ភាពយន្ដខ្មែរ “ម៉ែក្រឡាភ្លើង” បំបែកកំណត់ត្រារកចំណូលបានខ្ពស់ជាងគេ នៅកម្ពុជា

  • 2023-12-08 06:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខថ្មីចេញពីរោងភាពយន្ដ Major Cineplex នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះ រឿង”ម៉ែក្រឡាភ្លើង” បានឈរនៅលំដាប់លេខរៀងទី១ ក្នុងចំណោមខ្សែភាពយន្ដខ្មែរចំនួន៥ ដែលទទួលការគាំទ្រ ឬលក់សំបុត្របានច្រើនបំផុត។

ខ្សែភាពយន្ដ រឿង”ម៉ែក្រឡាភ្លើង” ដែលទើបសម្ពោធដាក់បញ្ចាំងគ្រប់រោងភាពយន្ដកាលពីថ្ងៃទី២៣ ខែវិច្ឆិកា បានឈរនៅលើរឿង “ប្រុសលក់ខ្លួន” “ផ្ទះតៃហោង” “ហាមបិទភ្នែក” និងរឿង “ខ្មោចចូល” ខណៈដែលខ្សែភាពយន្ដរឿង “ម៉ែក្រឡាភ្លើង” កំពុងបន្ដចាក់បញ្ចាំង ហើយទទួលបានទស្សនិកជនច្រើនមិនចេះដាច់។

អគ្គនាយិកា ប៊ុន ចាន់និមល នៃក្រុមហ៊ុនសាស្ដ្រាហ្វៀម បានប្រាប់ Sabay ថា អ្នកស្រីមានការភ្ញាក់ផ្អើល ក្រោយទទួលបានដំណឹងពីគ្រប់រោងភាពយន្ដ ថារឿង”ម៉ែក្រឡាភ្លើង”បានក្លាយជាខ្សែភាពយន្ដខ្មែរដែលរកចំណូលបានខ្ពស់ជាងគេប្រចាំឆ្នាំ២០២៣ ដោយមានតួលេខជាក់លាក់ពីទំហំទឹកប្រាក់ ឬចំនួនអ្នកទស្សនាពីគ្រប់រោងភាពយន្ដ ប៉ុន្ដែអ្នកស្រីសុំមិនបង្ហាញទំហំទឹកប្រាក់នៅពេលនេះទេ។

ទាក់ទងនឹងខ្សែភាពយន្ដ រឿង“ម៉ែក្រឡាភ្លើង” នេះ ម្ចាស់រោងភាពយន្ដ Major Cineplex លោក ជី សិលា ក៏បានបង្ហាញអារម្មណ៍អបអរសាទរជាមួយ Sastrafilm ដែរ។ លោកមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៣ នេះ រោងកុនលោកទទួលបានការចាក់បញ្ចាំងខ្សែភាពយន្ដខ្មែរចំនួន៣៣រឿងរួចហើយ ហើយក្នុងនោះមានរឿងទាំង ៥ខាងលើទទួលបានការគាំទ្រខ្ពស់ជាងគេ។

ទោះជាយ៉ាងណាលោកសង្កេតឃើញថា គុណភាពខ្សែភាពយន្ដខ្មែរយើងមួយចំនួននៅមានកម្រិត ដែលធ្វើឲ្យការចាក់បញ្ចាំងនៅតាមរោងកុនមានច្រើនពេល ឬច្រើនម៉ោងក៏មិនសូវមានអ្នកចូលទស្សនា។ ដោយឡែកសម្រាប់រឿងមានគុណភាព គ្រាន់តែដាក់បញ្ចាំងភ្លាមមានមនុស្សសម្រុកទៅទស្សនា ជាក់ស្ដែងដូចជារឿង “ម៉ែក្រឡាភ្លើង” និងរឿងខ្មែរយើងចំនួន៤ផ្សេងទៀត នៅតែលក់សំបុត្របានច្រើនជាងគេក្នុង១ថ្ងៃៗ។ លោក ជី សិលា៖ “គោលជំហររបស់រោងកុននៅតែគាំទ្រ លើកទឹកចិត្ដ ហើយព្យាយាមលើកទឹកចិត្ដ ធ្វើម៉េចឲ្យភាពយន្ដខ្មែរមានការអភិវឌ្ឍន៍។ ជាមួយគ្នានឹងដែរ យើងធ្វើម៉េចឲ្យឧស្សាហកម្មភាពយន្ដខ្មែរយើងមាននិរន្ដរភាពបានន័យថា យើងផ្ដល់សេរីភាព និងបើកទូលាយក្នុងការផ្ដល់កន្លែងចាក់បញ្ចាំងគ្រប់ទម្រង់របស់ខ្សែភាពយន្ដខ្មែរយើង”។

បើតាមលោក ជី សិលា ខ្សែភាពយន្ដខ្មែរ ចន្លោះពី៨០% ទៅ៩០% នៅតែផលិតរឿងបែបភ័យរន្ធត់ ហើយរឿងមួយចំនួននៅតែមានការគាំទ្រខ្លាំង។ ប៉ុន្ដែលោកចង់ឃើញផលិតកម្ម ឬផលិតករខ្មែរដែលមានលទ្ធភាពច្រើនក្នុងការផលិតរឿងធំៗ គួរចាប់ផ្ដើមគិតដល់ការផលិតខ្សែភាពយន្ដបែបកំប្លែង ស្នេហា មនោសញ្ចេតនា និងរឿងបែបកាប់ចាក់ ដើម្បីបង្កើតទស្សនីយភាពកាន់តែសម្បូរបែបសម្រាប់ទស្សនិកជន។ ទន្ទឹមគ្នានេះ ផលិតករទាំងអស់ ក៏ត្រូវពង្រឹងគុណភាពភាពយន្ដរបស់ខ្លួនមិនថានៅក្នុងទម្រង់នៃសាច់រឿងបែបណាក៏ដោយ ដើម្បីថ្ពក់ចិត្ដមហាជន បានទស្សនាហើយចង់ទស្សនាទៀត ដូចនឹងខ្សែភាពយន្ដរឿង៖ ”ម៉ែក្រឡាភ្លើង” និងរឿង“ប្រុសលក់ខ្លួន” ដែលកំពុងចាក់បញ្ចាំងនៅឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ