«អ៊ំចន ម៉ែដោះ» កុនខ្នាតធំ ស្នាដៃរួមដឹកនាំដំបូងរបស់ ឆាយ បូរ៉ា និងកូនប្រុសបង្កើត
- 2024-01-17 02:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«អ៊ំចន ម៉ែដោះ» កុនខ្នាតធំ ស្នាដៃរួមដឹកនាំដំបូងរបស់ ឆាយ បូរ៉ា និងកូនប្រុសបង្កើត
ចន្លោះមិនឃើញ
រឿង «អ៊ំចន ម៉ែដោះ» ជាភាពយន្តខ្នាតធំខ្មែរដែលផលិតឡើងរួមគ្នាចេញពី ផលិតករភាពយន្តជើងចាស់ ឆាយ បូរ៉ា និងកូនប្រុស ឆាយ បូរ៉ាពី នៅក្រោមផលិតកម្ម ដើមត្នោត។
ភាពយន្តនេះផងដែរ ចេញផ្សាយជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ នៅគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជា។ វណ្ណកម្មបែបកំប្លែងនេះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ក្រោយចេញផ្សាយ Poster និង Trailer ព្រមជាមួយនឹងការរំពឹងទុកថា «អ៊ំចន ម៉ែដោះ» នឹងក្លាយជាភាពយន្តដើមឆ្នាំដែលពេញទៅដោយគ្រប់រសជាតិ។
ក្រៅពីបង្ហាញចេញនូវសាច់រឿងបែបកំប្លែង រឿងនេះក៏បានបង្កប់នូវសារអប់រំជាច្រើន ដែលអ្នកស្មានមិនដល់។ និយាយពីងតួឯក «អ៊ំចន» សម្ដែងដោយ នាយ កុយ គឺជាតួអង្គកំប្លែង ដែលប្ដូរខ្លួនពីបុរស មកជាស្ត្រីធ្វើកិច្ចការងារផ្ទះ ឲ្យសមនឹងរូបរាងដែលខ្លួនបានផ្លាស់ប្ដូរ។ បន្ថែមជាមួយគ្នានោះ អ៊ំចន ក៏នឹងក្លាយជាម៉ែដោះដែលមាននាទី មើលថែកូនៗតូចៗ របស់ម្ចាស់ផ្ទះ។
ពីដើមឡើយ អ៊ំចន គឺជាបុរសឯកាដែលរស់នៅតែឯង និងមិនសូវមានក្ដីស្រឡាញ់ឡើយ ប៉ុន្តែគិតចាប់ពីវេលាដែលលោកបានផ្លាស់ប្ដូរមកជាម៉ែដោះ លោកបានក្លាយជាមនុស្សម្នាក់ថ្មី ព្រោះលោកមានឱកាសទទួលបានភាពកក់ក្ដៅពីក្មេងៗ និងមនុស្សជុំវិញខ្លួន និងលែងឯកាដូចមុន។ អ៊ំចន បានបង្ហាញនូវក្ដីស្រឡាញ់ដែលមានក្នុងខ្លួន ការមើលថែយ៉ាងអស់ពីចិត្តចំពោះក្មេងៗ ទោះមិនជាប់សាច់ញាតិនឹងគ្នាក៏ដោយ ក៏មនោសញ្ចេតនាកើនឡើងឥតព្រំដែនដែរ។
អ្វីៗគ្រប់យ៉ាងគ្មានអ្វីស្ថិតស្ថេរទេ ព្រោះឈានដល់វគ្គមួយលោកត្រូវវិលទៅរស់នៅក្នុងជីវិតដូចមុន ពោលគឺនៅម្នាក់ឯង។ តើមានដើមហេតុអ្វី ទើបអ៊ំចន ត្រូវជួបរឿងបែបនេះជាថ្មី? តើលោកនឹងត្រូវប្រើជីវិតនៅម្នាក់ឯងរហូតឬ?
ចម្លើយមាននៅក្នុងរឿង «អ៊ំចនម៉ែដោះ» ដែលមានចាក់ផ្សាយនៅគ្រប់រោងភាពយន្តទាំងអស់ក្នុងប្រទេសកម្ពុជា។ ចូលរួមលើកស្ទួយវិស័យកុនកម្ពុជាទាំងអស់គ្នា ដើម្បីលើកទឹកចិត្តអ្នកនិពន្ធ ក៏ដូចជាផលិតករខ្មែរ ពិសេសដើម្បីកម្ពុជាទាំងមូល៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB