Lisa ផ្ញើសារជាពិសេសជូនដល់អ្នកគាំទ្រកម្ពុជា ស្របពេលឪពុកបានមកដល់ទីនេះផ្ទាល់

  • 2023-11-13 07:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ ទំព័រហ្វេសប៊ុកផេករបស់ អង្គការ ប៉េ អេស អឺ បានបង្ហោះសារទាំងស្រុងរបស់ Lisa (BLACKPINK) ដែលបាន​ផ្ញើសារមកកាន់ ប្អូនៗដែលស្ថិតនៅក្នុងអង្គការ ក៏ដូចជាអ្នកគាំទ្ររបស់នាងទាំងអស់ក្នុងប្រទេសកម្ពុជា នូវការលើកទឹកចិត្ត និងក្ដីស្រឡាញ់មិនអាចកាត់ថ្លៃបាន។

ស្ថិតក្នុងសារនោះ សមាជិកក្រុម BLACKPINK រូបនេះ បាន​លើកឡើងថា៖ «"ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ “លីសា” សមាជិកនៃក្រុម BLACKPINK។ ខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។ អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នកនាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា៖ មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។” នាងខ្ញុំក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់ខ្ញុំ ប៉ុន្ដែនាងខ្ញុំតែងតែជំនះរាល់ឧបសគ្គទាំងអស់នោះតាមរយៈ៖ ការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត។ នាងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការ»។

បើតាម អអ្គការ ប៉េ អេស អឺ បាន​ឲ្យដឹងថា កាលពីសប្ដាហ៍មុន អង្គការបានទទួលស្វាគមន៍ដំណើរមកដល់នៃក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារ សាខាប្រទេសស្វីសរយៈពេលពេញមួយសប្ដាហ៍ក្នុងមណ្ឌលដោយផ្ទាល់។ ក្នុងចំណោមក្រុមការងារប្រទេសស្វីស ក្នុងនោះក៏មានវត្តមាន Chef Marco Brüschweiler ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាឪពុករបស់ Lisa តារា K-Pop ដ៏ល្បីល្បាញដែលជាសមាជិកក្រុម BLACKPINK

Chef Marco បានមកទស្សនាមណ្ឌលដោយផ្ទាល់ ចូលរួមចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយសិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ និងដំណើរទស្សនកិច្ចទៅកាន់សហគមន៍របស់យើងផងដែរ។ LISA ក៏បានចែករំលែកនូវក្ដីស្រឡាញ់ទៅកាន់កូនៗទទួលអត្ថប្រយោជន៍ និងចូលរួមជាជំនួយផ្ទាល់ខ្លួនរបស់កញ្ញាមកកាន់យុទ្ធនាការសប្បុរសធម៌ ពិសេស “លីសា” ក៏បានចែករំលែកនូវសារលើកទឹកចិត្តមកកាន់សិស្សនិស្សិត និងអ្នកគាំទ្ររបស់នាងទាំងអស់ក្នុងប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ ហ្វេសប៊ុក PSE - Pour un Sourire d'Enfant - Cambodia

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រែសម្រួលដោយ៖ ធារី