តើលុយដុល្លារអាមេរិក ហូរចូល​យ៉ាងច្រើនសន្ធឹកសន្ធាប់​មកកម្ពុជា ចាប់តាំងពីពេលណា?

  • 2023-11-13 04:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដុល្លារូបនីយកម្ម បានកើតឡើង​ក្នុងស្ថានភាព​ដែល​ជំនឿទុកចិត្ត​លើប្រាក់រៀល​មាន​ភាពទន់ខ្សោយ​ ក្រោយពី​សង្គ្រាម​ស៊ីវិល​ជិត ៣ទសវត្សរ៍ និងការហូរចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលរៀបចំ​ការបោះឆ្នោត​សកល​លើកដំបូង​នៅកម្ពុជា ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃអង្គការ​សហប្រជាជាតិ​ប្រចាំកម្ពុជា ដែលហៅកាត់ថា អ៊ុនតាក់។ នេះបើតាម​ការថ្លែងសុន្ទរកថារបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារ​ជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ​សៀវភៅ​ស្តីពី «ដុល្លារូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនង​ផ្នែក​គោលនយោបាយ​ក្នុងការអភិវឌ្ឍ​ហិរញ្ញវត្ថុ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍តិចតួច» កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២៣។

ដុល្លារូបនីយកម្ម​បាន​រួមចំណែក​ជួយស្តារសេដ្ឋកិច្ច និងអមដំណើរ​នៃការសម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ជាមួយ​នឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។

យ៉ាងណាមិញ លោកជំទាវ​បញ្ជាក់​ថា ដុល្លារូបនីយកម្មខ្ពស់ បាន​ដាក់កំហិត​លើការអនុវត្ត​គោលនយោបាយរូបិយវត្ថុ។ នៅពេល​ដែល​ទំហំ​សេដ្ឋកិច្ច​កម្ពុជា កើនឡើង​កាន់តែធំ ការ​ខ្វះលទ្ធភាព​ប្រើប្រាស់​គោលនយោបាយ​រូបិយវត្ថុ​ដោយពេញលេញ ក៏ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​ងាយរងគ្រោះផងដែរ ហើយ​ដែលបណ្តាល​ឱ្យពឹងផ្អែកតែទៅលើ​គោលនយោបាយ​សារពើពន្ធ។

ក្នុងសុន្ទរកថារបស់​លោកជំទាវ បានឱ្យដឹងទៀតថា ក្នុងរយៈពេល​ជាង២ទសវត្សរ៍ចុងក្រោយនេះ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ជាពិសេស​ស្ថិរភាព​នយោបាយ​ បានផ្តល់​ភាព​អំណោយផល​ដល់ការពង្រឹង​ការប្រើប្រាស់​ប្រាក់រៀលជាលំដាប់ ខណៈ​ដែល​សមាមាត្រ​នៃការប្រើប្រាស់​ដុល្លារអាមេរិកនៅតែមានកម្រិត​ខ្ពស់។ បញ្ហានេះ ស្របទៅនឹង​ការរកឃើញ​នានា​របស់​អ្នកស្រាវជ្រាវដែលថា ពេលដែល​ដុល្លារូបនីយកម្ម​កើនដល់​ចំណុចខ្ពស់មួយ​ហើយ នឹងមិនងាយថយចុះវិញបានទេ គឺ​តម្រូវ​ឱ្យមានការអនុវត្ត​គោលនយោបាយលើកទឹកចិត្តផង និងគាំទ្រផង​ដើម្បីកាត់បន្ថយ​កម្រិតដុល្លាររូបនីយកម្ម។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​ និងធនាគារ​ជាតិនៃកម្ពុជា បាន​ពង្រឹង​ជំនឿទុកចិត្ត​របស់​សាធារណជន​មកលើ​ប្រាក់រៀល​ជាប្រចាំ និងបាន​អនុវត្ត​វិធាន​ការលើកកម្ពស់​ការប្រើ​ប្រាស់​ប្រាក់រៀល​ផ្អែកលើ​យន្តការទីផ្សារ ចាប់តាំងពីដើមទសវត្សរ៍​ឆ្នាំ​២០០០ម។ កត្តា​ទាំងនេះ បានបង្កើន​បរិមាណ​ប្រាក់រៀល​ក្នុងចរាចរណ៍ពី ០,៨៥ទ្រីលានរៀល កាលពី ២០ឆ្នាំមុន ដល់ ១៤,៥ទ្រីលានរៀល នាពេលបច្ចុប្បន្ន ពោលគឺ​កើនឡើង​ប្រមាណ ១៦ដង ស្របតាម​ការរីកចម្រើន​នៃសេដ្ឋកិច្ច។ កំណើននេះ​ជាជំហាន​និងជាក្តីសង្ឃឹម​ដ៏សំខាន់ ដើម្បីឈានទៅ​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​បន្ថែមទៀត។ នេះជាការបញ្ជាក់បន្ថែម​របស់លោកជំទាវ​ទេសាភិបាល​ធនាគារ​ជាតិនៃកម្ពុជា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QxCtG5

អត្ថបទ៖ សំភី

អត្ថបទថ្មី