មន្ទីរសុខាភិបាលរាជធានី ចាត់ទុកការជិះម៉ូតូនាំមុខរថយន្តសង្គ្រោះបន្ទាន់ ជាសកម្មភាពខុសច្បាប់ និងអនាធិបតេយ្យ ហើយធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ

  • 2024-01-05 09:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងតាមរយៈសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះថា មនុស្សមួយចំនួនតូចបានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាននូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។

មន្ទីរសុខាភិបាលបានបញ្ជាក់ថា មួយចំនួនតូចនោះ បានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួនដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋមផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល។ សកម្មភាពទាំងនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានស្នើដល់សមត្ថកិច្ច ឃាត់ខ្លួនបុគ្គលដែលសកម្មភាពខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ សំភី