បេក្ខនារី៥រូប បានក្លាយជាម្ចាស់ជ័យលាភី ក្នុងការប្រកួតរចនាគំនូរសុបិនស្ត្រីលើកទី១០ ឆ្នាំ២០២៣
- 2023-11-20 07:57:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខនារី៥រូប បានក្លាយជាម្ចាស់ជ័យលាភី ក្នុងការប្រកួតរចនាគំនូរសុបិនស្ត្រីលើកទី១០ ឆ្នាំ២០២៣
ចន្លោះមិនឃើញ
ការប្រកួតរចនាគំនូរសុបិនស្រ្តី លើកទី១០ ឆ្នាំ២០២៣ (Dream Girls Design Contest 2023) បានរកឃើញម្ចាស់ជ័យលាភីហើយ បន្ទាប់ពីត្រូវគណៈកម្មការ បានវាយតម្លៃយ៉ាងល្អិតល្អន់បំផុតក្នុងការជ្រើសរើស។
ក្នុងពិធីប្រគល់រង្វាន់ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខនារី ២រូប ឱ្យជាប់ចំណាត់ថ្នាក់ទី២ស្ទួន និង៣រូប ចំណាត់ថ្នាក់លេខ៣ស្ទួន ពោលគឺមិនមានអ្នកទទួលបានចំណាត់ថ្នាក់លេខ១ឡើយ។
បេក្ខនារី ចំនួន២រូប ដែលទទួលចំណាត់ថ្នាក់លេខ២ រួមមានឈ្មោះ មៀន គីមចេង អាយុ២១ឆ្នាំ និងឈ្មោះ ភាព ស្រីរ័ត្ន អាយុ២២ឆ្នាំ។ រង្វាន់ទទួលបាន គឺទឹកប្រាក់ ៣០០ដុល្លារ។
ចំណែកបេក្ខនារី៣រូបដែលជាប់ចំណាត់ថ្នាក់លេខ៣ បានទៅលើឈ្មោះ ខាត់ រីណា អាយុ២៥ឆ្នាំ, ឈ្មោះ ខៀវ សេរីរត្នសៅវត្តី អាយុ២០ឆ្នាំ និងឈ្មោះ កៀន ដាវី អាយុ ២៣ឆ្នាំ។ រង្វាន់ទទួលបានគឺទឹកប្រាក់ ១០០ដុល្លារ។
បើតាមលោកស្រី Wakana Nukui ស្ថាបនិក Dream Girl Project បានបញ្ជាក់ថា រូបគំនូររបស់ Kimcheng និង Sreyrath គឺស្អាតខ្លាំង និងមានអត្ថន័យស្របតាមប្រធានបទដែលឆ្នាំនេះផ្តោតទៅលើ «អច្ឆរិយកម្ពុជា» ដែលសឹងតែអាចទទួលបានចំណាត់ថ្នាក់លេខ១ទៅហើយ គ្រាន់តែនៅមានចំណុចខ្វះខាតបន្តិចប៉ុណ្ណោះ។
ចំពោះអ្នកឈ្នះក្នុងកម្មវិធីការប្រកួតរចនាគំនូរសុបិនស្ត្រី ក៏ទទួលបានឱកាសការរៀនសូត្រ និងអាហារូបករណ៍ក្នុងសាលាសិល្បៈ។ អ្វីកាន់តែអស្ចារ្យ គឺស្មាដៃរបស់បេក្ខនារីមួយចំនួន ក៏បានយកទៅប្រើប្រាស់ក្នុងផលិតផលនៅហាង Amazing Cambodia ទាំង៧ ដែលទីតាំងនៅផ្សារទំនើប AEON និងព្រលានយន្តហោះ។ អ្នករៀបចំ គឺលោកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និង អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ។
ថ្លែងប្រាប់អ្នកកាសែតក្នុងកម្មវិធីនេះដែរ អ្នកស្រី Wakana Nukui បាននិយាយថា អ្នកស្រីបានមកកម្ពុជាលើកដំបូងក្នុងឆ្នាំ២០០៩ ហើយពេលនោះអ្នកស្រីបានទៅទស្សនាប្រាសាទអង្គរវត្ត និងបានឃើញក្បាច់រចនាយ៉ាងស្រស់ស្អាត។ ពេលនោះ អ្នកស្រីយល់ឃើញថា ស្រី្តកម្ពុជាមានសមត្ថភាពអាចរចនាគំនូរបាន និងទទួលបានកម្រៃសម្រាប់ជីវភាពគ្រួសារ។ ហេតុនេះ វាបានជំរុញឱ្យអ្នកស្រី បង្កើតកម្មវិធីនេះឡើង ដើម្បីឱ្យស្រ្តីខ្មែរ បង្ហាញពីទេពកោសល្យរបស់ខ្លួន។
អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ និងជាអតីតជ័យលាភីលេខ៣ ក្នុងកម្មវិធីការប្រកួតរចនាគំនូរសុបិនស្រ្តីឆ្នាំ២០១៣ បាននិយាយថា តាមរយៈការចូលរួមប្រកួតប្រជែងនេះ បានធ្វើឱ្យអ្នកនាងមានក្តីសង្ឃឹម និងមានក្តីរីករាយដែលស្នាដៃរបស់ខ្លួន ត្រូវបានគេទទួលស្គាល់។ មិនតែប៉ុណ្ណោះ វាបានធ្វើឱ្យអ្នកនាងមានភាពក្លាហានចេញបើកក្រុមហ៊ុនអាជីវកម្មខ្លួនឯង និងយកស្នាដៃគំនូររបស់ខ្លួនទៅបង្ហាញ។
គួរបញ្ជាក់ថា ការប្រកួតរចនាគំនូរសុបិនស្ត្រី (Dream Girls Design Contest) បានប្រព្រឹត្តឡើងវិញម្តងទៀត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ រយៈពេល៣ឆ្នាំកន្លះ៕