ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ខាងមុខនេះ នឹង​ធ្វើឡើងរយៈពេល៤ថ្ងៃ នៅកោះពេជ្រ​ ដែលមានរហូត​ដល់២២៩ស្តង់

  • 2023-12-06 07:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្នុងឆ្នាំ២០២៣នេះ នឹងប្រារព្ធក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ដែលនឹងប្រព្រឹត្តទៅចំនួនបួនថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ចាប់ពីម៉ោង ៨:០០​ព្រឹក ដល់ម៉ោង ៨:០០​យប់។

ស្តង់ដែលមានក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ មានរហូតដល់ ២២៩ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើន រហូតដល់ ១៥២ ស្ថាប័ន។ ចំណែកឯ ប្រភេទសៀវភៅមានគ្រប់ប្រភេទដែលបានដាក់តាំងលក់តាមស្ដង់នីមួយៗ មានដូចជា សៀវភៅបែបប្រលោមលោក សៀវភៅទស្សនវិជ្ជានិងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សៀវភៅទាក់ទងនឹងសាសនានិងសិល្បៈ ជាដើម។ អ្វីដែលកាន់តែពិសេសនោះ តាមស្ដង់នីមួយៗ នឹងមានការបញ្ចុះតម្លៃពិសេសរហូតដល់៥០% និងមានការចែកជូនសៀវភៅដោយឥតគិតថ្លៃ ព្រមទាំងកាដូពិសេសៗផងដែរ។

មិនតែប៉ុណ្ណោះ ពិព័រណ៍សៀវភៅកម្ពុជា ក៏បានរៀបចំសកម្មភាព លេងល្បែងកំសាន្តជាមួយនឹងអ្នកចូលរួមដើម្បីឈ្នះរង្វាន់ផ្សេងៗ ការប្រគំតន្ត្រី ដែលចូលរួមសម្ដែងដោយតារា ចម្រៀងល្បីៗ។ បន្ថែមពីលើនោះទៀត អ្នកចូលរួមអាចមកទិញសៀវភៅផង ជួបជាមួយអ្នកនិពន្ធផ្ទាល់ ជាវវត្ថុអនុស្សាវរីយ៍ជាមួយនឹងក្រុមការងារ និងបានថតរូបលេងកម្សាន្តផងដែរ។

ជាមួយគ្នានេះដែរគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនេះប្រហែលជា ១៨ម៉ឺននាក់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ 069 56 76 97 (មាន Telegram)។