ចំណុច​ស្ពាន​នៅលើផ្លូវជាតិលេខ៤ ដែលតែងមានទឹកជំនន់លិច ពេលនេះ​ត្រូវ​បាន​សង់​ស្ពានថ្មី​លើកកម្ពស់​ ៤ម៉ែត្រឯណោះ

  • 2023-12-25 09:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានស្ទឹងសំរោង​ លេីផ្លូវជាតិលេខ៤​ ព្រំប្រទល់​ ព្រះសីហនុ-កំពង់ស្ពឺ​ ដែលរៀងរាល់ឆ្នាំ​ តែងតែមានជំនន់ទឹកភ្លៀងលិចផ្លូវ​ ឆ្នាំនេះ​ បានកសាងស្ពានថ្មី​ ដោយពង្រីកបណ្ដោយស្ពានដល់​ ១៦០​ ម៉ែត្រ​ លេីកកំពស់ស្ពាន​ ៤​ ម៉ែត្រ។ នេះបើតាមការ​បញ្ជាក់​ឱ្យដឹង​ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០២៣។

បើតាមឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ថា គម្រោង​លើកកម្រិត​គុណភាព​ផ្លូវជាតិលេខ៤ មានប្រវែង១៩៦គីឡូម៉ែត្រ។ តាមផែនការ​ដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ​នៃគម្រោងនេះ នឹង​បញ្ចប់​នៅដំណាច់​ឆ្នាំ​២០២៣ ចំណែកផ្លូវសល់​ ២៦គីឡូម៉ែត្រ​ទៀត គ្រោងបញ្ចប់​នៅឆ្នាំ​២០២៤។

ក្នុងគម្រោងនេះ មាន​ស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២កន្លែងនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។

បើតាម​ឯកឧត្តម ឱ្យដឹងទៀតថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ៧ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។

ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិមួយតភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងកំពង់ផែភាគនិរតី ដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា។ ខ្សែផ្លូវនេះ នឹងត្រូវលើកកម្រិតគុណភាពជាពិសេសក្រោម​កម្ចី​សម្បទាន ១១០លានដុល្លាររបស់​ធនាគារពិភពលោក សម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និងកុងតឺន័រ ដើម្បីឱ្យស្របទៅតាមកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសជាតិ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី