ស្នាដៃរឿងបែបកំប្លែងទី២ ក្រោយកូវីដ របស់ផលិតករ ឆាយ បូរ៉ា បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ!

  • 2024-01-16 04:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការរំពឹងទុករបស់ផលិតករជើងចាស់ ឆាយ បូរ៉ា កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខ្សែភាពយន្ដខ្នាតធំរឿង “អ៊ំចន ម៉ែដោះ” បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ នៅរោងកុន Major Cineplex ផ្សារទំនើបអ៊ីអន១ ក្រោមវត្ដមានតំណាងពីក្រសួងវប្បធម៌ ផលិតករ និងសិល្បករ-សិល្បការិនីជាច្រើនរូប។

ក្នុងទឹកមុខស្រស់ស្រាយ អមដោយនាយកុយដែលជាតួអង្គឯកក្នុងរឿង “អ៊ំចន ម៉ែដោះ” លោក ឆាយ បូរ៉ា បានថ្លែងក្នុងនាមជាម្ចាស់ផលិតកម្មដើមត្នោតថា មិនត្រឹមតែទស្សនិកជនទេ សូម្បីតែអ្នកដឹកនាំរឿងក៏ទទួលបានសំណើចពីខ្សែភាពយន្ដនេះដែរ ព្រោះគ្រប់ឈុតឆាកមានសើចក៏សើចខ្លាំង ហើយកម្សត់នោះក៏សម្សត់ខ្លាំង។ លោកថា តួអង្គអ៊ំចន សម្ដែងចូលតួបានយ៉ាងល្អ ដែលលោកមិនធ្លាប់ជួបតួណាផ្សេងធ្វើបានល្អយ៉ាងនេះទេ ហើយscript ដែលលោកសរសេរនោះក៏កាន់តែត្រូវតួអង្គអ៊ំចន ដែលសម្ដែងដោយនាយកុយនោះទៀត។

បើតាមផលិតកររូបនេះ អ៊ំចន បានរស់នៅតែខ្លួនមួយអស់រយៈពេល ៦៦ឆ្នាំ ពោលគឺចាប់តាំងពីក្រោយពីរបបប៉ុលពតមកលោកពុំមានគ្រួសារអ្វីទាំងអស់ ប៉ុន្ដែជីវិតចុងក្រោយរបស់លោកប្រាថ្នាចង់មានគ្រួសាររួមរស់ជុំគ្នា បើទោះបីជាមិនមែនជាសាច់សារលោហិតក៏ដោយ។ លោកស្រឡាញ់ក្មេងៗ រហូតដល់ផ្ទះរបស់គាត់ដាក់តាំងសុទ្ធតែតុក្កតា និយាយជាមតុក្កតា។ រហូតដល់ថ្ងៃជួប នៃក្ដីសង្ឃឹមមួយ ដោយមានអ្នកមេម៉ាយកូនប្រាំម្នាក់បានសម្រេចចិត្ដប្រកាសរើសម៉ែដោះ ដើម្បីសម្រួលការងារ និងមើលថែកូនៗ។

សូមរំលឹកថា ខ្សែភាពយន្ដ “អ៊ំចន ម៉ែដោះ” គឺជាស្នាដៃទី២ បន្ទាប់ពីខ្សែភាពយន្ដបែបកំប្លែងស្រដៀងគ្នា គឺរឿង “លោកគ្រូប្រពន្ធល្អ” របស់លោក ឆាយ បូរ៉ា ត្រូវបានសម្ពោធដាក់បញ្ចាំងនៅក្រោយស្ថានភាពជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ ហើយគ្រប់រោងភាពយន្ដមានមនុស្សចូលមើល១០០%ឡើងវិញ។

ក្នុងពិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការនូវរឿង “អ៊ំចន ម៉ែដោះ” យប់មិញ គេឃើញវត្ដមាន តំណាងពីក្រសួងវប្បធម៌ឯកឧត្ដម ហាប់ ទូច ឯកឧត្ដម ស៊ិន ចាន់សាយ៉ា លោក ប៉ុក បូរក្ស ផលិតករ ឆាយ បូរ៉ា តារសម្ដែងជើងចាស់ ឌី សាវ៉េត អ្នកនាង ឌី សុនីតា លោក ជួង ជី ហៅនាយកុយ លោក ទេព រិនដារ៉ូ និងលោក សាយ ជាដើម។ ខ្សែភាពយន្ដនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តទៅ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី