ក្រោយប្រើ៥ឆ្នាំ ឃើញថា រថយន្តអគ្គិសនី ធ្លាក់ថ្លៃខ្លាំងជាងគេបំផុត បើធៀបនឹងរថយន្តសាំង ម៉ាស៊ូត ឬ Hybrid
- 2023-11-15 03:26:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយប្រើ៥ឆ្នាំ ឃើញថា រថយន្តអគ្គិសនី ធ្លាក់ថ្លៃខ្លាំងជាងគេបំផុត បើធៀបនឹងរថយន្តសាំង ម៉ាស៊ូត ឬ Hybrid
ចន្លោះមិនឃើញ
រថយន្តអគ្គិសនី បានបាត់បង់តម្លៃជាងគេបំផុតបន្ទាប់ពីប្រើប្រាស់រយៈពេល ៥ឆ្នាំ បើប្រៀបធៀបនឹងរថយន្តប្រើចំហេះក្នុង សាំង-ម៉ាស៊ូត ឬរថយន្ត Hybrid។ នេះបើតាមការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន iSeeCars។
ការសិក្សានេះ ធ្វើឡើងទៅលើរថយន្តចំនួន ១,១លានគ្រឿង ដែលលក់នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣ ដោយរកឃើញថា រថយន្តអគ្គិសនីបានធ្លាក់ថ្លៃ ៤៩,១% បន្ទាប់ពីប្រើប្រាស់រយៈពេល ៥ឆ្នាំ ខណៈទីផ្សាររថយន្តជាមធ្យមធ្លាក់ចុះតម្លៃតែ ៣៨,៨% ប៉ុណ្ណោះ។
ជាឧទាហរណ៍ សម្រាប់រថយន្ត Tesla Model S ធ្លាក់ថ្លៃខ្លាំងបំផុតដល់ ៥៥,៥ % ក្រោយប្រើបាន ៥ឆ្នាំ ខណៈ Model 3 ធ្លាក់ថ្លៃទាបជាងគេក្នុងចំណោមរថយន្តអគ្គិសនីរបស់ Tesla នៅអត្រា ៤២,៩%។
ការពិតទៅ វាមានមូលហេតុជាច្រើនដែលបណ្តាលឱ្យរថយន្តអគ្គិសនី ធ្លាក់ថ្លៃខ្លាំង។ ក្នុងនោះមូលហេតុធំជាងគេ គឺអាគុយតែម្តង ដោយសារតែវាមានអាយុកាលកំណត់ និងតម្លៃខ្ពស់។ ជាទូទៅ អាគុយរថយន្តអគ្គិសនី ប្រើបានត្រឹមតែ ៨ឆ្នាំប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរចេញ ហើយសមត្ថភាពនៃការសាកភ្លើង ក៏ធ្លាក់ចុះប្រមាណ ២% ក្នុងមួយឆ្នាំផងដែរ។ ដូច្នេះ មនុស្សជាច្រើនមិនចង់ទិញរថយន្តអគ្គិសនីមួយទឹកមកប្រើប្រាស់ឡើយ ដោយសារតែបារម្ភពីបញ្ហាអាគុយនេះឯង។
យើងសូមលើកករណីជាក់ស្តែងមួយ គឺអាគុយប្រភេទថ្មីទំហំ ២២៩គីឡូវាត់ម៉ោង ដែលបំពាក់លើរថយន្ត Ram 1500 REV 2025 មានតម្លៃរហូតដល់ជាង ២ម៉ឺន ៥ពាន់ដុល្លារ។ តម្លៃអាគុយនេះ គឺសឹងតែស្មើនឹងរថយន្ត Toyota Prius 2024 ដែលមានតម្លៃចាប់ពីជាង ២ម៉ឺន ៧ពាន់ដុល្លារទៅហើយ ក្នុងទីផ្សារអាមេរិក។ បន្ទាប់មកគឺអាគុយទំហំ ២០០គីឡូវ៉ាត់ម៉ោង ដែលបំពាក់លើរថយន្ត Cadillac Escalade IQ 2025 មានតម្លៃជាង ២ម៉ឺន ២ពាន់ដុល្លារ។ ក្រៅពីនេះ អាគុយទំហំ ១៣៥គីឡូវ៉ាត់ម៉ោង បំពាក់លើរថយន្ត Rivian Amazon Delivery Van 2022 មានតម្លៃជាង ១ម៉ឺន ៣ពាន់ដុល្លារ និងអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង បំពាក់លើរថយន្ត Tesla Model S 2023 មានតម្លៃជាង ១ម៉ឺន ២ពាន់ដុល្លារ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB