បើអ្នកមានជំងឺទឹកនោមផ្អែមហើយ គឺត្រូវព្យាបាលអស់មួយជីវិត តែ​មានវិធីបង្ការ​កុំឱ្យកើត​ជំងឺនេះទាន់

  • 2023-11-21 02:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត ក៏ប៉ុន្តែជំងឺទឹកនោមផ្អែមអាចបង្ការបានតាមរយៈការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅប្រកបដោយសុខភាពដូចជា ការបរិភោគអាហារដែលមានសុខភាពល្អ (កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ) ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រឹតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងឈប់ពិសារបារី។ នេះបើតាមការថ្លែង​របស់​ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​ក្នុង​ពិធីប្រារព្ធ​ទិវា​ជំងឺទឹកនោមផ្អែម​ពិភពលោក ក្រោម​ប្រធានបទ «ការទទួលបាន​នូវការថែទាំ​ជំងឺ​ទឹកនោមផ្អែម» កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០២៣។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំងឺទឹកនោមផ្អែម នៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។ នៅប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព២% ក្នុងចំណោមករណីស្លាប់ទាំងអស់ ហើយមានអត្រាប្រេវ៉ាឡង់៩.៦% (ផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅប្រទេសកម្ពុជាឆ្នាំ២០១៦)។

អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា នៅទូទាំងពិភពលោកជំងឺទឹកនោមផ្អែមគឺជាមូលហេតុផ្ទាល់នៃការស្លាប់ដែលមានចំនួន១,៥លាននាក់ ចំពោះអ្នកដែលមានអាយុក្រោម៧០ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨% នាឆ្នាំ២០១៩។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមចម្បង គឺបណ្តាលមកពីទំលាប់នៃការទទួលទានអាហារមិនល្អសម្រាប់ការទ្រទ្រង់សុខភាព និងទំលាប់មិនបានបញ្ចេញពលកម្ម ឫធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ។ ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជាជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវ ជម្រុញលើកទឹកចិត្តអ្នកជំងឺទឹកនោមផ្អែម ចែករំលែកបទពិសោធន៍ក្នុងការរស់នៅទាំងមុនពេល និងអំឡុងពេលមានជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋទូទៅ សម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងថែទាំសុខភាព ឱ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យមើលជាតិស្ករនៅក្នុងឈាម។ ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព សូមប្រញ៉ាប់ទៅពិនិត្យសុខភាពនៅកន្លែងដែលមានផ្តល់សេវាសុខាភិបាល។ ការពិនិត្យ និងព្យាបាលដែលនៅជិតបំផុតគឺដើម្បីបង្ការ ឬព្យាបាលឱ្យបានទាន់ពេលវេលា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ ក្រសួងសុខាភិបាល