សាលី អ៊ូម៉ើត៖ ការប្រកួតបុណ្យសមុទ្រ៣ថ្ងៃនៅខេត្តកែបនេះចំណាយខ្ទង់ ៤ម៉ឺនដុល្លារការរៀបចំដូចស្តង់ដារអន្តរជាតិ
- 2023-12-05 05:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលី អ៊ូម៉ើត៖ ការប្រកួតបុណ្យសមុទ្រ៣ថ្ងៃនៅខេត្តកែបនេះចំណាយខ្ទង់ ៤ម៉ឺនដុល្លារការរៀបចំដូចស្តង់ដារអន្តរជាតិ
ចន្លោះមិនឃើញ
វីរកីឡាករម៉ូតូទឹក សាលី អ៊ូម៉ើត ថាការប្រកួតកន្លងថ្មីៗនេះនៅបុណ្យសមុទ្រ ក្នុងខេត្តកែបគឺការចំណាយសរុបខ្ទង់ ៤ម៉ឺនដុល្លារដោយផ្ដោតលើបច្ចេកទេសរៀបចំល្អដូចទៅហ្នឹងការប្រកួតលក្ខណៈអន្តរជាតិឯក្រៅប្រទេសផងដែរ។
សាលី អ៊ូម៉ើត អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឲ្យដឹងថា ការប្រកួតនៅបុណ្យសមុទ្ររយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះទទួលបានជោគជ័យខ្លាំងមែនទែន ពោលមហាជនមានការចាប់អារម្មណ៍ទស្សនាគាំទ្រការប្រកួតច្រើនទាំងនៅទីលានផ្ទាល់ និងការឡាយលើហ្វេសបុក (Facebook Live)។
ចំណែកថ្នាក់ដឹកនាំសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អភិបាលខេត្តកែប និងមន្ត្រីចូលរួមផ្សេងៗទៀតមានការពេញចិត្ត និងលើកទឹកចិត្តដល់ក្រុមម៉ូតូទឹកដែលចូលរួមប្រកួត។ ចំពោះការចំណាយវិញក៏មានចំនួនច្រើនដែររហូតដល់ខ្ទង់ ៤ម៉ឺនដុល្លារឯណោះ។ ការចំណាយច្រើននេះដោយផ្ដោតលើការរៀបចំបែបស្តង់ដារអន្តរជាតិដូចបរទេសដែរ ឧបករណ៍ប្រើប្រាស់ បច្ចេកទេសរៀបចំ ការឡាយវីដេអូប្រកួត ការផ្ដិតរូបភាពស្អាតៗ និងការចំណាយលើការនាំម៉ូតូ ឬឧបករណ៍មួយចំនួនមកពីថៃ និងការហូបចុកជាដើម។ និយាយជារួមដូចទៅហ្នឹងការប្រកួតអន្តរជាតិនៅក្រៅប្រទេសដែរ ដោយគ្រាន់តែចំនួនម៉ូតូចូលរួមប្រកួតតិចតែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ អ៊ូម៉ើត ថ្លែងអំណរគុណជាខ្លាំងលោក សុខ សាវ៉ាត អគ្គនាយកកសិដ្ឋាន សុខ សាវ៉ាត ដែលជួយឧបត្ថម្ភគាំទ្រទឹកប្រាក់រហូត ៣ម៉ឺនដុល្លារ និងតែងតែជួយក្រុមកីឡាករម៉ូតូទឹកកម្ពុជាតាំងពីមុនស៊ីហ្គេមរហូតមកដល់ពេលនេះ។ ការជោគជ័យទាំងនេះគឺជាការរួមចំណែកធំពីសប្បុរសជនខាងលើនេះ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាម៉ូតូទឹក បានរៀបចំការប្រកួតអបអរពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ក្នុងខេត្តកែបរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។ នេះក៏ជាសកម្មភាពប្រកួតធំ និងថ្មីមួយសម្រាប់សហព័ន្ធបន្ទាប់ពី សាលី អ៊ូម៉ើត ចូលកាន់ជាអគ្គលេខាធិការសហព័ន្ធម៉ូតូទឹកកម្ពុជា៕