បើ​មិន​បែក​រឿង​នេះ មិន​ដឹងថា តម្លៃ​ខ្លួន អ៊ីណូ គិត​ជា​ឆ្នាំ ច្រើន​ដល់​ម្ល៉ឹង​នោះ​ទេ

  • 2023-12-11 07:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រយៈ​កាល​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់​ឃើញ​ថា តារាចម្រៀង​សំឡេង​ខ្លា​គ្រហឹម អ៊ីណូ ហាក់​មាន​ភាព​កាក់​ប​ខ្លាំងក្នុង​មុខ​ជំនួញ​ តែ​បែរ​ជា​មិន​សូវ​សម​ប្រកប​ក្នុង​អាជីព​សិល្បៈ ដោយ​ថ្មី​ៗ​នេះ​មាន​រឿង​រ៉ាវ​ជាមួយ​ក្រុមហ៊ុន​អនឡាញ​មួយ​រឿង​ថ្លៃ​ឈ្នួល​ពលកម្ម ​ដែលតារា​ចម្រៀង​លើកឡើង​ថា លោក​ត្រូវ​គេ​បោក​ប្រាស់។

អ៊ីណូ បាន​បើក​កកាយ​រឿង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ដែល​ក្រោយ​ពី​បែក​រឿង​ទើប​គេ​ដឹង​ថា ម្ចាស់​បទ "ម៉ោង​បាយ​នឹក​អូន" រូប​នេះ​មានតម្លៃ​ពលកម្ម​ខ្ពស់​សម្បើម​ណាស់ គឺ​ដល់​ទៅ​ជិត​ ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​ក្នុង​១​ឆ្នាំ។

តាម​សាច់​រឿង លោក សាន សុភារិទ្ធ ហៅ អ៊ីណូ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ធ្វើ​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ភ្នាល់​លើ​អនឡាញ​មួយ​ឈ្មោះថា ហ្វាហ្វា គ្រុប កាល​ដើម​ឆ្នាំ ២០២២ ដោយ​លោក​ព្រមព្រៀង​ធ្វើ​ជា​ទូតសុច្ឆន្ទៈ ឬប៊ីអេ ឲ្យ​ក្រុមហ៊ុន​នេះ​រយៈ​ពេល​១​ឆ្នាំ ក្នុង​តម្លៃ​ព្រមព្រៀង​គ្នា គឺ ៨ម៉ឺន​ដុល្លារ​អាមេរិក។

តាម​កិច្ច​សន្យា​ការងារ​នេះ ​ភាគី​ខាង​ក្រុមហ៊ុន បាន​ព្រមព្រៀង​ប្រគល់​ប្រាក់ ៤ម៉ឺនដុល្លារ​ជាមុន​ទៅ​ភាគី​លោក អ៊ីណូ។ ចំនួន​ដែល​នៅ​សល់ គឺ​ក្រុមហ៊ុន​នឹង​បើក​ជូន​តាម​ខែ​រហូត​ដល់​បញ្ចប់​កិច្ច​សន្យា​ជាមួយ​គ្នា។

លុះ​មក​ដល់​ខែ​សីហា ក្រុមហ៊ុន ហ្វាហ្វា បាន​ប្រគល់​ប្រាក់​ចំនួន ៦ពាន់៦រយហុកសិប៦ចុចហុកសិបប្រាំមួយ​ដុល្លារ បន្ថែម​ទៀត​ពី​លើ​ប្រាក់ ៤ម៉ឺនដុល្លារ​ដែល​បាន​ប្រគល់​ជូន​តារាចម្រៀង​តាំង​ពី​គ្រា​ដំបូង។

ដោយ​ឡែក​ប្រាក់​ដែល​នៅ​សល់​ជាង ៣ម៉ឺន​ដុល្លារ​ទៀត​នោះ តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់ មេធាវី គឺ​ក្រុមហ៊ុន​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​រហូត​មក​ដល់​បច្ចុប្បន្ន។

លោក​ អ៊ីណូ បាន​សរសេរ​ថា ក្រុមហ៊ុន FAFA GROUP សូមបញ្ឈប់ការបោ..កប្រាស់ ខ្ញុំបន្តទៀត តម្លៃខ្លួន ប្រាំបីម៉ឺនដុល្លារ ក្នុង1ឆ្នាំ បើកអោយបានតែ ៤ម៉ឺន៦ពាន់៦រយហុកសិប៦ចុចហុកសិបប្រាំមួយ​ទេ ចាប់ពីខែកញ្ញា រហូតដល់ឥឡូវ មេមេរត់ចេញពីគ្រុបសាហាវណាស់ ហើយលែងបើកប្រាក់ខែអោយខ្ញុំដែលជា ប៊ីអេ​ទៀត សរុបសល់4ខែ...បើចូលដល់ខែ 1 ថ្ងៃទី 5 សរុប5ខែហើយ!

"បោកខ្ញុំយ៉ាងនេះសុំផ្តាច់កុងត្រា ដូច្នេះសូមបញ្ឈប់ការផុសរូបខ្ញុំ នៅលើផេក ហ្វាហ្វា បន្តទៀត បើមិនគោរពតាមគោលការណ៍កុងត្រា បែបនេះខ្ញុំដាក់ពាក្យបណ្តឹង សូមអរគុណ បញ្ជាក់ខ្ញុំត្រឹមជាប៊ីអេ"។

តាម​រយៈ​លិខិត​របស់​មេធាវី ខុម ឌីណា ​ជាសមាជិកគណៈមេធាវីនៃព្រះរាជាណា​ចក្រ​កម្ពុជា និង​ជាមេធាវីនៃក្រុមហ៊ុន​មេធាវី ហនុមាន និង​សហការី បាន​បញ្ជាក់​ពី​ការ​រំលាយ​កិច្ច​សន្យា​ការងារ​រវាង​ភាគី​ទាំង​ពីរ និង​បង្គាប់​ឲ្យ​ក្រុមហ៊ុន ហ្វាហ្វា គ្រុប បញ្ឈប់​សកម្មភាព​បង្ហោះ​របស់​ អ៊ីណូ ដែល​ជា​កូន​ក្ដី​របស់​លោក​ ដោយ​គ្មាន​ការ​អនុញ្ញាតិ​បន្ត​ទៀត។

ករណី​ភាគី​ក្រុមហ៊ុន​នៅ​តែមិន​បញ្ឈប់ កូន​ក្ដី​របស់​លោកនឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែង​រក​បុគ្គល​ពាក់ព័ន្ធ​នឹង​ការបង្ហោះ​ទាំង​នោះ រួច​ធ្វើ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​មក​កាន់​ស្ថាប័នមានសមត្តកិច្ច​។

ជុំវិញ​ករណី​នេះ​គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា ពី​ភាគី​ក្រុមហ៊ុន​ភ្នាល់​លើ​អនឡាញ​ដ៏​មួយ​នេះ​នៅ​ឡើយ​ទេ៕​​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

សង្ហា