យានរបស់​ឥណ្ឌា ចូលដល់​គន្លង​ព្រះអាទិត្យហើយ និងត្រៀមបញ្ជូនទិន្នន័យ​ដ៏អាថ៌កំបាំង​មកផែនដី​វិញ ប៉ុន្មាន​ថ្ងៃខាងមុខនេះ

  • 2024-01-09 02:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យាន​អវកាស​អង្កេត​ព្រះអាទិត្យ​ដំបូង​គេ​របស់​ឥណ្ឌា បាន​ចូលដល់​គន្លង​ព្រះអាទិត្យ​ដែល​ជាគោល​ដៅ​នៃបេសកកម្មនេះ ពោល​គឺ​ចូល​ដល់ចំណុចមួយហៅថា Lagrange Point-1ដែលស្ថិតនៅចន្លោះរវាង​ផែនដី និងព្រះអាទិត្យ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៤​កន្លងទៅ។ យាន​ Aditya-L1 នឹង​បំពេញ​បេសកកម្ម​របស់វា​នៅ​ក្នុង​គន្លងនេះ ដើម្បី​អង្កេត​គ្រប់​ទិដ្ឋភាព​ព្រះអាទិត្យ​ រយៈពេល ៥ឆ្នាំ។

អ្នក​វិទ្យាសាស្រ្ត​អង្គការ​អវកាស​ឥណ្ឌា (ISRO) បានបញ្ជាក់ឱ្យដឹងថា ក្រោយ​ពេល​ធ្វើដំណើរ​ទៅដល់គន្លងព្រះអាទិត្យ​នោះ យាន Aditya-L1 បានបើកឧបករណ៍​សំខាន់ៗ​ទាំង៧​ របស់វាហើយ​ និងត្រៀម​បញ្ជូន​ទិន្នន័យ​ដំបូងមកផែនដី​វិញ នៅ​អំឡុងពាក់កណ្តាល​ខែមករានេះ។

ដូច្នេះ សូមរង់ចាំ​មើល​ថាតើ​ ទិន្នន័យដំបូង​ដែល​ទទួលបាននោះ នឹង​គាស់​កកាយអាថ៌កំបាំង​ព្រះអាទិត្យ​យ៉ាងណាខ្លះ!

សូមជម្រាប​ថា កាលពីថ្ងៃទី២ ខែកញ្ញា អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា បាន​បាញ់​បង្ហោះយានមួយឈ្មោះថា Aditya-L1 ដោយជោគជ័យ។ យាន​អវកាស​នេះ ត្រូវបានកំណត់​ឱ្យធ្វើដំណើរ​ប្រហែល ១,៥លានគីឡូម៉ែត្រ រយៈពេល ៤ខែ។ យានអវកាស​នេះ ត្រូវបាន​បំពាក់​ជាមួយ​ឧបករណ៍​វិទ្យាសាស្រ្តចំនួន៧ ក្នុងនោះ ៤ហើយ​ ដែល​មានទិសដៅ​សម្រាប់សិក្សា​ព្រះអាទិត្យ​ដោយផ្ទាល់ ក្រៅពីនោះ នឹងសិក្សា​ខ្យល់​ និង​ដែន​ម៉ាញេទិចព្រះអាទិត្យ។

ព័ត៌មាន​ដែល​ទទួលបានពីការពិសោធន៍​របស់យានអវកាស Aditya-L1 នឹង​ផ្តល់នូវ​រូបភាព​កាន់តែច្បាស់​នូវ​អាកាសធាតុ​អវកាស ឬទិន្នន័យ​ដែលត្រូវបាន​ប្រើប្រាស់​សម្រាប់​ពណ៌នា​រលកម៉ាញេទិចដែល​ឆ្លងកាត់​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី