សហព័ន្ធកីឡាប៊ូល៖ ឆ្នាំ២០២៤ លើកទិសដៅធំៗចំនួន ៤ សម្រាប់អនុវត្តន៍ និងអភិវឌ្ឍន៍ឆ្ពោះទៅមុខ
- 2024-01-22 07:26:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាប៊ូល៖ ឆ្នាំ២០២៤ លើកទិសដៅធំៗចំនួន ៤ សម្រាប់អនុវត្តន៍ និងអភិវឌ្ឍន៍ឆ្ពោះទៅមុខ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅធំៗចំនួន ៤ រួមមានពង្រីកការបណ្ដុះបណ្ដាល ពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការចូលរួមប្រកួត និង ពង្រីកវិសាលភាពកីឡាមួយនេះ ក្នុងឆ្នាំ២០២៤។
ឯកឧត្ដម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថាក្នុងឆ្នាំ២០២៤ សហព័ន្ធនឹងផ្ដោតលើទិសដៅការងារជាអាទិភាពចំនួន ៤គឺ **ទី១ ពង្រឹងបន្ថែមការងារបណ្ដុះបណ្ដាលពិសេសផ្តោតលើបច្ចេកទេសកម្រិតខ្ពស់ ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងសម្ព័ន្ធ-ក្លឹបនៅបណ្ដារាជធានី-ខេត្ត ទី៣ បន្តចូលរួមការប្រកួតអន្តរជាតិ និងជំរុញការប្រកួតក្នុងប្រទេសពិសេសកម្រិតខេត្ត សម្ព័ន្ធ និងក្លិប ទី៤ ពង្រីកវិសាលភាពវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា។**
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាប្រធានកិត្តិយសសហព័ន្ធ បានមានប្រសាសន៍គាំទ្រ និងឯកភាពនូវការដាក់ទិសដៅអាទិភាពរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។ ឯកឧត្ដមបានមានប្រសាសន៍ផ្ដាំផ្ញើដល់គ្រួសារកីឡាប៊ូល និងប៉េតង់កម្ពុជា សូមបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបង្កើនការហ្វឹកហាត់ការបណ្ដុះបណ្ដាល និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងសម្ព័ន្ធ-ក្លឹប ក៏ដូចជាពង្រឹងចំណងទំនាក់ទំនងក្នុងតំបន់ និងអន្តរជាតិមានជាអាទិ៍ការចុះអនុស្សរណៈយោគយល់គ្នា លើកការពង្រឹងវិស័យកីឡាប៊ូល និង ប៉េតង់ជាដើម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កីឡាប៊ូល និប៉េតង់ ជាកីឡាមួយដែលមាន ប្រជាប្រិយភាពនិងងាយស្រួលក្នុងទាក់ទាញយុវជន មហាជនឱ្យលេងកីឡានេះ។
បញ្ជាក់ដែរថា មហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ក្នុងពិធីខាងលើនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម សុខ សូកាន ប្រធានសហព័ន្ធ ឯកឧត្ដម ស សុខា ប្រធានកិត្តិយសសហព័ន្ធ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបប្រមាណជាង ៨០នាក់៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB