Apple អះអាងថា iPhone 12 មានសុវត្ថិភាព ក្រោយពីបារាំងថាទូរស័ព្ទនេះមាន វិទ្យុសកម្មខ្ពស់

  • 2023-10-16 07:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនគ្រោងនឹងអនុលោមតាមតម្រូវការការធ្វើតេស្តវិទ្យុសកម្មរបស់ប្រទេសបារាំង ដោយដាក់ចេញនូវការអាប់ដេតដែលនឹងបញ្ឈប់ iPhone 12 ពីការប្រើប្រាស់ថាមពលបន្ថែមទៀត។ ក្រុមហ៊ុន Apple បានជំទាស់នឹងការរកឃើញរបស់និយតករបារាំងដែលបាននិយាយថា iPhone 12 ដែលដាក់លក់នៅលើទីផ្សារអស់រយៈពេល 3 ឆ្នាំមកហើយនោះ បានផ្តល់ថាមពលលើសពីបរិមាណវិទ្យុសកម្មដែលអាចអនុញ្ញាតបាន និងបានបញ្ឈប់ការលក់ស្មាតហ្វូន iPhone 12។

ក្រុមហ៊ុន Apple បានផ្តល់ការពន្យល់លម្អិត របស់ខ្លួន អំពីភាពខុសគ្នារវាងការរកឃើញរបស់ប្រទេសបារាំង និងប្រទេសផ្សេងទៀតដែល iPhone 12 ត្រូវបានអនុម័តសម្រាប់លក់។ នៅក្នុងអត្ថបទមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Apple បាននិយាយថា អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដែលទូរស័ព្ទ iPhone បានរួមបញ្ចូលឧបករណ៍ចាប់សញ្ញាដែលអនុញ្ញាតឱ្យទូរស័ព្ទអាចរកឃើញនៅពេលដែលវានៅជិតរាងកាយរបស់អ្នកប្រើ ដើម្បីរក្សាថាមពលបញ្ជូននៅកម្រិតទាប។ នៅពេលដែលទូរស័ព្ទមិននៅជិតរាងកាយ ដូចជានៅពេលដែលវាត្រូវបានដាក់នៅលើតុ វាប្រើប្រាស់កម្រិតថាមពលបញ្ជូនខ្ពស់ជាងបន្តិច។

ក្រុមហ៊ុន បានចេញការអាប់ដេតផ្នែក software យ៉ាងទូលំទូលាយសម្រាប់អ្នកប្រើប្រាស់នៅប្រទេសបារាំងក្នុងខែនេះ ដែលនឹងបិទបច្ចេកវិទ្យាសម្គាល់រាងកាយ ដោយរក្សាទូរស័ព្ទនៅកម្រិតថាមពលបញ្ជូនទាបគ្រប់ពេលវេលា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Apple បាននិយាយថា iPhone 12 នៅតែមានសុវត្ថិភាពក្នុងការប្រើប្រាស់ ទោះបីជាមិនមានការអាប់ដេតកម្មវិធីក៏ដោយ។

"យើងចង់ឱ្យអ្នកប្រើប្រាស់ iPhone 12 ទាំងអស់ដឹងថា iPhone 12 មានសុវត្ថិភាពក្នុងការប្រើប្រាស់”។ នេះបើតាមការអះអាងពី Apple។ ទូរស័ព្ទ iPhone 12 ត្រូវបានបញ្ជាក់ដើម្បីបំពេញតាមបទប្បញ្ញត្តិ និងស្តង់ដារនៃការបញ្ជូនថាមពលទូទាំងពិភពលោកនៅពេលដែលវាត្រូវបានចេញលក់ដំបូងក្នុងឆ្នាំ 2020 ហើយមិនមានការផ្លាស់ប្តូរណាមួយត្រូវបានធ្វើឡើងចាប់តាំងពីពេលនោះមក។

អត្ថបទ ៖ សង្ហា