ឯកឧត្ដម​ ហ៊ុន​ ម៉ានី៖​ បង្ហាញ​ការ​ពេញចិត្ត​ជា​ខ្លាំង​ចំពោះ​តេក្វាន់ដូ​ ITF​ និង​សន្យា​ធ្វើ​ពាន​រង្វាន់​នេះ​បន្ត​ទៀត​

  • 2023-11-20 10:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ បង្ហាញ​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​តេក្វាន់ដូ​ ITF​ និង​សកម្មភាព​ប្រកួតប្រជែង​ «ពាន​រង្វាន់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឆ្នាំ​២០២៣»​ ថែម​ទាំង​សន្យា​បន្ត​ធ្វើ​ពាន​រង្វាន់​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។​

ឯកឧត្ដម​ ហ៊ុន​ ម៉ានី​
ទិដ្ឋភាពបិទការប្រកួត

ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ មាន​ប្រសាសន៍​ថា​ តាម​ការ​កត់សម្គាល់​គឺ​មើល​ឃើញ​ថា​សហព័ន្ធ​តេក្វាន់ដូ​ ITF​ មាន​ការ​ខំ​ប្រឹងប្រែង​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ និង​លូតលាស់​ជា​បន្តបន្ទាប់​មក​រហូត​ដល់​ពេល​នេះ។​ សហព័ន្ធ​មាន​ធនធាន​ច្រើន​ពិសេស​នោះ​ការ​ចូលរួម​ពាន​រង្វាន់​នេះ​មាន​រហូត​ដល់​ទៅ​ ១៨​ក្លឹប​ ដែល​មមកពី ​៦ខេត្ត​ផ្សេងៗ​គ្នា​ទៀត​ផង។​

ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ បំពាក់មេដាយ

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ លើក​ឡើង​ទៀត​ថា​ ថាមពល​ ក្ដី​ស្រឡាញ់​របស់​កីឡាករ​ កីឡា​ការិនី​ ដែល​បង្ហាញ​ និង​វត្តមាន​អាណាព្យាបាល​នានា​ក្នុង​ការ​ប្រកួត​នេះ​គឺ​ធ្វើ​ឲ្យ​ឯកឧត្ដម​សប្បាយ​រីករាយ​ និង​ពេញ​ចិត្ត​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​បន្ត​ទៀត។​

ទិដ្ឋភាពបិទការប្រកួត

ឯកឧត្ដម​កោតសរសើរ​ចំពោះ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្ដម​ កែវ​ រ៉េមី​ គឺ​មាន​ការ​អភិវឌ្ឍន៍​ជា​ខ្លាំង​ និង​ទទួល​បាន​ភាព​ជោគជ័យ​​លើ​ឆាក​អន្តរជាតិ។​ ដោយ​សារ​មាន​ការ​គាំទ្រ​ និង​ចង់​ឲ្យ​មាន​ការ​ប្រកួត​ពាន​រង្វាន់​នេះបន្ត​ទៀត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ សន្យា​នឹង​បន្ត​រៀបចំ​ការ​ប្រកួត​រក្សា​ពាន​រង្វាន់​នេះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត។​ ជា​មួយ​គ្នា​នេះ​ដែរ​ឯកឧត្ដម​ក៏​បាន​ជជែក​ពិភាក្សា​ជា​មួយ​ប្រធាន​សហព័ន្ធ​ និង​មន្ត្រី​ថ្នាក់​ដឹកនាំ​ផ្សេងៗ​ផង​ដែរ​ដើម្បី​រួម​ចំណែក​អាច​ជួយ​លើ​ចំណុច​ណា​ខ្លះ​ក្នុង​ការអភិវឌ្ឍន៍​ ITF​ បន្ថែម​ទៀត។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ «ពាន​រង្វាន់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឆ្នាំ​២០២៣​»​ ជា​ការ​ប្រកួត​លើក​ទី១​ ហើយ​សម្រាប់​ពាន​រង្វាន់​មួយ​នេះ។​ បិទ​ការ​ប្រកួត​ម្សិលមិញ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ មាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតេយ្យ​ឯកឧត្ដម​ ហ៊ុន​ ម៉ានី ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ផាន់​ វណ្ណរ័ត្ន​ អនុប្រធាន​សហព័ន្ធ​ និង​មន្ត្រី​ថ្នាក់ដឹកនាំ​ច្រើន​រូប​ទៀត។​ ចំណាក់ថ្នាក់លេខ១​ បាន​លើ​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​មាស៦ ប្រាក់៧​ សំរឹទ្ធ៩​ សរុប​ ២២​គ្រឿង។​ លេខ២​ បាន​លើ​ក្លឹប​ក្ដីចាស់​ មាស៦​ ប្រាក់​៤​ សំរឹទ្ធ៣​ សរុប​១៣​គ្រឿង​ និង​លេខ៣​ ក្លឹប​ ស.ស.យ.ក​ កំពង់ស្ពឺ​ មាស៥​ ប្រាក់​៣​ សំរឹទ្ធ៦​ សរុប​១៤​គ្រឿង។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៧​ ដល់​ ១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣៕​

ឯកឧត្ដម​ កែវ​ រ៉េមី​
ទិដ្ឋភាពបិទការប្រកួត
ចំណាត់ថ្នាក់

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​