មិនធម្មតា ប្រវត្តិលោក អេ ភូថង​ មានងារជាស្តេចប្រដាល់ ធ្លាប់ទាត់គូប្រកួត បាក់ដៃអស់ជាច្រើននាក់

  • 2023-11-21 03:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូ អេ ភូថង កើតឆ្នាំ 1975 គឺជាអ្នកប្រដាល់អាជីពកម្ពុជាដែលបានចូលនិវត្តន៍ និងសព្វថ្ងៃជាគ្រូបង្វឹក នៅក្លឹប កាឡាក់ស៊ីណាវ៉ាត្រា អេ ភូថង គុនខ្មែរ។ លោក អេ ភូថង ត្រូវបានគេស្គាល់តាមរយៈការទាត់ជើងស្ដាំដ៏ខ្លាំងរបស់ខ្លួន និងបានធ្វើឱ្យដៃគូប្រកួត បាក់ដៃជាច្រើននាក់។ លោក អេ ភូថង ជាកីឡាករប្រដាល់ជើងខ្លាំងបំផុត និងត្រូវបានគេដាក់រហ័សនាមថា ជាស្តេចប្រដាល់របស់កម្ពុជា។

សារព័ត៍មាន AFP បានប្រៀបប្រដូច លោក អេ ភូថង ថាជា «លោក Muhammad Ali របស់កម្ពុជា»។ គួរឱ្យដឹងថា លោក អេ ភូថង ជាគ្រូបង្គោលរបស់ជើងឯកគុនខ្មែរ ធឿន ធារ៉ា។ នៅអាយុ 11 ឆ្នាំ លោកគ្រូ អេ ចង់ចាប់ផ្តើមហ្វឹកហាត់ ប៉ុន្តែឪពុករបស់លោក មិនចង់ឱ្យលោក ហាត់ប្រដាល់នោះទេ ព្រោះមិនចង់ឱ្យ អេ ភូថង ឈឺចាប់។ លោកគ្រូ អេ បានទៅរកគ្រូហើយរៀនពីអ្នកចេះវ៉ៃនៅភូមិដែលខ្លួនរស់នៅ។ ដោយសារគ្រួសារលោក ជួបការលំបាកផ្នែកហិរញ្ញវត្ថុ គ្រួសារបានបញ្ជូន លោកគ្រូ អេ ឱ្យទៅរស់នៅជាមួយអភិបាលខេត្ត ឈ្មោះ យុទ្ធ ភូថង ដែលត្រូវជាពូរបស់លោកគ្រូ អេ ។ លោក អេ ភូថង បានចាប់ផ្តើមហ្វឹកហាត់ប្រដាល់ សេរីតាំងពីអាយុ១២ឆ្នាំជាមួយ យុត ភូថង ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ ដែលពេលនោះកាន់តំណែងជាអភិបាលខេត្តព្រៃវែង និងបន្ទាប់មកជាអភិបាលខេត្តកោះកុង។ អេ ភូថង បានប្រកួតប្រដាល់គុនខ្មែរ លើកដំបូងនៅអាយុ ១៧ឆ្នាំ។ ប្រកួតលើកដំបូងរកបានចន្លោះពី ៤ ទៅ ៥ ដុល្លារប៉ុណ្ណោះ។

ក្រោយពីវាយខ្លាំង និងត្រូវបានគេទទួលស្គាល់ លោក អេ បានផ្លាស់ពីខេត្តព្រៃវែងមកភ្នំពេញ ហើយចាប់ផ្ដើមហ្វឹកហាត់ជាមួយលោក ឈិត សារឹម និងគ្រូបង្វឹក Kat Phun។ គ្រូបង្វឹកថ្មីរបស់លោក គឺលោក ឈិត សារឹម ជាអ្នកប្រដាល់ដែលមានបទពិសោធន៍ប្រកួតពីឆ្នាំ ១៩៦០ ដល់ ១៩៧៥ ដោយប្រកួត ១១០ ដង និងចាញ់ ២ ដងប៉ុណ្ណោះ។ ដំបូង លោក អេ បានចាប់ផ្តើមប្រកួត ក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម ហើយបន្ទាប់មកបានប្តូរទៅប្រកួតទម្ងន់ ៦៣ គីឡូក្រាម។ បន្ទាប់មក លោក បានឡើងដល់គីឡូ 85 គីឡូក្រាម។

ធំឡើងគាត់មិនមានលទ្ធភាពទទួលបានការអប់រំទេ ដោយសារតែលោក អេ ធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ និងដោយសារតែចំណង់ចំណូលចិត្តរបស់លោក ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ។ នៅឆ្នាំ ២០០១ លោក អេ បានផ្តួលគូប្រកួតសញ្ជាតិបារាំង Jean Charles ជាលើកទីបី។ នៅឆ្នាំ ២០០៣ លោក អេ ភូថង បានឈ្នះជើងឯកប្រដាល់សេរី ដោយផ្ដួលអ្នកប្រដាល់ស៊ូដង់ Faisal Zakaria ។

មកដល់ឆ្នាំ ២០០៦ លោក អេ ភូថង បានប្រកួតចំនួន ១៥០ ដង ដោយ ១២០ ប្រកួតនៅប្រទេសកម្ពុជា និង ៣០ ប្រកួតនៅប្រទេសថៃ។ ក្នុងចំណោមការប្រកួតទាំងនោះ លោក បានឈ្នះចំនួន ១៤០ ដង ចាញ់៦ដង និងស្មើ៤ដង។ ក្នុងឆ្នាំ ២០០៨ លោក អេ ភូថង បាននិយាយថា លោកបានពិចារណាចូលនិវត្តន៍ បន្ទាប់ពីចាញ់កីឡាករអូស្ត្រាលី Adam Shahir Kayoom ក្នុងប្រភេទទម្ងន់ ៨៥ គីឡូក្រាម។

គួរឱ្យដឹងថា លោក អេ ធ្លាប់បានឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០០៩ នៅប្រទេសឡាវ ក្នុងប្រភេទទម្ងន់ ៨១ គីឡូក្រាម៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា