តម្រាយ​ផ្លូវ​ទេសចរណ៍ផ្សងព្រេងភ្នំព្រះ! ត្រូវដើរ៨គ.ម កាត់​ព្រៃស្រោង អូរ ចំណោតខ្ពស់ និងតោងវល្លិទៀតផង

  • 2023-12-13 01:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ​នាយកដ្ឋានអភិវឌ្ឍន៍​ផលិតផលទេសចរណ៍​នៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ និងយុវជនអេកូទេសចរណ៍ កាលពីថ្ងៃទី៨ ដល់ ១០ ខែធ្នូ ឆ្នាំ​២០២៣ បានចុះសិក្សាស្ថានភាព និងតម្រាយផ្លូវ ទេសចរណ៍ផ្សងព្រេងភ្នំព្រះ ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃដែនជម្រកសត្វព្រៃភ្នំសំកុស។

ការចុះសិក្សានេះ ក៏​មានការចូលរួម​ពីភ្ញៀវទេសចរជាមន្ត្រីរាជការអង្គភាពជុំវិញខេត្ត ឧទ្យាននុរក្ស មន្ត្រីរាជការសាលា​ស្រុកវាលវែង ប្រជាសហគមន៍ ជាពិសេសមានការចូលរួមពីក្រុមការងារផលិតវីដេអូទេសចរណ៍ និងតារាចម្រៀង​ លោក​ សារុន កល្យាណ (Jimmy Kiss) ដើម្បីផលិតរូបភាព​ និងនិពន្ធចម្រៀងទេសចរណ៍ពីដំណើរផ្សងព្រេងលើភ្នំព្រះ​ ព្រមទាំងមានការគាំទ្រពីម្ចាស់កាហ្វេភ្នំផងដែរ។

សម្រាប់ភ្នំនេះផងដែរ​ មានរយ:កម្ពស់​ ១ ៥១៥ម៉ែត្រ​ធៀបនឹងនីវ៉ូទឹកសមុទ្រ​ មានចម្ងាយផ្លូវធ្វេីដំណេីរ(ថ្មេីជេីង)​ប្រមាណជាង៨គីឡូម៉ែត្រ​ ត្រូវដេីរកាត់ព្រៃស្រោង​ ស្តេីងក្រាស់​ ឆ្លងកាត់អូរ​ ចំណោត​ មធ្យម​ ខ្ពស់​ ត្រូវតោងវល្លិ​ និងមែកឈេីអមដោយផ្ទាំងថ្ម ដេីមឈេីធំៗជាម្លប់​ និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ​ ធ្វេីឱ្យមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរចូលផ្សងព្រេង។

ចំណែកទីតាំងបោះជំរំ​ ធំទូលាយអាចអង្គុយគយគន់ទេសភាពថ្ងៃរះប៉ប្រះភ្នំពីទិសខាងកេីត​ និងថ្ងៃរៀបលិចពីទិសខាងលិចចាំងលេីផ្ទៃទឹកសមុទ្រខេត្តត្រាត​ ព្រះរាជាណាចក្រថៃ​ និងអាចគយគន់ទេសភាពជួរភ្នំតម្រៀបគ្នា​ ជ្រលងជ្រោះបង្កេីតបានជាទស្សីយភាពយ៉ាងស្អាតគួរជាទីមនោរម្យ​ គយគន់មិនចេញជិនណាយ​ និងខ្យល់បោកបក់ពពករសាត់ធ្វេីឱ្យអារម្មណ៍ស្រស់ស្រាយរីករាយជាមួយធម្មជាតិ​ជុំវិញខ្លួន។

គួរដឹងថា ភ្នំព្រះ ឬយើងអាចហៅបានថា ខ្នងព្រះ ភ្នំនេះត្រូវបានប្រជាពលរដ្ឋនៅក្នុងតំបន់ហៅតៗគ្នា ដោយសម្គាល់ទៅលើសណ្ឋានជួរភ្នំដែលមានរាងដូចព្រះផ្ទុំ បើយើងមើលពីឃុំថ្មដាទៅ។ យើងធ្វើដំណើរចេញពីទីរួមខេត្តតាមបណ្តោយផ្លូវជាតិលេខ៥៥ ប្រមាណ ១៥៣គ.ម មកទីតាំង​ចាប់ផ្តើម​ឡើងភ្នំ​ស្ថិតនៅ​ចន្លោះ​បង្គោល​គីឡូ១៥២ និង១៥២ ដែលគេហៅថា​ស្ទឹងកាច់ រួចបន្តដំណើរដោយថ្មើរជើង។ អាកាសធាតុនៅលើភ្នំមានការប្រែប្រួលតាមរដូវកាល ពេលខ្លះមេឃស្រឡះ ចុះអ័ព្ទ ពពកក្រាស មេឃភ្លៀង ។ ភ្នំព្រះមានភាពទាក់ទាញជាច្រើនដែលភ្ញៀវទេសចរអាច ថតទេសភាព ព្រៃព្រឹក្សា ផ្កាព្រៃ(កេសរកូល) សត្វស្លាប សត្វព្រៃ ទឹកជ្រោះ និងរុក្ខជាតិប្លែកៗជាច្រើនប្រភេទ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់