រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ ជំរុញ​ឱ្យសិស្ស​បាក់ឌុប ចាប់យក​ជំនាញ​បច្ចេកវិទ្យាឌីជីថល ដែល​មាន​ឱកាស​ការងារ​បាន​ប្រាក់ចំណូល​ខ្ពស់

  • 2023-11-10 04:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​បានប្រឡង​មធ្យម​សិក្សាទុតិយភូមិ​ឆ្នាំ​២០២៣នេះ ឱ្យ​ពិចារណា​ចាប់​យក​ការសិក្សា​លើ​ជំនាញ​បច្ចេកវិទ្យាឌីជីថល និងជំនាញ​ពាក់ព័ន្ធផ្សេងៗ ដើម្បី​ទទួលបាន​ឱកាស​ល្អដែលមាន​​ប្រាក់​ចំណូលខ្ពស់​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ។ នេះបើតាម​សេចក្តី​ប្រកាស​មួយរបស់ឯកឧត្តម​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២៣។

នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។

​ឯកឧត្តម ជា វ៉ាន់ដេត បញ្ជាក់​ថា ក្មួយៗអាចទទួលបានឱកាស​សិក្សា​ជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។

បើតាមការលើកឡើង​របស់​ឯកឧត្តមរដ្ឋមន្រ្តី​នាពេលកន្លងមក​បាន​ឱ្យដឹងថា ជំនាញ​បច្ចេកវិទ្យាឌីជីថល​ មានលក្ខណៈទូលំទូលាយ​ ហើយកំពុងវិវត្ត​ជាបន្តបន្ទាប់។  នៅក្នុងជំនាញនេះ គឺ​មាន​វិទ្យាសាស្រ្ត​កុំព្យូទ័រ, បច្ចេកវិទ្យា Cloud, ការអភិវឌ្ឍ Software, វិទ្យាសាស្រ្តទិន្នន័យ, សន្តិសុខ Cyber, បច្ចេកវិទ្យា Blockchain, អ៊ីនធើណែត​នៃវត្ថុ, បច្ចេកវិទ្យាហិរញ្ញវត្ថុ​ (Fintech), បច្ចេកវិទ្យា​សិប្បនិម្មិត, ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិច, ទូរគមនាគមន៍ និង​បណ្តាញ និង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ នៅ​ប្រទេស​ជិតខាង​មួយ​របស់​កម្ពុជា គឺមាន​អ្នកជំនាញ​បច្ចេកវិទ្យា​នេះប្រមាណ ១លាន ៣សែន​នាក់​ទៅហើយ។ ដោយឡែក​កម្ពុជា​វិញ​ មាន​អ្នក​ជំនាញបច្ចេកវិទ្យា​នេះ​មិនលើសពី ២ម៉ឺននាក់ឡើយ៕

អត្ថបទ៖ សំភី