោះ មិនមានអ្វីត្រូវគិត​បារម្ភច្រើនឡើយ និង​មិនចុកជើងទៀត។

៣. គេចផុតពីការចាប់ល្បឿន​របស់​ប៉ូលិស៖ នេះ​ជាចំណុច​ដ៏មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នកបើកបរ ពិសេស​នៅតាមផ្លូវដែល​មានផ្លាកសញ្ញាកំណត់ល្បឿន។ ឧទារណ៍​នៅពេល​បើកបរ​ដល់​ចំណុច​ដែល​មានការដាក់ផ្លាកសញ្ញាកំណត់​ល្បឿនអតិបរមា ៦០គីឡូម៉ែត្រ/១ម៉ោង អ៊ីចឹង​គ្រាន់តែប្រើ Cruise Control កំណត់​តាមល្បឿនហ្នឹង ជាការស្រេច ប្រសើរជាងការជាន់ហ្គែរ ឬបន្ថយល្បឿន ដែល​ត្រូវឧហ្សាហ៍ងាកមើលកុងទ័រចុះឡើងនាំតែពិបាក ហើយមិនស្រួលច្រលំជាន់ជ្រុលលើសល្បឿនកំណត់​នេះទៀត។

៤. បច្ចុប្បន្នវា​ត្រូវបាន​អភិវឌ្ឍន៍​កាន់តែ​មាន​ប្រសិទ្ធភាព​ជាងមុន ដែល​វា​បំពាក់​ជាមួយសេនស័រ ក្នុងការ​ចាប់ចម្ងាយ និងល្បឿន​រថយន្ត​ខាងមុខ ពោលគឺ​ជួយរក្សា​ល្បឿន​រថយន្តអ្នកដោយ​ស្វ័យប្រវត្តិ មិនឱ្យទៅកៀក​រថយន្តខាងមុខឡើយ ដែល​គេហៅថា Adaptive Cruise Control។

តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រើ​មុខងារ Cruise Control នៅ​តាមស្ថានភាព​ផ្លូវមួយចំនួនដូចជា ផ្លូវរលាក់ ផ្លូវចង្អៀត ឬផ្លូវមានចរាចរណ៍ច្រើន ផ្លូវឡើងទួល ឬស្ពាន ផ្លូវសើម ឬរអិល និងពេលយប់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី