ភ្ញាក់ផ្អើល! តារាកំប្លែងនាយ កុយ ក្លាយជាតួឯកក្នុងភាពយន្តថ្មីមួយ

  • 2023-10-18 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុតទៅ! តារាកំប្លែងល្បីឈ្មោះលោក ជួង ជី ហៅនាយ កុយ ត្រូវបានជ្រើសរើសធ្វើជាតួឯកក្នុងភាពយន្តថ្មីមួយបន្ទាប់ពីលោកបានចំណាយពេល ៤០ឆ្នាំក្នុងអាជីពសម្ដែង និងកំប្លែង ដែលតែងតែបង្កសំណើចដល់មហាជនខ្មែរទូទៅ។

ជាការពិតណាស់ ក្នុងអាជីពជាតារាកំប្លែងប្រចាំប្រទេស ដែលបានក្រាញននៀលក្នុងវិស័យសិល្បៈរាប់ទសវត្សមកហើយ តាមរយៈការសម្ដែងក្នុងភាពយន្តនានា និងកំប្លែងនៅលេីឆាក។ ក្នុងវិស័យភាពយន្ត ភាគច្រេីនលោកតែងត្រូវបានអ្នកដឹកនាំរឿងឱ្យសម្ដែងជាតួបែបកំប្លុកកំប្លែងជាមួយនឹងអ្នករួមអាជីពកំប្លែងផ្សេងទៀត ដើម្បីបង្កសំណើចដល់ទស្សនិកជន ដែលជាសិល្បិ៍វិធីមួយរបស់អ្នកនិពន្ធ ឬអ្នកដឹកនាំរឿងតាំងពីដើមរៀងមក ដោយកម្រនឹងឃេីញរូបលោកចូលរួមសម្ដែងជាតួឯកណាស់។

ទោះបីជាយ៉ាងណា លោក ជូង ជី ហៅនាយ កុយ នៅពេលនេះត្រូវបានជ្រើសរើសសម្ដែងជាតួឯកក្នុងអាជីពសិល្បៈរបស់លោក ។ ផលិតករលោក ឆាយ បូរ៉ា ដែលជាចាងហ្វាងផលិតកម្មដើមត្នោត ធ្វើរឿងមួយនេះ ផ្ដល់ឱកាសដល់តារាកំប្លែងរូបនេះទៅសាច់រឿងបែបកំប្លែងបង្កប់ដោយខ្លឹមសារអប់រំផងដែរ។ បើតាមអ្នកដឹកនាំរឿងរូបនេះឱ្យដឹងថា មុននឹងសម្រេចសរសេរសាច់រឿងនេះឡើង លោកបានពិចារណាលើតួអង្គមួយចំនួនដែលមានភាពសក្ដិសមសម្រាប់រឿងរបស់លោក ហេីយមេីលឃេីថា នាយកុយ មានសក្ដានុពលសក្ដិសមបំផុត។

លោក ឆាយ បូរ៉ា បញ្ជាក់ថា៖ “ដល់ពេលយើងមើលទៅ បងកុយ គាត់សក្ដិសមជាងគេ។ ប៉ុន្តែយើងគិតពីការលំបាក ព្រោះគាត់ជាតារាកំប្លែងលើឆាក ដល់ពេលមកថតភាពយន្តមានប៉ារ៉ូលច្រើន”។

លោក ឆាយ បូរ៉ា បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ តារាកំប្លែងលោក ជួង ជី ហៅនាយ កុយ មានវ័យ៦៦ឆ្នាំ ហើយដោយបានប្រឡូកក្នុងអាជីពសិល្បៈតាំងពីឆ្នាំ១៩៨០ មកម៉្លេះ ដែលពិតជាមានការលំបាកសម្រាប់រូបគាត់។ លោកសង្កត់ធ្ងន់ថា៖ យើងគិតថា លំបាក ប៉ុន្តែយើងព្យាយាមយកគាត់ ព្រោះគាត់ជាតួអង្គដែលទៅសក្តិសមជាងគេបំផុតតួល្បីៗនៅក្នុងស្រុកខ្មែរសម្រាប់រឿងរបស់ខ្ញុំ”។

បើតាមលោក ឆាយ បូរ៉ា បានបញ្ជាក់ថា ភាពយន្តដែលមានតារាកំប្លែង ជួង ជី ហៅនាយ កុយ ជាតួឯកនេះមានចំណងជើងថា “ អុំចនម៉ែដោះ” ដែលជាភាពយន្តបែបកំប្លែងផង និងបង្កប់ដោយការអប់រំពីជីវិត ក៏ដូចជាការតស៊ូដើម្បីជីវភាពរស់នៅ ដែលឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នផងដែរ។ អ្វីដែលកើតចេញពីការខិតខំប្រឹងប្រែងសម្រិតសម្រាំងនេះ លោកជឿជាក់ថា ទស្សនិកជន នឹងទទួលបានទស្សនីយភាពថ្មីប្លែកបន្ថែមលើភាពយន្តជាតិ និងអន្តរជាតិដែលត្រូវបានចាក់បញ្ចាំងនាពេលកន្លងមក។

លោកសង្កត់ធ្ងន់ថា៖ ខ្សែភាពយន្ត រឿង អ៊ំចន ម៉ែដោះ អត្ថបទរឿង ល្អ គុណភាព បច្ចេកទេសថត កាត់តល្អ។ ឈុត ដែលសំខាន់ គឺតួអង្គថត ជាមួយសត្វផ្សេងៗ ជាពិសេសសត្វខ្លា"។

ម្យ៉ាងទៀត ក្រៅពីអ្វីដែលជាការខិតខំប្រឹងប្រែងផលិតរបស់លោក និងក្រុមការងារទាំងអស់ លោក ឆាយ បូរ៉ា ក៏ចង់ឃើញនូវមនសិកាស្នេហា និងគាំទ្រភាពយន្តជាតិពីសំណាក់ទស្សនិកជនផងដែរ តាមរយៈការចូលរួមគាំទ្រឱ្យសមស្របទៅនឹងការលះបង់របស់ផលិតករគ្រប់រូបក្នុងដំណើរការជ្រោមជ្រែងវិស័យមួយនេះកន្លងមក។

សូមបញ្ជាក់ថា លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត ធ្លាប់បានបង្កើតស្នាដៃភាពយន្តជាច្រើននាពេលកន្លងមក។ ក្នុងនោះភាពយន្តមួយចំនួនទទួលបានពានរង្វាន់អន្តរជាតិទៀតផង។ ជាក់ស្ដែងរឿង” ឃ្លាតទៅសែនឆ្ងាយ” រួមទាំងភាពយន្តជាច្រើនទៀត។ ដោយឡែកចំពោះភាពយន្តរឿង”អុំចន ម៉ែដោះ” ទោះបីជាមិនទាន់កំណត់ពេលចាក់បញ្ចាំងជាក់លាក់យ៉ាងណាក៏ដោយ ប៉ុន្តែផលិតករលោក ឆាយ បូរ៉ា អះអាងថា វណ្ណកម្មថ្មីនេះក៏អាចនឹងទទួលបានការគាំទ្រដូចរឿង”លោកគ្រូប្រពន្ធល្អ” ដែលជាប់ក្នុងមហោស្រពភាពយន្តនៅ ប្រទេសចិនក្រោយបានចាក់បញ្ចាំងកាលពីចុងឆ្នាំ២០២២ ជាក់ជាពុំខាន៕