ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍៖​ កម្ពុជា​មាន​ការ​រីកចម្រើន​បច្ចេកទេស​ខ្ពស់​ ខណៈ​ប្រធាន​អាជ្ញាកណ្ដាល​អូឡាំពិក​សរសើរ​ពី​ការ​រៀបចំ​

  • 2023-12-11 07:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ថា​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​មើលឃើញ​ក្រុម​កម្ពុជា​មាន​ការ​រីកចម្រើន​បច្ចេកទេស​គួរឲ្យ​កត់សម្គាល់​ ខណៈ​ដែល​ប្រធាន​ចៅក្រម​អាជ្ញាកណ្ដាល​មក​ពី​អូឡាំពិក​សរសើរ​ថា​រៀបចំ​បាន​ល្អ។​

លោក​ ខេស៊ី​ បាណេត​ (ឆ្វេង)

លោក​ ខេស៊ី​ បាណេត​ បាន​ឲ្យ​ដឹង​ថា​ ជើងឯក​អាស៊ីអាគ្នេយ៍​លើក​នេះ​កម្ពុជា​ឈ្នះ​មេដាយ​បាន​ច្រើន​ និង​បាន​បំបែក​កំណត់ត្រា​មេដាយ​ព្រឹត្តិការណ៍​នេះ​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ។​ តាម​អ្វី​ដែល​លោក​មើល​ឃើញ​គឺ​កីឡាករ​ កីឡា​ការិនី​ មាន​ការ​រីកចម្រើន​ខ្ពស់​ខាង​ផ្នែក​បច្ចេកទេស​ ពិសេស​ការ​បង្ហាញ​សមត្ថភាព​របស់​ក្លឹប​តាម​បណ្ដា​ខេត្ត​ដូច​ជា​កំពង់ឆ្នាំង​ ពោធិ៍សាត់​ និង​មក​ពី​ខាង​វិហារសួគ៌​ជា​ដើម។​

ទិដ្ឋភាពការប្រកួត

ម្ចាស់​សាលា​ CamEd​ និង​ជា​បុគ្គល​ស្រឡាញ់​ផ្នែក​កីឡា​បំផុត​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​មក​ពី​ខេត្ត​មាន​បច្ចេកទេស​ល្អ​ហើយ​ និង​បង្ហាញ​ពី​ភាព​មោះមុត​ ប៉ុន្តែ​សមត្ថភាព​ប្រកួត​ប្រជែង​នៅ​មិន​ទាន់​ឈាន​ដល់​ការ​ដណ្ដើម​មេដាយ​ជា​មួយ​បណ្ដា​ប្រទេស​នានា​នោះ​ឡើយ។​

ទិដ្ឋភាពការប្រកួត

លោក​ ខេស៊ី​ លើក​ឡើង​ទៀត​ថា​ ប្រធាន​អាជ្ញាកណ្ដាល​ ចៅក្រម​ ដែល​មក​ពី​អូឡាំពិក​គឺ​បាន​សរសើរ​កម្ពុជា​ថា​រៀបចំ​បាន​ល្អ​ និង​សុក្រិត​តាម​ស្តង់ដារ​អន្តរជាតិ។​ បន្ថែម​ពី​នេះ​សហព័ន្ធ​ចំបាប់​បណ្ដា​ប្រទេស​ចូលរួម​នេះ​គឺ​ចង់​ឲ្យ​កម្ពុជា​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ឆ្នាំ​ក្រោយ​ទៀត​ ព្រោះ​កម្ពុជា​រៀបចំ​បាន​ល្អ​ និង​ទទួល​បដិសណ្ឋាកិច្ច​ភ្ញៀវ​បាន​ល្អ​តែ​ម្ដង។​

លោក ខេស៊ី ពេលបំពាក់មេដាយ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី៩​ ខែ​ធ្នូ​ នៅ​ក្នុង​សាល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ប្រទេស​វៀតណាម​ ជាប់​លេខ១​ ឈ្នះ​មេដាយ​សរុប​ ៨៤​គ្រឿង​ លេខ២​ បាន​មក​កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ ៤៨​គ្រឿង​(មាស៤ ប្រាក់២៧ សំរឺទ្ធ១៧)​ លេខ​ថៃ​ ឈ្នះ​មេដាយ​សរុប​ ១៨​គ្រឿង៕​

អត្ថបទ៖ នួន ស៊ីណា​