តារាសម្តែងស្រី រូបស្រស់ Mandy Wong សម្រេចចិត្តចាកចេញពី TVB ក្រោយរួមរស់ក្រោមទ្រនំ ​១៦ឆ្នាំ

  • 2023-12-04 04:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមតែពីរខែបន្ទាប់ពី Mandy Wong បានប្រកាសរៀបការជាមួយដៃគូ Anthony Jim តារាស្រីហុងកុងរូបនេះបានបង្ហាញពីការចាកចេញរបស់នាងពី TVB បន្ទាប់ពីបានរួមរស់ក្រោមទ្រនំនេះអស់រយៈពេល ១៦ ឆ្នាំ។

នៅក្នុងការបង្ហោះលើ Instagram កាលពីថ្ងៃសុក្រ ទី ០១ ខែធ្នូ ឆ្នាំ2 ២០២៣ នេះ Mandy Wong បានថ្លែងអំណរគុណដល់ស្ថានីយទូរទស្សន៍ដែលបានជួយនាងឱ្យរីកចម្រើនក្នុងដំណើររបស់នាងជាតារាសម្តែងក្នុងរយៈពេលជាច្រើនឆ្នាំហើយក៏បានសម្តែងការដឹងគុណចំពោះផលិតករនិងបុគ្គលិកផ្សេងទៀតដែលនាងបានធ្វើការជាមួយ។ អមជាមួយការបង្ហោះរបស់នាងគឺជាវីដេអូដែលបង្ហាញពីការធ្វើដំណើរចុងក្រោយរបស់ Mandy ទៅ TVB ដែលជាកន្លែងដែលនាងត្រូវបានគេឃើញនិយាយលាគ្នាជាមួយមិត្តរួមការងារ និងក្រុមការងារផលិតកម្ម។ នាងក៏បានថតរូបជាមួយតារាល្បីៗរួមមាន Liza Wang, Kenneth Ma និង Ben Wong ។

Mandy Wong បាននិយាយថា៖ "ខ្ញុំទន្ទឹងរង់ចាំជួបជាមួយនឹងតួអង្គច្រើនទៀតនៅលើឆាកផ្សេងៗ និងការ challenge ថ្មីៗបន្ថែមទៀត។ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ!" ។ នៅក្នុង comment គេសង្កេតឃើញមានតារាល្បីៗហុងកុងជាច្រើនរួមមាន Joel Chan, Derek Wong, Linda Chung, Matthew Ho, Benjamin Yuen និង Roxanne Tong ក៏បានផ្ញើពាក្យជូនពររបស់ពួកគេទៅកាន់ Mandy ផងដែរ។

១៦ ឆ្នាំ ជាមួយ TVB តារាស្រី Mandy បានបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធី showbiz ក្នុងឆ្នាំ ២០០៧ បន្ទាប់ពីនាងចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាហុងកុងនៅឆ្នាំនោះ។ ក្នុងរយៈពេល ១៦ ឆ្នាំរបស់នាងនៅ TVB នាងបានដើរតួជាតួអង្គដែលគួរឱ្យចងចាំជាច្រើននៅក្នុងរឿងភាគរបស់ទូរទស្សន៍ហុងកុង។ នាងធ្លាប់បានសម្តែងជាតួអង្គ វេជ្ជបណ្ឌិតចិត្តល្អ Chong Tsz-yeuk ក្នុងរឿង The Exorcist's Meter និងតួអង្គមេធាវី ក្នុងរឿង Threesome ក៏ដូចជាមន្ត្រីគយ Yan Kwan ក្នុង រឿង The Line Watchers ជាដើម។

ចន្លោះឆ្នាំ ២០០៨ មកដល់ឆ្នាំ ២០២១ Mandy បានសម្តែងក្នុងរឿងភាគជាង ៣០ ហើយត្រូវបានជ្រើសរើស សម្រាប់ពានរង្វាន់តារាសម្តែងឆ្នើមចំនួន ៧ ដង ។ យ៉ាងណាមិញ ក្នុងរយៈពេលពីរឆ្នាំមកនេះ នាងបានបង្ហាញខ្លួនតែក្នុងរឿង Secret Door ដែលបានចាក់ផ្សាយក្នុងខែឧសភា កន្លងទៅ៕

អត្ថបទ ៖ សង្ហា