បុណ្យអុំទូក រំលឹក​ដល់បុព្វបុរសខ្មែរ​ដែល​បង្ក្រាប​ទ័ព​ឈ្លានពាន​! ចុះ​បណ្តែត​ប្រទីប សំពះ​ព្រះខែ និងអកអំបុកវិញ សំដៅ​លើអ្វី?

  • 2024-11-13 06:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ សំពះ​ព្រះខែ​ និង​អកអំបុក​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ នៅ​ថ្ងៃ​១៤-១៥​កើត​ និង​ថ្ងៃ​១​រោច ខែ​កត្តិក ដោយឆ្នាំ​២០២៤នេះ ធ្វើឡើង​ចំថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា។ ព្រះរាជ​ពិធី​នេះ តែង​ប្រារព្ធ​ធ្វើឡើង​នៅ​ទន្លេ​ចតុមុខ​នា​ព្រះ​រាជ​ដំណាក់​​ផែ​ខាង​មុខ​ព្រះ​បរម​រាជវាំង ។   ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ដើម្បី​ជា​ការ​គោរព​ដឹង​គុណ​ដល់​បុព្វ​បុរស​ខ្មែរ​ដែល​បាន​រក្សា​បាន​នូវ ​បូរណភាព​ទឹកដី​ ​ក្នុង​ការ​ប្រើ​ប្រាស់​កង​ទ័ព​ជើង​ទឹក​បង្ក្រាប​ដល់​ការ​ឈ្លាន​ពាន​របស់​បច្ចាមិត្ត។ ដូច្នេះ​ហើយ​ទើប​គេ​បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ដើម្បី​រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍​នៃ​ការ​រៀប​ចំ​ក្បួន​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​ដ៏​អង់​អាច​ក្លាហាន​របស់​កម្ពុជា​កាល​ពី​សម័យ​នោះ។

យោង​តាម​ឯកសារ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ បាន​បង្ហាញ​ថា​ ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​បង្ក្រាប​ជាតិ​បរទេស​ចាម​ដោយ​កង​ទ័ព​ប្រើ​ទូក​ធ្វើ​ចម្បាំង​ ដើម្បី​រំដោះ​ក្រុង​កម្ពុជា​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​ពី​គ.ស. ១១៧៧ ដល់ ១១៨១។   រឿង​ចម្បាំង​ទាំង​នេះ​ត្រូវ​បាន​បុព្វ​បុរស​ខ្មែរ​ឆ្លាក់​ទុក​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​ និង​ ប្រាសាទ​បន្ទាយ​ឆ្មារ​ ដែល​មាន​រូប​ព្រះ​ឆាយា​លក្ខណ៍​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ទ្រង់​ឈរ​លើ​នាវា​ចម្បាំង​ ទ្រង់​កាន់​ធ្នូ​ដំបង ដែល​មាន​កង​ទ័ព​យ៉ាង​ច្រើន​មហិមា។ រីឯ​នៅ​សម័យ​លង្វែក​វិញ​​ព្រះ​អង្គ​ច័ន្ទ​ទី​១​ ទ្រង់​តាំង​ពញា​តាត​ ជា​ស្ដេច​ត្រាញ់​នៅ​កម្ពុជា​ក្រោម​ស្រុក​បាសាក់​ឲ្យ​រៀប​ចំ​កង​ទ័ព​ជើង​ទឹក​ចែក​ចេញ​ជា​បី​ក្រុម។ ក្រុម​ទី​១​ ជា​ទ័ព​ស្រួច​ហាត់​ច្បាំង​ដោយ​ទូក​អុំ​មាន​ទំនង​ដូច​ទូ​កង​ខ្មែរ​សព្វ​ថ្ងៃ​នេះ។ ក្រុម​ទី​២ ​ជា​ទ័ព​ជំនួយ​ហាត់​ច្បាំង​ដោយ​ទូក​ចែវ​ពីរ​ជួរ​មាន​ទំនង​ដូច​ទូក​ចែវ​ប្រណាំង​សព្វ​ថ្ងៃ និង​ក្រុម​ទី​៣​ ទ័ព​បាសាក់​ជា​ទូក​ធំ​មាន​ដំបូល​មួយ​កាត់​មាន​ក្ដោង​ដូច​ទូក​ប៉ុក​ចាយ​​តែ​រាង​ស្ដួច​វែង​សម្រាប់​ផ្ទុក​ស្បៀង​កង​ទ័ព។

  ចំណែក​ពិធី​អក​អំបុក​ គឺ​ធ្វើ​ឡើង​នៅ​រាត្រី​ពេញ​បូរមី​ថ្ងៃ​១៥​កើត​ ខែ​កក្តិក​រៀង​រាល់​ឆ្នាំ។ ខ្មែរ​យក​នំ​ចំណី​មាន​អំបុក​ចេក​ជា​ដើម​មក​បូជា​ព្រះ​ច័ន្ទ​ហៅ​ថា​ ពិធី​បុណ្យ​សំពះ​ព្រះ​ខែ ​អក​អំបុក​នេះ​ឯង។ នៅ​ក្នុង​ពិធី​សំពះ​ព្រះ​ខែ​នេះ គឺ​មាន​សម្រក់​ទៀន​លើ​ស្លឹក​ចេក​ស្រស់​ ដើម្បី​ផ្សង​មើល​ទឹក​ភ្លៀង​ក្នុង​ឆ្នាំ​បន្ទាប់​នៃ​ឆ្នាំ​នេះ។ បន្ទាប់​ពី​សម្រក់​ទៀន​មក​គេ​នាំ​គ្នា​អក​អំបុក​ ដែល​ធ្វើ​ក្នុង​វេលា​យប់​នៃ​ខែ​កត្តិក​នោះ។ ពេល​សំពះ​ខែ​ ​និង​អក​អំបុក​នេះ​ដែរ​ ខ្មែរ​អ្នក​ស្រុក​តែង​តែ​សូម​សុខ​សួស្ដី​តាម​ប្រពៃណី​ បុរាណ​ព្រេង​ព្រឹទ្ធ។   ពិធី​នេះ​គេ​ធ្វើ​ឡើង​ដើម្បី​ថ្វាយ​សក្ការៈ​បូជា​ចំពោះ​ទន្សាយ​ព្រះ​ពោធិ​សត្វ​ ដែល​រូប​ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះ​អង្គ​ផ្ដិត​ជាប់​នឹង​ព្រះ​ខែ​ ដើម្បី​បំភ្លឺ​សត្វ​លោក​រៀង​មក​ក៏​ដូច​ជា​ឧទ្ទិស​ថ្វាយ​ព្រះ​ពោធិ​សត្វ​នូវ​ផលានុផល​ ដែល​ជា​ចំណី​របស់​ព្រះ​អង្គ​ក្នុង​វេលា​យប់​ពេញ​បូរមី​នៃ​ខែ​កក្ដិក​ជា​ពេល ​ព្រះ​ខែ​លេច​រូប​រាង​ច្បាស់។ ហេតុ​នេះ គេ​ក៏​ថ្វាយ​ត្រាវ​ ដំឡូង​ ដូង​ ចេក​ អំបុក​ ដែល​ជា​ចំណី​ ​ទន្សាយ​ពោធិ​សត្វ។

ចំណែក​ប្រវត្តិ​នៃ​ពិធី​សំពះ​ព្រះ​ខែ​វិញ​ យោង​តាម​ឯកសារ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ដដែល​ ពិធី​នេះ​ជាប់​​ទាក់ទង​ យ៉ាង​ជិត ស្និទ្ធ​ទៅ​នឹង ប្រវត្តិ​របស់​ព្រះពុទ្ធ​ដែល​បាន​ដំណាល​ថា ព្រះ​បរម​ព្រះ​ពោធិសត្វ​ក្នុង​កាល​ដែល​ព្រះ​អង្គ​យោង​ចាប់​កំណើត​ជា​សត្វ​ទន្សាយ​ ព្រះ​អង្គ​បាន​អធិដ្ឋាន​រក្សា​សីល និង​បំពេញ​បារមី​ដើម្បី​បាន​ត្រាស់​ជា​ព្រះពុទ្ធ។ ព្រះ​ឥន្ទ​ទ្រង់​បាន​ក្រឡា​ខ្លួន​ជា​ព្រា​ហ្ម​ចាស់​ម្នាក់​មក​សុំ​មំសះ ឬ​សាច់​ទន្សាយ​ដើម្បី​បរិភោគ​ជា​អាហារ។

ទន្សាយ​ព្រះ​ពោធិសត្វ​បាន​ឲ្យ​ព្រាហ្ម​នោះ​បង្កាត់​ភ្លើង​ឲ្យ​ឆេះ​សន្ធោ​សន្ធៅ​ ហើយ​ ទន្សាយ​ជា​ព្រះ​ពោធិសត្វ​បាន​រលាស់​ខ្លួន​បី​ដង​ ដើម្បី​ឲ្យ​សត្វ​ល្អិត​ដែល​នៅ​ជាប់​នឹង​រោម​ជ្រុះ​អស់​ រួច​ហើយ​ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ភ្លើង។ ក៏​ប៉ុន្តែ​ភ្លើង​នោះ​ក៏​ប្រែ​ទៅ​ជា​ពុំ​ឆេះ​សន្ធោ​សន្ធៅ​ទៅ​វិញ​។ ទត​ឃើញ​ដូច្នេះ​ ព្រាហ្ម​ដែល​ជា​ព្រះ​ឥន្ទ​ក៏​បាន​ពាំ​នាំ​យក​សត្វ​ទន្សាយ​ជា​ពោធិ​សត្វ​នោះ​ហោះ​ឡើង​ទៅ​កាន់​មណ្ឌល​ព្រះ​ចន្ទ និង​បាន​អធិដ្ឋាន​ឲ្យ​រូប​ទន្សាយ​នោះ ​នៅ​ជាប់​នឹង​ព្រះ​ចន្ទ​ជា​រៀង​រហូត​ដើម្បី​បាន​ផ្តិត​រូប​ព្រះ​ឆាយា​លក្ខណ៍​របស់​ទន្សាយ​ព្រះ​ពោធិសត្វ​បំភ្លឺ​សត្វ​លោក។

ជា​មួយ​គ្នា​នេះ​ទាក់​ទង​ទៅ​នឹង​អត្ថន័យ​ ​និង​ខ្លឹម​សារ​នៃ​ពិធី​បណ្តែត​ប្រទីប​វិញ គឺ​ជា​ការ​បង្ហាញ​ពី​ការ ​គោរព​ដឹង​គុណ​ដល់​ព្រះ​ចង្កូម​កែវ​ដែល​ប្រតិ​ស្ថាន​នៅ​ពិភព​នាគ​ ព្រម​ទាំង​ស្នាម​ព្រះ​បាទ​របស់​ព្រះអង្គ​ដែល​បាន​ប្រតិ​ស្ថាន​នៅ​ស្ទឹង​នម្មទា និង​ទី​កន្លែង​ផ្សេង​ទៀត។ ពិធី​បណ្តែត​ប្រទីប​ក៏​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​ដឹង​គុណ​ដល់​ព្រះ​គង្គា​ និង​ព្រះ​ធរណី​ ដែល​បាន​ផ្តល់​នូវ​ជីវ​ភាព​រុង​រឿង​ដល់​ពល​រដ្ឋ​កម្ពុជា។ ពិធី​នេះ​ក៏​ជា​ការ​ដឹង​គុណ​ដល់​ទន្លេ​មេគង្គ និង​ទន្លេ​សាប​ដែល​ បាន​ផ្តល់​នូវ​ជី​ជាតិ​យ៉ាង​សំខាន់​សម្រាប់​បំរើ​វិស័យ​កសិកម្ម។

ជា​រួម​មក​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ ដែល​ធ្វើ​ព្រម​គ្នា​ជាមួយ​នឹង​ពិធី​សំពះ​ព្រះ​ខែ​ និង​អកអំបុក​ជា​មរតក​វប្បធម៌​ដូន​តា​ខ្មែរ​សុទ្ធ​សាធ។ ព្រះ​រាជ​ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ភាព​ដឹង​គុណ និង​កតញ្ញូ​តា​ធម៌​ដល់​ព្រះ​គង្គា​ដែល​បាន​ផ្តល់​ឲ្យ​មនុស្ស​ និង​សត្វ​មាន​ជីវិត។ ពិធី​បុណ្យអុំទូក​ ​អក​អំបុក និង​សំពះ​ព្រះ​ខែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ខ្មែរ​ ពី​ព្រោះ​ឥទ្ធិពល​នៃ​ព្រះ​ពុទ្ធ​សាសនា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ នៅ​ក្នុង​ដួង​ចិត្ដ និង​ព្រលឹង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​តែង​តែ​គោរព​បូជា​ដល់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​អង្គ​ម្ចាស់៕