ឯកឧត្ដម​ ថោង​ ខុន​ បន្តជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អាណត្តិ​ទី៧​

  • 2023-11-14 09:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​មហាសន្និបាត​អាណ្តិទី៦​ និង​បន្ត​អាណត្តិ​ថ្មី​ ឆ្នាំ​២០២៣​ ដល់​ ២០២៧​ មុន​នេះ​គឺ​ឯកឧត្ដម​​ ថោង​ ខុន​ បន្ត​ជាប់​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡាកាយសម្ព័ន្ធកម្ពុជា ក្នុង​ការ​ដឹកនាំ​ និង​ចូលរួម​អភិវឌ្ឍន៍​បន្ត​ទៀត។​

ឯកឧត្ដម​​ ថោង​ ខុន​

ឯកឧត្ដម​ ណយ​ ផាណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ភាព​ជោគជ័យ​នៅ​អាណត្តិ​ទី៦​ គឺ​មាន​ភាព​ជោគជ័យ និង​មោទកភាព​ធំធេង​ណាស់​សម្រាប់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​ ក្នុង​ភាព​ជោគជ័យ​ទាំង​នោះ​រួម​មាន​ដូច​ជា​បាន​បណ្ដុះបណ្ដាល​ គ្រូ មន្ត្រី​បច្ចេកទេស​ ឈាន​ដល់​ចៅក្រម​អន្តរជាតិ​ និង​បាន​ធ្វើ​ឲ្យ​កីឡាករ​ កីឡា​ការិនី​ដើរ​តាម​គន្លង​ផែនការ​មេ​របស់​សហព័ន្ធ។​ ដែល​ផែនការ​មេ​នោះ​គឺ​ជំរុញ​កីឡាករ​ កីឡា​ការិនី​ឲ្យ​ឈាន​ដល់​ការ​ដណ្ដើម​បាន​មេដាយ​ស៊ីហ្គេម​ទាំង​នៅ​វៀតណាម​ក៏​ដូច​ជា​នៅ​កម្ពុជា។​ បើ​និយាយ​ពី​មេដាយ​កម្រិត​អន្តរជាតិ​វិញ​គឺ​សហព័ន្ធ​បាន​ឈ្នះ​អស់​ហើយ​កម្រិត​អាស៊ីអាគ្នេយ៍​ កម្រិត​អាស៊ី​ជា​ដើម។​

ទិដ្ឋភាពសន្និបាតមុន​នេះ

ឯកឧត្ដម​អគ្គលេខាធិការ​បន្ថែម​ទៀត​ថា​ ពាក់ព័ន្ធ​និង​ផែនការ​យុទ្ធសាស្ត្រ​អាណត្តិ​ទី៧​ ឆ្នាំ​២០២៣​ ដល់​ ២០២៧​ នេះ​ប្រធាន​សហព័ន្ធ​ឯកឧត្ដម​ ថោង​ ខុន​ បាន​ដាក់​រួច​ហើយ​គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​កីឡាករ​ កីឡា​ការិនី​ ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន។​ ស្រប​ពេល​នោះ​ដែរ​នៅ​ដើម​ឆ្នាំ​២០២៤​ ខាង​ផ្នែក​បច្ចេកទេស​គឺ​នឹង​រៀបចំ​ផែនការ​មេ​ដើម្បី​ឆ្លង​ប្រធាន​សហព័ន្ធ​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដល់​ឆ្នាំ​២០២៩​ អភិវឌ្ឍន៍​សមត្ថភាព​ដល់​កម្រិត​ណា​ចំពោះ​ កីឡាករ​ កីឡា​ការិនី​អាយុ​ ១៧-១៨​ឆ្នាំ ​នោះ​ឲ្យមាន​សមត្ថភាព​ឈាន​ដណ្ដើម​មេដាយ​កីឡា​អូឡាំពិក​អាស៊ី​នៅកម្ពុជា។​

ឯកឧត្ដម​ ណយ​ ផាន់ណា​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ របស់​ខ្លួន​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នេះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ សម្រាប់​សមាជិក​ប្រតិបត្តិ​អាណត្តិ​ទី៧​ នេះ​គឺ​ឯកឧត្ដម​ ថោង​ ខុន​ ជា​ប្រធាន​សហព័ន្ធ​ដដែល​ លោក​ឧកញ៉ា​ សុខ ហុង​ អនុ​ប្រធាន​ ឯកឧត្ដម​ ណយ​ ផាណា​ អគ្គលេខាធិការ​ លោក​ ខៀវ​ ចិន្តា​ អគ្គហេរញ្ញិក៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​