Ten Hag មិន​ស្ដាយ​ក្រោយ​ឡើយ​ទាក់​ទិន​នឹង​រឿង​ Sancho

  • 2023-12-08 11:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Erik Ten Hag មិន​ស្ដាយ​ឡើយ​ទាក់​ទង​នឹង​សេចក្ដី​សម្រេច​ចិត្ត​របស់​លោក​លើ​រឿង​ទាក់​ទង​នឹង​កីឡាករ Jadon Sancho។

លោក Ten Hag ថា លោក​មិន​ស្ដាយ​ក្រោយ​ឡើយ ហើយ​ទោះ​មាន​ពេល​ត្រលប់​ថយ​ក្រោយ ក៏​លោក​នៅ​តែ​ប្រកាន់​ខ្ជាប់​ជំហរ​របស់​លោក​លើ​សកម្មភាព​របស់ Sancho។

Sancho មិន​បាន​ចូល​លេង​ឲ្យ Man Utd តាំង​ពី​ដើម​ខែ​កញ្ញា​មក។ ជាង ៣ ខែ​ហើយ ដែល​កីឡាករ​អង់គ្លេស​វ័យ ២៣ ឆ្នាំ​រូប​នេះ មិន​បាន​ជួយ​ក្រុម​។

ដើម​ទង​ទាក់ទង​នឹង​រឿង​មិន​បាន​ចូល​លេង​នេះ គឺ​ដោយ​សារ​មាន​ការ​ទាស់ទែង​ពាក្យ​សម្ដី​រវាង​លោក Ten Hag និង Sancho ហើយ​មក​ទល់​ពេល​នេះ ការ​សម្រប​សម្រួល​គ្នា​មិន​ទាន់​អាច​សម្រេច​បាន។

ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើក​ឡើង​ថា Ten Hag និង Sancho មិន​អាច​សម្រួល​គ្នា​បាន​ឡើយ។ ដូច្នេះ​ក្នុង​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែ​ក្រោយ Sancho អាច​នឹង​ចេញ​ពី​ក្លឹប​បិសាច​ក្រហម។

Sancho បាន​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១ កន្លង​ទៅ​ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​ជាង ៧០ លាន​ផោន។ គិត​មក​ទល់​ពេល​នេះ ខ្សែ​ស្លាប​រូប​នេះ​លេង​បាន ៨២ ប្រកួត និង​ស៊ុត​ចូល ១២ គ្រាប់៕

ប្រភព៖ Twitter   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម